ប្រវត្តិសាស្ត្រ៖ ទីទួលវត្តពាមមេត្រី ទាក់ទងទៅនឹងចំណុចកណ្តាលនៃប្រទេសកម្ពុជា

0
281

ខេត្តកំពង់ធំៈ

ដោយ៖ សេង ស៊ីដារ៉ូ

១ ពាក្យ ពាម ថ្នាក់ជានាម មានន័យថា ការតភ្ជាប់ពី ព្រែក ស្ទឹង ទន្លេ និងសមុទ្រ។ ពាម (ន)= មាត់ព្រែក ឬមាត់ស្ទឹង ដែលមានការតភ្ជាប់ពី ស្ទឹង ទៅទន្លេ ទៅសមុទ្រ ឬទីបែកចេញពីស្ទឹងទៅ   ទន្លេ ។       

២- ពាក្យ មេ ថ្នាក់ជានាម មានន័យដូចជា មនុស្ស សត្វ អ្វីៗ ទាំងអស់ ដែលធំ ឬប្រធាន ជាចម្បងលើគេ។ មេ (ន)= ម្តាយ ប្រមុខ អ្នកធំ អ្នកដឹកនាំ ជាប្រធាន។ ល។

៣- ពាក្យ ត្រី = ៣ ទីទួលពាមមេត្រី បានក្លាយជាទួលបុរាណមួយ ដែលមានរឿងរ៉ាវច្រើន​បង្កប់ទៅក្នុង​ប្រវត្តិ​សាស្ត្រ​ខ្មែរ។

រឿងដែលទាក់ទងនឹងពាមមេត្រីគឺ

​នៅក្នុងរជ្ជកាលព្រះបាទភវវរ្ម័ន ព្រះអង្គទ្រង់សោយ រាជ្យនៅរាជធានី ភវបុរ ប្រហែលជាស្ថិតនៅត្រង់ម្តុំអំពិល រលំ គឺទីកន្លែងវត្តអំពិលលឿង សព្វថ្ងៃចម្ងាយ ៣០គ.ម ពី​ទិសពាយព្យ ពីក្រុងកំពង់ធំ។ គេមិនដឹងច្បាស់ថា ព្រះ​បាទ​ភវវរ្ម័ន បានសោយរាជប៉ុន្មានឆ្នាំទេ គេគ្រាន់តែបានដឹងថា ព្រះអង្គ​សោយរាជ្យ ព.ស១១៤២-គ.ស​៥៩៨។ ក្រោយពី​ព្រះអ​ង្គសោយទីវង្គតទៅ ប្អូនជីដូនមួយព្រះអង្គ ព្រះនាម​ចិត្រ​សេន បានសោយរាជ្យស្នង នៅ​ ព.ស ១១៤៤ គ.ស ៦០០។ ពេលឡើងសោយរាជ្យ ព្រះបាទចិត្រសេន ​ទ្រង់​កំណត់ព្រះនាមសម្រាប់​រាជ្យ​ថា មហេន្រ្ទវរ្ម័ន ព្រះអង្គ​ទ្រង់​​បាន​សាងសិលាចារឹកផ្សេងៗទៀត នៅត្រង់ពាមទន្លេ​មូល​​ នឹងសុរិន្ទ និយមការកសាង លិង្គគិរិស និងរូបគោនន្ទិន។

ចំណែកទួលពាមមេត្រីនេះ យើងបានស្រាវជ្រាវទាក់ទង ប្រវត្តិ​សាស្ត្រខ្មែរ មកថា ប្រហែលជានៅក្នុងរជ្ជកាល ព្រះបា​ទ​មហេន្ទ្រវរ័្មន ព្រោះព្រះអង្គបានកសាងសិលាចារឹក តាម​ពាម​ តាមទន្លេ។ល។ យើងបាន​ឃើញនៅ​លើ​ទួលពាមមេត្រី ដែល​​មាន​ថ្មប្រាសាទកប់នៅក្នុងដី នឹងមានថ្មផុសបន្តិចនោះ នៅ​ខាងជ្រុងអាគ្នេយ៍នៃទួល តាមការស្រាវជ្រាវ គឺជាប្រសាទ ក្នុងរជ្ជកាលព្រះបាទមហេន្ទ្រវរ្ម័ន កសាងដើម្បីទីកន្លែងប្រជុំ​ទ័ព នឹងទីកន្លែង​ប្រកព្រំ​ទ័ព។

