រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសតែងតាំង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តប៉ៃលិន

0
36

ខេត្តប៉ៃលិនៈ

ដោយ៖ ឌឹម គឹមហាក់

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ  បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសលោក ហ៊ត ឬទ្ធី ឲ្យចូលកាន់តំណែង ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តប៉ៃលិន ជំនួសលោក ពេជ្រ សំបូរ ដែលបានចូល​និវត្តន៍  ថ្ងៃ​ទី០៨ ខែតុលា ឆ្នាំ២០១៩ នៅសាលាខេត្តប៉ៃលិន។

លោក ពេជ្រ សំបូរ អតីតប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តប៉ៃលិន អានរបាយការណ៍របស់រួចមក លោក លាភ សំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិកនៃក្រសួងអភិវឌ្ឍន៍ជនបទ បានអានប្រកាសរបស់​ក្រសួង​អភិវឌ្ឍន៍ជនបទ លេខ ២៣៥/១៩ ក.អ.ជ.ប្រ.ក ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ សម្រេចតែងតាំង លោក ហ៊ត ឬទ្ធី ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តប៉ៃលិន ជំនួសលោក ពេជ្រ សំបូរ ដែលបានចូលនិវត្តន៍ ។ 

លោក ហ៊ត ឬទ្ធី ប្រធានមន្ទីរអភវឌ្ឍន៍ជនបទ ខេត្តប៉ៃលិន ដែលទើបតែទទួលតំណែងថ្មី បានថ្លែងអំណរ​គុណ​ចំពោះ​ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្ដមអភិបាលខេត្ត ដែលបានផ្ដល់នូវសេចក្ដីទុកចិត្ត​តែង​តាំង​​រូបលោកជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តប៉ៃលិន និងបានប្ដេជ្ញាចិត្តថា នឹងខិតខំឲ្យអស់ពីកម្លាំង​កាយចិត្ត បន្តកិច្ចសហប្រតិបត្តិការជាមួយ មន្ទីរនានាជុំវិញខេត្ត អង្គការជាតិ អន្ដរជាតិពាក់ព័ន្ធ អាជ្ញាធរគ្រប់​លំដាប់ថ្នាក់ និងអង្គការដៃគូរអភិវឌ្ឍន៍នានា​ ដើម្បីជម្រុញការងារវិស័យអភិវឌ្ឍន៍ជនបទ ឲ្យកាន់តែល្អប្រសើរ ឡើងថែមទៀត ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិ​បាល។

លោក  ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាល ខេត្តប៉ៃលិន មានការចំណាប់អារម្មណ៍លើរបាយការណ៍ រួចមក  លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានវាយតម្លៃខ្ពស់​ចំពោះការខិតខំប្រឹងប្រែង​របស់​​​ថ្នាក់​ដឹកនាំ និងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តប៉ៃលិន ដែលកន្លងមកបានហការគ្នាល្អជា មួយ អាជ្ញា​​ធរ​ដែនដីគ្រប់លំដាប់ថ្នាក់ មន្រ្ដីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងអង្គការដៃគូអភិវឌ្ឃន៍នានា ធ្វើឲ្យខេត្តប៉ៃលិន​ទាំង​មូល មានការរីកចម្រើនគួរឲ្យកត់សម្គាល់។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ផែនការយុទ្ធសាស្រ្ដរបស់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ជូនប្រជាពលរដ្ឋនៅតាមទីជនបទ មានយុទ្ធសាស្រ្ដសំខាន់ៗចំនួន៤ ដែលក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំ គឺ ទី១ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទី២ ការអប់រំលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ នៅតាមតំបន់ជនបទ ទី៣ ការបង្កើតឱកាសកាងារ ឬមុខរបរផ្សេងៗ តាមរយៈការបណ្ដុះបណ្ដាលមុខ​វិជ្ជាជីវៈ ប្រជាពលរដ្ឋក្រីក្រតាមជនបទ និងទី៤ ការពង្រឹងស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីលើកស្ទួយផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច។ ទាក់ទិនទៅនឹងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឯកឧត្ដមបណ្ឌិតរដ្ឋមន្រ្ដី បានបន្ថែមថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តការងារវិមជ្ឈការផង និងវិសហមជ្ឈការផង ក្នុង​នោះបានប្រគល់ភារកិច្ចជូនទៅមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត សហការជាមួយរដ្ឋបាលស្រុក​ដើម្បីរៀប​ចំផែន​ការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋផ្នែកទឹកស្អាត និងអនាម័យ ។

លោករដ្ឋមន្រ្ដី បានផ្ដាំផ្ញើដល់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តប៉ៃលិន ដែលបានតែងតាំងថ្មី​ត្រូវគោរពនូវរាល់​បទ​បញ្ជា​របស់រាជរដ្ឋភិបាល និងត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃ ​ក្នុងកិច្ចសហប្រតិបត្តិការ ឲ្យបានល្អជាមួយ​អាជ្ញា​ធរ​ដែនដីគ្រប់លំដាប់ថ្នាក់មន្ទីរ ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូធ្វើយ៉ាងណាអនុវត្តន៍​ភារកិច្ចរបស់ខ្លួន ​ឲ្យ​ស្រប​តាមគោលនយោបាយ និងយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​តេជោជាប្រមុខដឹកនាំ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here