ប្រវត្តិ រូបនាគ ទាក់ទងនឹង ដើមកំណើតខ្មែរមន និងយាយលីវ ជាបុត្រីរបស់ស្តេចព្រះជង់នាគ

0
177

ខេត្តសៀមរាបៈ

ដោយ៖ សេង ស៊ីដារ៉ូ

ប្រវត្តិរូបនាគ ត្រូវបានចាស់ៗបុរាណកាល សូន្យរូបទុកនៅតាមឃឿនប្រាសាទ ឬតាមវត្តអារាម​ និងស្ពាន​នានា ព្រោះខ្មែរយើងតែងតែមានជំនឿថា រូបនាគ ធ្វើឲ្យមានភាពត្រជាត់ត្រជុំ។

នាគ មកពីពាក្យសំស្ក្រឹត «នាគ» ប្រែមកថា ពស់ ដែលមានលក្ខណៈធំ។ នៅអង្គរ​ ចម្លាក់​រូបនាគមាននៅគ្រប់​ទីកន្លែងទាំងអស់។ មានរូបនាគខ្លះតូច នាគខ្លះធំ ខ្លះមានក្បាល៥ ខ្លះមានក្បាល៧ ខ្លះនៅអមផ្លូវ ខ្លះទៀត​អម​ស្ពាន ឬនៅសងខាងជណ្តើរ ខ្លះស្លូត ខ្លះកាច ធ្វើឲ្យគេគោរព និងខ្លាចគ្រប់ៗគ្នា។

មានប្រជាជនខ្លះឆ្ងល់ថា ហេតុអ្វីក៏គេមិនឃើញមានចម្លាក់រូបនាគនៅស្រុកក្លឹង្គ ដែលជាស្រុកកំណើតរបស់​ព្រហ្មាញសាសនា? ការពិតនាគជាសត្វមួយដែលខ្មែរគោរព មិនមែនជាសត្វរបស់ជាតិក្លឹង្គទេ។ គេត្រូវដឹងថា ជនជាតិដែលរស់នៅមុនគេបង្អស់លើ នគរឥណ្ឌា គឺជនជាតិដែលជាដូនតារបស់ខ្មែរយើងសព្វថ្ងៃ ហើយដែល​គេ​ស្គាល់ថា ជាជាតិមុន្តា ឬជាតិខ្មែរមន។

លោក វីលយូវែន (Will Durant) និយាយថា «ជនជាតិខ្មែរមនឥតមានជំនឿព្រះអ្វីទេ គេគោរពម្តាយ និងឪពុក ហើយគេយកនាគធ្វើជានិមិត្តរូប»។ ដោយសារការលុកលុយរបស់ជាតិទ្រាវិធ ឬតាមូល ដែលអ្នកខ្លះហៅថា ពួកទមិឡ ខ្មែរមនត្រូវខ្ចាត់ខ្ចាយចេញពីស្រុកក្លឹង្គ នៅ ១០០០០ឆ្នាំ មុនព្រះយេស៊ូ ។ ខ្មែរមន ដែលបែកខ្ញែកចេញពីស្រុកឥណ្ឌានោះ បានបង្កើតនគរខ្មែរមនផ្សេងៗច្រើន ដូចជានគរណាហ្គាឡាន (Nagaland) ឬនគរនាគ ដែលសព្វថ្ងៃនៅខាងកើតស្រុកឥណ្ឌា ដូចជានគរឈ្មោះ «នាគទ្វីប (ទ្វីប = កោះ) ដែលសព្វថ្ងៃហៅថា នគរ «ស្រីលង្កា» ហើយនគរខ្មែរដែលមានរាជធានីឈ្មោះ «នាគបុរី» (E.Aymonier) ខ្មែរពីដើមកាន់របបមាតានិយម។ មហាក្សត្រខ្មែរ ដែលគេស្គាល់មុនដំបូង គឺជាមហាក្សត្រី ហើយខ្មែរ​និយម​ហៅ ព្រះអង្គថា «យាយលីវ» ពីព្រោះខ្មែរ មិនហ៊ានហៅឈ្មោះផ្ទាល់របស់ព្រះអង្គ តាមទំនៀមទំលាប់របស់​ខ្មែរ​ ហើយដោយសារថា ព្រះអង្គនៅលីវនៅឡើយ។

តាមរឿងនិទាន គេនិយាយថា យាយលីវ ជាបុត្រីរបស់ស្តេចព្រះជង់នាគ ដែលសោយរាជ្យនៅក្រោមបាត​សមុទ្រ។ កាលឆ្នាំ៦៣០ ពូជពង្សស្តេចថ្មីមួយអង្គ ដែលចុះពីព្រាហ្មណ៍ «កាមពុ» បានឡើងសោយរាជ្យនៅ​ស្រុក​ខ្មែរ។ គេក៏ទទួលស្គាល់ថា អគ្គមហេសីស្តេចកាមពុ ក៏ជាបុត្រីស្តេចនាគដែរ តាមរឿងព្រះថោង និង​នាង​នាគ។ សព្វថ្ងៃនេះទៀតក៏ដោយ ស្ត្រីខ្មែរ  នៅពេលរៀបពិធីការ ហើយពេលបញ្ចប់ ​កូនស្រីនាគ​ត្រូវដើរ​ចូល​ក្នុងបន្ទប់របស់នាង។ កូនប្រុសត្រូវកាន់ជាយសំពុតដែលជាកន្ទុយនាគ ដើម្បីចូលបន្ទប់ជាមួយនាងផងដែរ។ ការកាន់កន្ទុយនាគ គឺធ្វើកុំឲ្យកូនប្រុសលង់ទឹកស្លាប់  នេះគេបង្ហាញទៀតថា ប្រុសត្រូវតែដើរតាមស្រី ពីព្រោះ​ខ្មែរកាន់របបមាតានិយម ឬមត្តេយ្ការ។

