រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានជួប លោក TAN Weiping អគ្គនាយករង នៃមជ្ឈមណ្ឌល​អន្តរជាតិ​កាត់​បន្ថយ​ភាពក្រីក្រចិន (IPRCC)

0
34

ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានជួបលោក​ TAN Weiping អគ្គនាយករង នៃមជ្ឈ​មណ្ឌល​​​​​​អន្តរ​ជាតិកាត់បន្ថយភាពក្រីក្រចិន (IPRCC)ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងកាល ពី​ពេលថ្មីៗកន្លងទៅនេះ ។

នៅក្នុងជំនួបពិភាក្សានេះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ខ្ញុំសូមស្វាគមន៍ចំពោះ វត្ត​មាន​របស់​លោក TAN Weiping អគ្គនាយករង នៃមជ្ឈ​មណ្ឌល​អន្តរជាតិ កាត់បន្ថយភាពក្រីក្រ​ចិន​ (IPRCC) និងជាប្រធានគណៈប្រតិភូ និងលោក លោកស្រី សមាជិក សមាជិកា របស់​គណៈ​ប្រតិភូ​​ទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួម កិច្ចប្រជុំនាពេលនេះ ខ្ញុំសូមជូនពរចំពោះដំណើរទស្សនកិច្ចរបស់លោក TAN Weiping និង​គណៈប្រតិភូនៅ​ព្រះរាជា​ណាចក្រ​កម្ពុជា ទទួលបានជោគជ័យ ហើយសង្ឃឹមថា តាមរយៈ​ដំណើរ​ទស្សន​កិច្ច​នាពេលនេះ​ និងធ្វើ​ឲ្យ​ចំណងទាក់ទងរវាងប្រទេសយើងទាំងពីរ កាន់តែមានភាពរឹង​មាំបន្ថែមទៀត។

ក្រសួងអភិវឌ្ឍន៍ជនបទ បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការសហប្រតិបត្តិការ ជាមួយអ្នកបច្ចេកទេស របស់​មិត្តចិន ក្នុងការអនុវត្តនូវគម្រោង និងកម្មវិធីអភិវឌ្ឍន៍ជនបទ នាពេលអនាគត។ គោលបំណងនៃកិច្ចប្រជុំ ដើម្បី​​ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តគម្រោងហិរញ្ញប្បទាន ជំនួយឥតសំណងរបស់សា​ធារ​ណ​​រដ្ឋប្រជាមានិតចិន ជាមួយភាគីកម្ពុជា ពិសេសគម្រោង​សាក​ល្បង​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា ​​​ក្រោម​ជំនួយ​ហិរញ្ញប្ប​ទាន​សហ​ប្រតិ​បត្តិ​ការ​ចិន ដែល​កំពុង​អនុវត្តន៍ ដោយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ក្នុង​ឃុំ​ស្វាយ​អំពារ ខេត្តកណ្ដាល​។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ បាន​ដើរតួយ៉ាង​សំខាន់ក្នុង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ភាពរីកចម្រើន ហើយ​ក្រសួងអភិវឌ្ឍន៍​ជនបទ​ បាន​រួម​ចំណែកយ៉ាងសំខាន់​ក្នុង​ការកាត់​បន្ថយ​ភាព​​ក្រីក្រ អត្រាភាពក្រីក្របានធ្លាក់ចុះពីប្រមាណ ៤៧,៨% ក្នុង​ឆ្នាំ២០០៧ មក​ត្រឹមក្រោម ១០​% នា​ពេល​បច្ចុប្បន្ន។ ​ក្រសួងមានគោលបំណងប្រែក្លាយតំបន់ជនបទ នៃព្រះរាជាណាចក្រកម្ពុជា ជាតំបន់អភិវឌ្ឍន៍​ប្រកប​​ដោយនិរន្តរភាពដើម្បីរួមចំណែកអនុវត្តន៍ យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ក្រសួងបានដាក់ចេញនូវ​យុទ្ធសាស្រ្តចំនួន ៤សំខាន់ៗ សម្រាប់ឆ្នាំ ២០១៩ – ២០២៣ គឺ ១. ពង្រឹងស្ថាប័ន និងកសាងសមត្ថភាព ២. អភិវឌ្ឍនហេដ្ឋារចនាសម្ព័ន្ធជនបទ ៣. កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ និង ៤.​​​ជំរុញសកម្មភាពសេដ្ឋកិច្ច​ជនបទ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការជាមួយមិត្តចិន ដោយភាគីមិត្តចិន គឺជាដៃគូអភិវឌ្ឍន៍ដ៏​សំខាន់​​របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ក្រសួងអភិវឌ្ឍន៍ជនបទ ភាគីចិនបានផ្តល់ហិរញ្ញប្បទាន ក្នុងការ​អនុ​​វត្តគម្រោងដូចតទៅ៖ គម្រោងផ្គត់ផ្គង់ទឹកជនបទ (ឆ្នាំ១៩៩៧ ដល់ ១៩៩៩) ហិរញ្ញប្បទានឥត​សំណង​​ក្នុង​ការ​ជីកអណ្តូងទឹកស្អាតចំនួន ១,៥០០អណ្តូង។ គម្រោងសាក​ល្បង​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា (ឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨) ហិរញ្ញ​ប្បទាន​ឥត​សំណង​​។ គម្រោងបានធ្វើពិធីបើកសម្ពោធ​នៅ​ឃុំ​ស្វាយអំ​ពារ ស្រុកមុខ​កំពូល ខេត្តកណ្តាល។ 

