សាសនា និងការបរិភោគ គឺជាការអំណត់ អាចឲ្យមនុស្សឈានដល់ឋាននិព្វាន

0
121

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

សាសនាធំៗ មានដូចជា ព្រះពុទ្ធ ហេប្រឺ អ៊ីស្លាម យេស៊ូគ្រិស្ត និងព្រាហ្មណ៍ មានគោលដៅជួយស្រោចស្រង់ សត្វលោក ឲ្យចាកផុតពីទុក្ខព្រួយ។ ទុក្ខព្រួយដ៏ធំ គឺពុំមែនកើតមកពីការអត់ឃ្លានទេឬ? ដើម្បីចៀសវាងការ អត់ឃ្លាន ទ្រឹស្តីសាសនាបានពន្យល់ឲ្យចេះអត់ឃ្លាន ចេះតមអាហារ ចេះធ្វើទុក្ខកិរិយា ចេះទ្រាំសាកល្បងធ្វើ​មហា​ដំណើរកាត់វាល កាត់ព្រៃក្រមថ្ម ដើម្បីលើកដំកើងដល់ចិត្តអំណត់ និងជំនឿលើកម្លាំងអាទិទេព ឬមួយ​ទ្រឹស្តីសាសនា បានយល់ថា ការអត់ឃ្លានពុំអាចចៀសផុត ហើយតម្រូវដល់សាវ័ក ឲ្យខំប្រឹងកាន់វិន័យតម​អាហារ​​ទៅវិញ?

ពួកឥណ្ឌា ដែលគោរពសាសនាព្រាហ្មណ៍ បានតមសាច់គោ តែបរិភោគសាច់ចៀម និងពពែ។ ពួកអ៊ីស្លាម បានតមសាច់ជ្រូក និងគ្រឿងភេសជ្ជៈ តែបរិភោគសាច់គោ។ ពួកជិហ្វ កាន់សាសនាហេប្រឺ ពុំព្រមបរិភោគ សាច់អូដ្ឋ សាច់ជ្រូក ទន្យាយព្រៃ ដែលចាត់ទុកជាសត្វពុំបរិសុទ្ធ។ ពួកកាន់សាសនា ព្រះពុទ្ធ ហាមឃាត់ពុំឲ្យ សម្លាប់សត្វ តែពុំបានហាមឃាត់កុំឲ្យបរិភោគ សាច់សត្វដែលស្លាប់ឡើយ។

មានសាសនាខ្លះ ពុំបានអនុញ្ញាតឲ្យមនុស្សដែលរស់នៅក្នុងវណ្ណៈផ្សេងៗ ពីគ្នា ឬស្ត្រី មានសរីភាពក្នុងការបរិ ភោគអាហារពេញលេញដូចគ្នាឡើយ។

ក្រៅពីការហាមឃាត់ទាំងនេះ គេឃើញមានការតមអាហារធំៗ ដែលត្រូ​វការរយៈពេលយូរថ្ងៃ ដូចជា បុណ្យ “យ៉ុម Yom ឬគិបប៉ួរ Kippour” របស់ពួកជិហ្វ បុណ្យការែម នៃពួកកាតូលិក បុណ្យ រ៉ាប៉ាដង់ នៃពួកអ៊ីស្លាម។ បទបញ្ញត្តិតមអាហារទាំងនេះ ពុំមានធ្វើឲ្យប្រជារាស្ត្រចេះគិតប្រមាណដល់ការអត់ឃ្លាន ដែលកើតមាន និង បំរុងនឹងកើតមានទេឬ?

លោក Saint Augustin បានសរសេរពីផលប្រយោជន៍ នៃការតមអាហាររបស់សាសនាយេស៊ូគ្រិស្ត ​ដូចត​ទៅ៖

រូបកាយជាទម្ងន់ សំរាប់ទាញអាត្ម័ន ឲ្យធ្លាក់ចុះមកដី ប្រសិនបើរូបរាងកាយជាបន្ទុកធ្ងន់សំរាប់តែការរំខានទប់ ល្បឿន ពុំឲ្យព្រលឹងអាចហោះហើរឡើង ទៅកាន់ឋានលើបាន ពេលដែលមនុស្សចង់ទៅឋានលើ ពេលនោះ មនុស្សត្រូវតែប្រឹងជម្រុះ ឲ្យអស់នូវមន្ទឹលដែលជាបន្ទុកនាឋានលោកិយ។ នេះហើយគោលដៅ នៃការ​​តម​អាហារ​រ​បស់យើង។

លោក Saint Basile បានសរសេរសរសើរមអ៊ីស្ស (Mosise) អ្នកបង្កើតសាសនាហេប្រឺ ដូចតទៅ៖

ដោយសារការតមអាហារអស់ពេលដ៏យូរ និងដោយសារឱហាត់សង្វាតសូត្រធម៌គ្មានខ្លាចនឿយហត់ ពេល​នោះ មអ៊ីស្ស បានទទួលធម៌ និងមានភ័ព្វសំណាង ដោយបានស្តាប់ សន្ទរកថាផ្ទាល់ពីមាត់ព្រះ។ ទាំងនេះ​ ពុំ មែនកើតមកពីមអ៊ីស្ស បានខំតមអាហារអស់ពេលច្រើនថ្ងៃទេឬ?

លោក Saint Thomas បានបញ្ជាក់ពីបុណ្យបាប ក្នុងសៀវភៅធម៌មួយ ដូចតទៅ៖

រូបកាយមានចំណង់ផ្ទុយពីព្រលឹង ការតមអាហារមានគោលដៅពីរយ៉ាងគឹ ការលាងបាប និងធ្វើឲ្យព្រលឹង ឡើងទៅឋានព្រះ។

នៅប្រទេសឥណ្ឌា ​ពួកយោគ (yogas) ខំអង្គុយស្មឹងស្មាធិ៍ អត់អាហារយ៉ាងយូរគួរឲ្យស្ងើច។ ការតមអាហារ គឺជាមធ្យោបាយមួយ ដែលអាចត្រួតពិនិត្យប្រាជ្ញាស្មារតី និងធ្វើឲ្យរូបរាងកាយមានទម្លាប់កើតឡើងឯងៗតែ ការពិសោធន៍បានឲ្យដឹងថា អ្នកដែលខំធ្វើទុក្ខកិរិយា តមអាហារហួសពេក ត្រឡប់បែរជាឈឺ មុខមាត់ប្រែដូច ជាកាច ជួនកាលបុព្វជិតខ្លះធ្លាក់ខ្លួនខ្យល់គរ សន្លប់បាត់ស្មារតី គិតអ្វីលែងយល់ ហើយអារម្មណ៍គិតដល់ឋាន និព្វាន ក៏ត្រូវរលាយអស់។

ដោយយល់នូវផលវិបាក អាក្រក់ កើតមកពីការតមអាហារ ជ្រុលហួស ពេលនោះ បុព្វជិត បានសរសេរសំបុត្រ  ទៅប្រាប់ជូនជី ដូចតទៅ៖

ចូរឯងតមអាហារ យ៉ាងណាដែលអាចបំបាត់ការស្រេកឃ្លានបាន ដែលអាចឲ្យឯងមានកម្លាំងអានសៀវភៅ សូត្រធម៌បាន។ ការតមអាហារ ពុំមែនជាគុណសម្បត្តិល្អឥតខ្ចោះទេ តែវាជាមូលដ្ឋាននាំគុណសម្បត្តិទាំង ឡាយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here