នៅស្រុកក្លឹង្គ ជាតិអារ្យៈ ដែលជាជាតិក្លឹង្គស្បែកសសព្វថ្ងៃ​ បានចូលមកលុកលុយក្នុងឆ្នាំ៣២០០ មុនព្រះ​យេ​ស៊ូ។ ពួកនេះចុះមកពីស្រុកខាងជើង ភាគអាស៊ីកណ្តាល។ គេបានបង្កើតនៅឆ្នាំ១៥០០ មុនព្រះយេស៊ូ សាសនា​ថ្មីមួយ ហៅថា សាសនា «វេទ»។ ក្រោយមកសាសនាវេទ ក៏ក្លាយបន្តិចម្តងៗ ទៅជាព្រហ្មាសាសនា ។ ក្នុងរបបសាសនាទាំងពីរនេះ នាគខ្មែរ ឥតត្រូវគេបោះបង់ចោលទេ ហើយគេត្រឡប់ទៅជាយកសត្វនេះ ទៅជាសត្វបម្រើព្រះយ៉ាងទុកចិត្តទៅទៀត។ កាលសម័យសាសនាព្រះសីវៈ (Shivaisme) គឺនាគ «វ៉ាសុគី» ដែលទួលទ្រសកលោកទាំងមូល នៅលើក្បាលទាំង៧របស់គេ។ នាគវ៉ាសុគី មានដងខ្លួនធំ និងវែង យកមក​ធ្វើ​ជាខ្សែសម្រាប់បង្វិលភ្នំមន្តរៈ ចម្រាញ់សមុទ្រទឹកដោះគោ ​ឲ្យទៅជាទឹកអម្រឹត ដែលកាលណាគេផឹក​ទៅ​គេនឹងមិនស្គាល់សេចក្តីស្លាប់  រូបចម្លាក់នាគវ៉ាសុគឺនេះ បានគេឆ្លាក់យ៉ាងធំ ហើយគេតំកល់លំអរនៅមាត់​ទ្វារ​ទាំង ៥ ចូលទៅអង្គរធំ ។

នាគវ៉ាសុគីនៅអង្គរធំ តាមរឿងព្រហ្មាញសាសនា កាលណាព្រះវិស្នុចុះពីលើមេឃ មកឋានដីយើង ព្រះអង្គ​ទ្រង់​​យកឥន្ទធនូធ្វើជាជណើ្តរ មាននាគ២អមសងខាង។ ស្ពាននាគ ដែលចូលទៅអង្គរវត្ត គឺជាឥន្ទធនូ​ដែល​នាំទៅ​ខាងក្នុង​ គឺឋានព្រះ ឯនៅខាងក្រៅគឺឋានរបស់មនុស្សយើង។

នៅក្នុងលោកយើងកាលណាមានភ្លើងឆេះកាល្ប ព្រះវិស្នុតែងសម្រាកខ្លួន នៅលើខ្នងនាគអណាន្តៈ ចាំឲ្យ​​​ព្រះ​​សីវៈ​​ដុតអ្វីៗទាំងអស់ ហើយនឹងបង្កើតសកលលោកព្រមទាំងមនុស្ស ទាំងសត្វឡើងវិញ។

ព្រះពុទ្ធសាសនា ក៏ឥតបោះបង់ចោលនាគដែរ  គឺនាគឈ្មោះមុធិលើន្តា ដែលបានលើក​ព្រះពុទ្ធឲ្យ​គង់នៅលើ​ខ្លួនគេ រួចគេយកក្បាលទាំង ៧ មកគ្របលើព្រះអង្គ កុំឲ្យព្រះអង្គត្រូវភ្លៀងខ្យល់។ គឺរូបព្រះពុទ្ធគង់នៅលើ​នាគ​​នេះ​ឯង ដែលគេបានចម្លងឆ្លាក់រូប ព្រះមហាក្សត្រជ័យវរ័្មនទី៧ តំាងទុកនៅលើកំពូលប្រាសាទបាយ័ន។

ព្រះពុទ្ធសាសនាថេរវាទ ក៏ទុកនាគនៅលើដំបូលព្រះវិហារនៅគ្រប់វត្ត មានកន្ទុយស្រួចចង្អុលទៅលើមេឃ ឯក្បាលមានធ្មេញចេញយ៉ាងកាច នៅខាងក្រោមដំបូលគ្រប់កន្លែង  ព្រះសង្ឃ មុននឹងបានទៅជាព្រះសង្ឃ ត្រូវ​បួសក្លាយខ្លួនទៅជានាគជាមុនសិន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here