បញ្ចុះបឋមសិលាសាងសង់ស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាត ក្រោមជំនួយហិរញ្ញប្បទាន និងកិច្ចសហប្រតិបត្តិការ នៃ​សាធារណៈរដ្ឋប្រជាមានិតចិន

0
11

ខេត្តកណ្តាលៈ

ដោយ៖ ហុង ចំណាប់

ស្ថានីយផ្គត់ផ្គង់ទឹកស្អាតជនបទ ក្នុងឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ជាគម្រោងសាកល្បង​កាត់​បន្ថយភាពក្រីក្រនៅកម្ពុជា ក្រោមជំនួយហិរញ្ញប្បទានកិច្ចសហប្រតិបត្តិការ នៃសាធារណៈរដ្ឋប្រជាមានិតចិន ត្រូវបានបញ្ចុះបឋមសិកាសាងសង់ នាព្រឹកថ្ងៃ៥ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានការចូលរួមពីសំណាក់ លោក អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍនជនបទ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិ​វឌ្ឍន៍ជនបទ រួមនឹងលោក តាន់ ហួយផេង អគ្គនាយករងនៃមជ្ឈមណ្ឌលកាត់បន្ថយភាពក្រីក្រអន្តរជាតិចិន និងអភិបាលស្រុកមុខកំពូល និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលរួម។

ខណៈពេលនោះ លោក តាន់ ហួយផេង បានមានប្រសាសន៍ថា  ដើម្បីសម្រេចតាម គំនិតផ្តួតផ្តើមស្តីពី​កិច្ច​សហ​ប្រតិបត្តិការកាត់បន្ថយភាពក្រីក្រក្នុងតំបន់អាស៊ីបូព៌ា ដែលបានផ្តួចផ្តើមឡើងដោយ ឯកឧត្តម លី ខឹឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន និងការយល់ព្រមគ្នាជាឯកច្ឆ័ន្ទរ​វាងរដ្ឋាភិបាលនៃភាគី​ទាំងសងខាង គម្រោងកិច្ចសហប្រតិបត្តិការគំរូមួយរវាងភាគីកម្ពុជាចិន ​បានចាប់ផ្តើមឡើងជាផ្លូវ​ការនៅ ​ខែ កក្កដា ឆ្នាំ២០១៧។

ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ   ក្រុមការងាររបស់ស្ថាប័នអនុវត្តន៍គម្រោង និងអង្គភាពគ្រប់គ្រងគម្រោង​រួម​គ្នាកម្ពុជាចិន បានសហការគ្នាយ៉ាងស្អិតរមួត គាំទ្រជ្រោមជ្រែងគ្នាទៅវិញទៅមក បន្តខិតខំស្វែងយល់បន្ថែម​ឥត​​ឈប់ឈរ និងបានរួមគ្នាជុំរុញដល់ការអនុវត្តគម្រោងនេះ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋក្នុងភូមិ​អាចមើលឃើញ​នូវសមិទ្ធិផលពិតប្រាកដ ហើយក៏មើលឃើញពីសេចក្តីសង្ឃឹមថ្មី ក្នុងការកែប្រែមុខមាត់របស់ភូមិដ្ឋានផងដែរ។

គម្រោងនេះ នឹងដោះស្រាយបញ្ហាសុវត្ថិភាពទឹកស្អាត ដែលជាបញ្ហារំខាន់ដល់បងប្អូនប្រជាពលរដ្ឋ យើងជា​យូរយារណាស់មកហើយ ហើយវាក៏ជាខ្លឹមសារសំខាន់ជាងគេបំផុតមួយ នៅក្នុងគម្រោងរបស់ពួកយើង។

លោក​ អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍនជនបទ បានមានប្រសាសន៍ថា  ជាការពិតរដ្ឋាភិបាល​សាធា​រណ​​​រដ្ឋ​ប្រជាមានិតចិន បានផ្តល់ហិរញ្ញប្ប​ទាន​សម្បទាន និងហិរញ្ញប្ប​ទាន ​ជាជំនួយឥតសំណងដ៏ច្រើន ទាន់​ពេលវេលានៃតម្រូវការជាក់ស្តែង ដោយពុំមាន​លក្ខខណ្ឌស្មុគ​ស្មាញ​នោះ​ទេ ក្នុងន័យរួមចំណែកស្តារ និងអភិ​វឌ្ឍន៍ប្រទេសកម្ពុជាលើគ្រប់វិស័យ ពិសេសលើវិស័យ​ ហេដ្ឋាចរនាសម្ព័ន្ធជនបទ និងការសាងសង់ស្ថានីយ៍​ទឹកស្អាត​នៅពេលនេះជាដើម។ ការជួយឧបត្ថម្ភគាំទ្រទាំងនេះ គឺជាការរួមចំណែកដ៏សំខាន់ជា​មួយ​​​រាជ​រដ្ឋាភិ​បាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ក្នុងខណៈពេលដែលកម្ពុជាធ្លាប់​បានឆ្លង​ផុតពីសង្រ្គាម និងកំពុងមានតម្រូវការចាំបាច់ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ​របស់ខ្លួន​នោះ។

