អំបុកស្រូវថ្មី ឡើងថ្លៃ ព្រោះសម្តេច ហ៊ុន សែន បានអំពាវនាវ ប្រារព្ធវិធីហូបអំបុកការពារជាតិ សាសនា ព្រះ​​មហាក្សត្រ ថ្ងៃ០៩ វិច្ឆិកា

0
51

ខេត្តកំពង់ធំៈ

ដោយ៖ សេង ស៊ីដារ៉ូ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែល​បាន​អំពាវនាវ ប្រកាសឱ្យមានពិធី​ហូបអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នាថ្ងៃ ៩ វិច្ឆិកា ខាងមុខ ដែលធ្វើឲ្យអ្នកលក់​អំបុកត្រេកអរ​សាទរ​ ចំពោះសម្តេច ហ៊ុន សែន យ៉ាងខ្លាំង នៃវិធីអកអំបុកនៅឆ្នាំនេះ។

អ្នកលក់អំបុករីករាយ ជាខ្លាំងនៅពេលដែលបានដឹងថា អំបុកតម្រូវការច្រើនក្នុងថ្ងៃ០៩ វិច្ឆិកា ដោយថែមទាំង​មាន​អ្នកកម្ម៉ងទិញពីភ្នំពេញច្រើន មុនថ្ងៃទៀតផង។

អ្នកស្រី សុច រស់នៅឃុំសានគរ ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា ឆ្នាំទៅស្រូវថោក​ យកមកដាល់អំបុក​លក់​បាន​តែ​មួយកំប៉ុង ១០០០រៀលប៉ុណ្ណោះ ប៉ុន្តែមកដល់ឆ្នាំនេះ អំបុកលក់បានថ្លៃ ក្នុង១កំប៉ុង ១៥០០​រៀល​។ អ្នកស្រី បានបន្តទៀតថា រូបអ្នកស្រី ប្រកបមុខរបរដាល់អំបុកនេះ ៥ឆ្នាំមកហើយ ដោយមានកន្លែង​ដាល់អំបុក ចំនួនប្រមាណ៥០កន្លែង ក្នុងឃុំសានគរនេះ ហើយតម្លៃខាងលើនេះ ជាតម្លៃនៅនឹងកន្លែង តែបើ​មាន​ឈ្មួញមកទិញបន្តអាចនឹងឡើងថ្លៃខ្ពស់ជាងនេះបន្តិច។     

ការដាល់អំបុកនេះ មានស្រូវខ្សាយ និងប្រភេទស្រូវដំណាប់ ពូជស្រូវរំដួល ហើយក្នុងការចំអិនអំបុកពីមុនមក ប្រើឧបករណ៍ត្បាលបុកដៃ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ដោយសារតម្រូវការច្រើន ទើបមានការប្រែប្រួល និង​ប្រើ​ប្រាស់ត្បាលក្បឿងដោយជាន់ជើង អាចទទួលបានបរិមាណច្រើន និងងាយឆាប់រហ័សទាន់ចិត្តផងដែរ។

អ្នកស្រីសុច អាចផលិតអំបុកបានក្នុងមួយថ្ងៃៗ ចាប់ពី ២០គីឡូ ទៅ៥០គីឡូ ដោយចាប់ផ្តើមលក់ពីម៉ោង ៧​ព្រឹក ដល់ម៉ោង៥ល្ងាច។ អ្នកស្រីសុច បានបន្ថែមទៀតថា ពេលនេះមានអ្នកភ្នំពេញ បានមកកម្ម៉ងអំបុក​ច្រើន​​​​ក្នុ​ងចំណោម ៨កន្លែង ហើយបញ្ជាទិញ១.៥តោន ហើយឲ្យតម្លៃខ្ពស់ក្នុងមួយគីឡូ ១៤៥០០រៀល នេះ។ អ្នកស្រី ពិតជាមានភាពរីករាយបំផុត​ ដែលកសិករយើងក្នុងតំបន់នោះទទួលបាននូវអំបុក ​ដែលមានតម្លៃ​ខ្ពស់​នៅពេលដែលសម្តេច ហ៊ុន សែន បានអំពាវនាវ ប្រារព្ធវិធីហូបអំបុកការពារជាតិ សាសនា ព្រះ​​មហាក្សត្រ ថ្ងៃ០៩ វិច្ឆិកា និងជិតដល់វិធីអុំទូក អកអំបុក សំពះព្រះខែ បណ្តែតប្រទីប ខាងមុខ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here