ប្រជាពលរដ្ឋក្រីក្រ ២០០ គ្រួសារ រងគ្រោះទឹកជំនន់ នៅស្រុកជលគិរី បានទទួលអំណោយពី រដ្ឋមន្រ្តីក្រសួង​អភិ​វឌ្ឍន៍ជនបទ

0
39

ខេត្តកំពង់ឆ្នាំងៈ

ដោយ៖ឌឹម គឹមហាក់

លោក ​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ​  ដើម្បី​ត្រួត​​​ពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិ​បាល ខេត្តកំពង់ឆ្នាំង​ បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ ២០០គ្រួសារ នៅស្រុកជលគិរី ខេត្ត​កំពង់ឆ្នាំង នៅសាលាស្រុកជលគិរី។

​លោក ហៃ មនោរម្យ អភិបាលស្រុកជលគិរី បានធ្វើរបាយការណ៍បញ្ជាក់អំពីស្ថានភាពទឹកជំនន់ ឆ្នាំនេះ ​ទាប​ជាង​ឆ្នាំមុន តែបានបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផលដំណាំ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ នៅទូទាំង​ស្រុកជលគិរី មានសភាព ៦ខែ លិចទឹក និង៦ខែ គោក  និងបង្កបង្កើនផលស្រូវបាន ២រដូវ។

ប្រជាពលរដ្ឋក្រីក្រដែលបានរងគ្រោះ ដោយសារទឹកជំនន់ ត្រូវទទួលអំណោយសង្គ្រោះ​នាពេលនេះ មាន ២០០គ្រួសារ​ មកពី ឃុំពាមឆ្កោក ៥០ គ្រួសារ ឃុំជលសា  ៥០គ្រួសារ និងឃុំព្រៃគ្រី ១០០គ្រួសារ ក្នុង​ស្រុក​​​ជលគិរី ខេត្តកំពង់ឆ្នាំង បានទទួលអំណោយមនុស្សធម៌ពី លោក​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ ​ សហការជាមួយអង្គការយូនីសេហ្វ។

លោករដ្ឋ​មន្ត្រី បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដី​នៃព្រះ​រាជា​​ណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំ​ពោះ​​ប្រជាពលរដ្ឋទាំងអស់ និងបានសម្ដែងនូវការសោកស្ដាយចំពោះការខូចខាត និងបាត់បង់ផលដំណាំ ផ្លូវថ្នល់ លំនៅដ្ឋាន និងបានជម្រាបជូនថា គ្រោះធម្មជាតិមិនមែនកើតមានឡើងតែនៅក្នុងកម្ពុជាយើងនោះទេ តែនៅបណ្ដាប្រទេសជាច្រើនមានហានិភ័យខ្ពស់ជាងកម្ពុជាទៅទៀត។

លោករដ្ឋមន្រ្ដី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋឲ្យថែទាំសុខភាពឲ្យបានល្អ ជាប្រចាំ ដោយបរិភោគទឹកស្អាត ត្រូវ​មើល​​ថែទាំចាស់ជរា ជនពិការ និងកូនតូចៗឲ្យបានល្អកុំឲ្យលង់ទឹក ត្រូវប្រយ័ត្នចំពោះសត្វអាសិរពិស​គ្រប់​ប្រភេទ ជាពិសេសមុនឡើងលើគេហដ្ឋាន និងមុនពេលចូលដំណេក។

លោករដ្ឋមន្រ្ដី បានរំលឹកពីសមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាល រក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដី ដូចនេះត្រូវរួមគ្នាថែរក្សាឲ្យបានគង់វង្ស ដើម្បីបន្តការអភិ​វឌ្ឍ​​ប្រទេសជាតិ។

បន្ទាប់មក គណៈអពិបតី បានចែកអំណោយមនុស្សធម៌ជូប្រជាពលរដ្ឋ ដោយសារទឹកជំនន់ចំនួន ២០០ គ្រួសារ ដោយមួយគ្រួសារៗ ទទួលបាន អង្ករ២៥ គីឡូក្រាម មី ១កេស  ទឹកត្រី ១យួរ  ទឹកស៊ីអ៊ីវ ១យួរ  ប៊ីចេង ១កញ្ចប់  ពីដុងទឹក២  ធុងទឹកមានដៃយួរ១ ធុងចម្រោះទឹកទន្សាយ១  សាប៊ូម្សៅ ១កញ្ចប់  សាប៊ូ ៤ដុំ  ថ្នាំក្លរ៉ាមីន ៥បន្ទះ  និងរូបភាពអប់រំពីវិធីសាស្រ្ដប្រើប្រាស់ ២សន្លឹកផងដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here