ព្រះនាងតូច ជេនណា ប្រកាសតែងតាំងជាព្រះរាជទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុនសែលកាត

0
48

ភ្នំពេញៈ

ដោយ៖ ឌឹម គឹមហាក់

សែលកាត បានប្រកាសជាផ្លូវការថា ព្រះនាងតូច នរោត្តម ជេនណា ជារាជទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុន។

សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសចម្រើនព្រះជន្ម គម្រប់ ៨វស្សា របស់ព្រះនាងតូច ជេន​ណា ដែលព្រះនាងបានប្រារព្ធពិធីអបអរសាទរ ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមហ៊ុនសែលកាត និងមិត្តភក្តិជិតស្និទ្ធមួយចំនួនទៀត នៅឯសណ្ឋាគារកាំបូឌីយ៉ាណា  កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២០។

ព្រះនាងតូច ជេនណា គឺជាបុត្រីទី២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា និងជាចៅលួតរបស់ព្រះករុណា ព្រះ​បាទ​​សម្តេចព្រះ នោ​រោ​ត្ត​ម សីហនុ ព្រះ​បរម​រតន​កោដ្ឋ។

លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឲ្យដឹងថា ជាកិត្តិយសបំផុតមួយ​សម្រាប់​ក្រុម​ហ៊ុន​សែលកាត ដែលមានឱកាសបានចូលរួមសហការជាមួយព្រះនាងតូច ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងការជួយលើកស្ទួយដល់យុវជនក្នុងសម័យឌីជីថល (Digital Generation)។ យើងមើលឃើញថា នេះគឺ​សម្ព័ន្ធភាពដ៏ល្អប្រសើរបំផុត របស់ក្រុមហ៊ុន​បណ្តាញទូរស័ព្ទឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានចាប់ដៃ​គូសហការជាមួយ បុគ្គលវ័យក្មេងដ៏មានទេពកោសល្យបំផុតរបស់ខ្មែរ ដែលគាត់មានទឹកចិត្តស្រឡាញ់ជាតិ និង​ចេះយកចិត្តទុកដាក់ទៅលើអនាគត នៃមនុស្សជំនាន់ក្រោយ។

ស្របពេលដែលយើងកំពុងឈានទៅចាប់យកបច្ចេកវិទ្យា 5G យើងមើលឃើញថា ព្រះនាងតូច ជេនណា នឹង​​អាច​ជួយជម្រុញឱ្យផលិតផល និងសេវាកម្មឌីជីថលរបស់ក្រុមហ៊ុនសែលកាត ឈរជើងបានកាន់តែរឹង​មាំ​នៅលើទីផ្សារ ក៏ដូចជាជួយចែករំលែកឲ្យបានដឹងនូវសមិទ្ធផល ដែលទទួលបានពីការធ្វើកំណែរទម្រង់ឆ្ពោះ ទៅ​​កាន់វិស័យឌីជីថលនៅកម្ពុជា។

ក្នុងព្រះជន្ម ៨ វស្សា ព្រះនាងតូច ជេនណា អាចនិយាយបាន ៥ ភាសា មានទេពកោសល្យខាងច្រៀង រាំ និង​សម្តែង ហើយក្នុងពេលបច្ចុប្បន្ននេះ អ្នកអង្គម្ចាស់ក៏កំពុងរៀននូវរបាំអប្សរាផងដែរ។

សែលកាត មានប្រវតិ្តជាក្រុមហ៊ុនដ៏សកម្មបំផុតមួយ ក្នុងចាប់ដៃគូជាមួយបុគ្គលវ័យក្មេង​ដែលមានទេព​កោ​សល្យ ដើម្បីជួយបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយអតិថិជន ហើយទន្ទឹមនឹងនោះផងដែរ ក្រុមហ៊ុនក៏បាន​ជួយ​បណ្តុះនូវបទពិសោធន៍ និងជំនាញទីផ្សារ ដ៏មានតម្លៃជូនដល់ដៃគូសហការ ដោយក្នុងនោះរួមមានទាំង​បុគ្គលមានឥទ្ធិពល អ្នកចំរៀង អ្នករាំ និងអ្នកលេងហ្គេមអាជីពជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here