លោករដ្ឋលេខាធិការ មានប្រសាសន៍បន្តទៀតថា សមិទ្ធផលទាំងអស់ដែលយើងទទួលបានកន្លងមក មិន​មែន​​កើតឡើងដោយចៃដន្យនោះទេ គឺកើតឡើងក្រោមកិច្ចខិតខំប្រឹងប្រែងគ្រប់ភាគីពាក់ព័ន្ធ ពិសេស ដោយ​សារមានយុទ្ធសាស្រ្តឈ្នះឈ្នះរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រ​កម្ពុជា  នៅឆ្នាំ ១៩៩៨ បានធ្វើឲ្យប្រទេសកម្ពុជារបស់យើង ប្រែក្លាយពីប្រទេសដែលញាំញី​​ដោយសង្គ្រាម​ស៊ីវិល ក្លាយទៅ​ជាប្រទេស​​ដែលមានសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់​សង្គម ការរក្សា​បាននូវ​​​ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទន្ទឹមនឹងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់ ៧%ក្នុងមួយឆ្នាំ និង​ការ​កាត់​​បន្ថយភាពក្រីក្រជាង ១% ក្នុង​១​ឆ្នាំ ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លង​ទៅនេះ ។

បច្ចុប្បន្ននេះ កម្ពុជា​បាន​ក្លាយពីប្រទេសមានចំណូលទាប ទៅជាប្រទេសមាន​ចំណូលមធ្យម​កម្រិតទាប និង​រំពឹង​ទុកថានឹងប្រែក្លាយទៅជាប្រទេស ដែលមានចំណូល​ខ្ពស់​នៅឆ្នាំ ២០៥០។

ការកាត់បន្ថយភាពក្រីក្រ គឺជាការងារដ៏សំខាន់ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ​ជាពិ​សេស​​នៅ​ក្នុង​នីតិកាលទី៥ កន្លងទៅ។ រាជរដ្ឋាភិបាលក្រោមការដឹកនាំ​ដ៏ត្រឹមត្រូវ និងប្រកបដោយគតិ​បណ្ឌិត​របស់​  សម្តេច ហ៊ុន សែន នៅ​តែចាត់​ទុក  វិស័យ​អភិវឌ្ឍន៍ជនបទ ជា​វិស័យអាទិភាពមួយក្នុងចំណោម​វិស័យ​អាទិភាព​ទាំង៤ នៅ​ក្នុង​យុទ្ធសាស្រ្ត​ចតុកោណដំណាក់កាលទី៣ ហើយរាជរដ្ឋាភិបាលក្នុង​នីតិកាលទី ៦នេះ ក៏បានប្រកាសហើយថា ​នឹងបន្តអនុវត្តន៍យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់កាលទី៤​​ តទៅទៀត។

ក្រសួងអភិវឌ្ឍន៍ជនបទបាន កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការខិតខំជំរុញការធ្វើ​សមាហរណកម្មរ​វាង​ទីក្រុង និង​ទីជនបទ​ឲ្យកាន់តែមានលក្ខណៈប្រសើរឡើង សំដៅបង្កើតឡើងនូវកាលា​នុវត្តភាព​សេដ្ឋកិច្ចសង្គម ជំរុញ​កំណើនបរិយាប័ន្នសេដ្ឋកិច្ច និង​​កែលម្អ​ជីវភាពរបស់ប្រជនជន​​​​​​​​​​​​​នៅតំបន់​ជនបទ ​ឲ្យកាន់តែល្អប្រសើ​រ​ឡើង។ កិច្ចការអភិវឌ្ឍន៍ជនបទ គឺជាការងារពហុវិស័យ ដែលទាមទារឲ្យមាន​ការចូល​រួម​សហការ​ដោយ​សកម្ម និងរស់រវើកពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់។ ក្នុងស្មារតីនេះ ក្រសួងអភិវឌ្ឍន៍​ជនបទ បាន​យក​ចិត្ត​ទុកដាក់ខ្ពស់​ក្នុងការងារស្តារ និងជួសជុលហេដ្ឋារចនា​សម្ព័ន្ធ​ជនបទ ដែល​រួមមាន ផ្លូវជន​បទ​ ស្ពាន ផ្សារជនបទ អណ្តូងទឹក និងបង្គន់អនាម័យ ពិសេសការបង្កើនប្រាក់ចំណូល​បន្ថែមសម្រាប់​គ្រួសារ​ ​តាមរយៈ​ការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍​ជនបទ​ ដោយមានការគាំទ្រទាំងផ្នែក​បច្ចេកទេស និងធន​ធានផ្សេងៗ ជាអាទិ៍​ការ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការផ្តល់សេវាឥណទាន​ខ្នាតតូច ​​ការបង្កើត​​​​សហគមន៍សន្សំ​ប្រាក់នៅ​តាម​មូលដ្ឋាន ដែលជាប្រភពទុន​ដ៏​សំខាន់​សម្រាប់​​​ប្រជាពលរដ្ឋក្រីក្រ នៅ​ជ​ន​​​​ប​ទប្រើប្រាស់​ក្នុងការបង្កើត និង​ពង្រីក​មុខរបរ ឬអាជីវកម្មខ្នាតតូច ដើម្បីកែលម្អ និងលើកកម្ពស់ជីវភាព​ប្រជាពលរដ្ឋ និងកាត់បន្ថយការ​ធ្វើចំណាកស្រុក៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here