ព.ស ១១៤៤ -ព.ស ៦០០ ទួលពាម​មេត្រី ជាទីកន្លែងរបស់កងទ័ព សម្រាប់យាមល្បាតការពាររាជធានី ឦសាន្តបុរ ដែលគេថា ត្រូវនឹង​រម្មណីយ​សម្បូណ៍ព្រៃគុក។ ក្នុងរជ្ជកាល ព្រះបាទ ឦសាន្តវរ្ម័ន ព.ស ១១៦០​=១១៧៩ ព.ស ៦១៦=៦៣៦ នៅខាង​ជើងខេត្តកំពង់ធំ ព្រោះនៅទីនោះ គេឃើញមានសិលាចារឹក របស់​ព្រះ​អង្គជាច្រើន។

ទូលពាមមេត្រីនេះ មានផ្លូវសម្រាប់ទាក់ទង ដើម្បី​ចំណងមិត្តភាពទីប្រជុំនៃផ្លូវបែកជាបីគឺ

១-ផ្លូវទៅទិសខាងត្បូង គឺជាផ្លូវតាមទឹក ចេញពីទួលមេត្រី ឆ្ពោះទៅតាមដងស្ទឹងតូច គឺស្ទឹងព្រៃប្រស់ ចូលទៅ​នឹង​​ស្ទឹងសែន រហូតដល់ទន្លេសាប ទៅកាន់ភ្នំពេញ គឺទន្លេបួនមុខ។

២-ផ្លូវទៅទិសខាងលិច ជាផ្លូវសម្រាប់ហាត់ហ្វឹកហ្វឺនទ័ព នឹងសម្រាប់ទ័ពយាមល្បាតការពារ តាមផ្លូវទឹក​​ និង ទីគោក។ ផ្លូវនេះឆ្លងកាត់ បើយើងរៀបរាប់ សព្វថ្ងៃនេះ គឺឆ្លង​កាត់​ភូមិ​ពោធិ៍ ក្នុងសម័យព្រះបាទឥន្ទ្រវរ្ម័ន ព.ស១៤៩៤ គ.ស៩៥០ ត្រាំខ្នារ សព្វថ្ងៃហៅថា ភូមិត្រាំខ្លា ព.ស ១១៤២​ គ.ស ៥៩៨ រជ្ជកាលព្រះ​បាទ​ភ​វវរ្ម័ន។

ភូមិត្រាំខ្លា ឬត្រាំខ្នារនេះ យើងឃើញមានការជីកស្រះ យ៉ាងធំ និងមានទីធ្លាយ៉ាងល្អប្រសើរ សាកសមជា​កន្លែង​​បង្វឹកទ័ព ហើយទួលពាមមេត្រី ជាកន្លែងទ័ព គោរព និងធ្វើសក្ការៈបូជា។

ត្រាំកក់ សព្វថ្ងៃហៅថា ភូមិអំពិល ព.ស១១៤៤ គ.ស៦០០ រជ្ជកាលព្រះបាទ មហេន្ទ្រវរ្ម័ន ឆ្លងកាត់ហរិហរ ប្រាសាទ​ទួលខ្ពស់អណ្តែក ​សព្វថ្ងៃក្លាយជា ភូមិប្រាសាទ​អណ្តែក ស.ព១១៥៥ គ.ស៦១១ ឬវត្តប្រាសាទ​អណ្តែត។  រជ្ជកាលព្រះបាទឦសាន្ត​រវ្មរ័ន រាជធានីនៅ ឥ្ឍសាន្ត​បុរ​ប្រាសាទសំបូរ​ព្រៃគុហ៍ ភូមិជ័យ ភូមិ​ស្លែង​ខ្ពស់ ភូមិគោកងួន ភូមិ​ក្រសាំង។ល។ នេះសំដៅទៅរាជធានីភវបុរ អំពិលរលំ ហៅ វត្តអំពិលរលើង ស្រុក​ស្ទោង​សព្វថ្ងៃ។