គម្រោង​​មានសមាសភាគដូចតទៅ៖

ផ្នែកហេដ្ឋារចនាសម្ព័ន្ធ៖ ការ​ផ្គត់ផ្គង់ទឹកស្អាត និងសាងសង់រោងសិប្បកម្ម​សាប៊ូលាង​ចាន​ចំនួន ២កន្លែង។

  • សេវាសាធារណៈ៖ មជ្ឈមណ្ឌលសហគមន៍​ពីរជាន់ សរុប ៤០០ ម៉ែត្រការ៉េ​។ការកែលំអរបរិស្ថាន៖​ ការស្ថាបនាបង្គន់​អនាម័យសម្រាប់ប្រជាជន​ក្រីក្រ ១០០គ្រួសារ។ការតបណ្តាញអគ្គីសនីសំរាប់ប្រជាជនក្រីក្រចំនួន ៨២គ្រួសារ។ការសាងសង់ផ្ទះសម្រាប់ប្រជាជនក្រីក្រ ១០គ្រួសារ និងគ្រោង​សាង​សង់​ថ្មីបន្ថែម ៣២ផ្ទះ និងគ្រោងជួស​ជុល ១៧៨ផ្ទះ។ការផ្តល់ចង្ក្រាន ចំនួន១០០០ និងជើងទ្រចង្រ្កាន ចំនួន ៥០០។ការកែលំអរជីវភាព៖ តាមរយៈការចិញ្ចឹមគោ ការដាំផ្សិត សិប្បកម្មសាប៊ូលាងចាន និងសួនបន្លែគ្រួសារ។ការពង្រឹងសមត្ថភាព៖ តាមរយៈការបណ្តុះបណ្តាលការគ្រប់គ្រងគម្រោងចំនួន ១វគ្គ ការបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈដល់អ្នកភូមិ ចំនួន ៣វគ្គ និងការបណ្តុះ​បណ្តាល​ចំនួន ២វគ្គ នៅប្រទេសចិនសម្រាប់​មន្រ្តី។គម្រោងក៏បាននឹងកំពុងយកចិត្តទុកដាក់ ក្នុងការផ្តល់ប្រភពទឹកស្អាត ជូនប្រជាពលរដ្ឋ ដូច​បាន​​រៀបចំ​បញ្ចុះ​បឋមសិលា​កាល​ពី​ថ្មីៗនេះ។
  • គម្រោង​ផ្គត់ផ្គង់ទឹកជនបទជំហាន១ (២០១៧ – ២០១៨) ​ហិរញ្ញប្បទានឥត​សំណង ដើម្បីជីកអណ្តូង​ទឹក​ចំនួន ៨៤៦ ជីកស្រះ​សហគមន៍ចំនួន ៤៥​ និងជីកស្រះ​ទឹក​សហគមន៍ដែលមានរៀបថ្ម ចំនួន២៨ នៅក្នុង​ខេត្ត​គោល​​​ដៅ​របស់​គម្រោង​ចំនួន​៦ រួមមាន​ ខេត្ត​កំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្ត​​កណ្តាល ខេត្តត្បូងឃ្មុំ និង​​ខេត្ត​ស្វាយ​រៀង។ គម្រោងបាន​បញ្ចប់​ដោយជោគជ័យកាលពីថ្ងៃទី ៩ ខែកក្តដា ឆ្នាំ២០១៨។
  • គម្រោង​កែលម្អផ្លូវជនបទ ជំហាន១ (ឆ្នាំ២០១៧) ​ហិរញ្ញប្បទាន​ឥតសំណង ដើម្បី​ធ្វើការកែលម្អ​ផ្លូវជន​បទ ​​ដោយ​​ក្រាលកៅ​ស៊ូ​​​ពីរជាន់​(DBST) និងផ្លូវបេតុង​ចំនួន ៦ខ្សែ ប្រវែងសរុប ៣៥,៤៦២ គីឡូម៉ែត្រ និង​​​សាងសង់ស្ពានបេតុង​មួយ​កន្លែង ប្រវែង ១២៥ម៉ែត្រ នៅ​ក្នុ​ង​ខេត្តគោលដៅចំនួន៤ ​រួមមាន៖ ខេត្ត​កំពង់​​ស្ពឺ កំពង់ឆ្នាំង​ កំពង់ចាម និង​ខេត្តកំពង់ធំ ​គម្រោងបាន​បញ្ចប់​ជាស្ថាព​រ​កាល​ពី ខែមីនា ឆ្នាំ២០១៩។
  • ក្រៅ​ពី​នេះ​ក្រសួង​ក៏​បាន​ទទួល​គម្រោង​ចំនួន ២ទៀត ​តាមរយៈ​មូលនិធិពិសេស​​សហប្រតិ​បត្តិការ​ឡានឆាង-មេគង្គគឺ៖
  • ​ទី១ គឺគម្រោងកាត់បន្ថយភាពក្រីក្រ តាមរយៈការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ ទី២ គឺ​គម្រោងសមាហ​រណ​កម្ម​​​ ការ​អភិវឌ្ឍន៍សហគមន៍តាម​ដងទន្លេមេគង្គ។​

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានសំណូមពរ សម្រាប់កិច្ចសហប្រតិបត្តិការបន្តជាមួយភាគីមិត្តចិន សូម​បន្ត​ជំរុញដំណើរការ និង​ពង្រីក​បន្ថែម​ទៅ​កាន់​ខេត្ត​កំពង់​ឆ្នាំង គម្រោង​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ជនបទ ដែល​​​​ជាការ​អភិវឌ្ឍចំរុះ​មួយ​ដល់​សហគមន៍​​ជនបទ បន្ត​គាំ​ទ្រ​គម្រោង​ផ្សេង​ទៀត ​ដែល​បាន​នឹង​កំពុង​អនុវត្ត​ន៍​​ដូច​ជា៖ គម្រោងកែលម្អផ្លូវជនបទ និង​គម្រោងផ្គត់ផ្គង់ទឹកជនបទជំហានទី២ គម្រោង​តាម​រយៈ​មូលនិធិ​ពិសេស​មេគង្គ-ឡានឆាង​ជាដើម សូមភាគីចិន ជួយអភិវឌ្ឍន៍ផ្សារ និង​ទីផ្សារជនបទនៅកម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here