៣-ផ្លូ​វឆ្ពោះទៅទិសខាងជើង ជាផ្លូវឆ្លងកាត់ទឹកខ្លះ គោក ខ្លះ ដូចជាឆ្លងកាត់តាមបឹង ប៊ួរ អូរ ក្បាលអូរ ជ្រលង​ដង​អូរ ក្បាល់ហង់ ជង្ហុក ថ្លុក ត្រពាំង ព្រៃស្បាត ព្រៃស្រង់ ព្រៃដង ព្រៃរបោះ កម្ពោត។ល។ ឆ្ពោះ​ទៅ​កាន់​ទីតាំងរាជធានីឦសាន្ត បុរ ក្នុងរជ្ជកាលព្រះបាទឦសាន្តវរ្ម័ន ដែលគេហៅថា រម្មណីយ​ដ្ឋាន សម្បូណ៍ព្រៃគុហ៍ ខាងជើង ខេត្តកំពង់ធំ ព.ស ១១៦០- គ.ស  ៦១៦=៦៣៥  អស់រយ: ១៩ឆ្នាំ។

ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ដែលស្ថិតនៅលើភ្នំគូលែន ជាប្រាសាទនោះឯង ត្រូវស្ថិតនៅចំកណ្តាល​រាជ​ធានី ដែលគេចាត់ទុកថា នៅចំស្នូលនៃចក្រវាឡថែមទៀត ព.ស ១៣៤៦ គ.ស ៨០២ ។

ទៅក្នុងប្រទេសកម្ពុជា សម័យរជ្ជកាល សម្តេចនរោត្តម សីហនុ ដែលគេសន្មតថា ចំស្នូល ឬផ្ចិតផែនដីប្រទេស នៅត្រង់ទួលពាមមេត្រីនេះឯង  ព.ស ២៥០៨ គ.ស ១៩៦៤។

ពាក្យចរចាមរាមខ្លះ បាននិយាយថា ចំណុចកណ្តាល របស់ប្រទេសយើង គឺនៅត្រង់បង្គោល ដែលបារាំងបាន​បោះ​ភ្ជាប់​នៅក្បែរគល់ស្ពានកំពង់ធំ ខ្លះថានៅត្រង់ផ្លូវទៅរលួស ក៏គេសង្កេតឃើញមានបង្គោលរបស់បារាំង បោះចំណាំផង​ដែរ ដូច្នេះយើងនៅតែមិនប្រាកដថា ចំណុចកណ្តាលនោះ ​នៅចំកន្លែងណាពិតប្រាកដឡើយ។

អ្នកខ្លះទៀតបាននិយាយថា ចំណុចកណ្តាលរបស់ប្រទេសយើងសព្វថ្ងៃនេះ គឺនៅខាងលិចផ្សារកំពង់ធំ បើ​យើង​​​ពិនិត្យមើលតាមផែនទី ឈៀងខាងលិចផ្សារកំពង់ធំ អាច​ធ្លាក់មកត្រូវចំចំណុច វត្តពាមមេត្រី នេះឯង​ហើយ។

ចំណុចកណ្តាល គឺមានភាពសំខាន់ណាស់ ទើបយើង គួរបង្កើតឲ្យមានទីតាំងកណ្តាលមួយ ដើម្បីគោរពបូជា បើ​កាលណាយើងបានលើកតម្កើង និងបានធ្វើសក្កា​រៈ នៅទីនោះ ប្រទេសរបស់យើង និងមានភាពរុងរឿងរីក​ចម្រើន​ជាក់ជាមិន​ខាន ប្រៀបដូចជាសម័យមហានគរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here