សេចក្ដីព្រាងច្បាប់ ស្តីពី សញ្ជាតិ ​ថ្មី កំណត់​លក្ខខណ្ឌ ៤ចំណុចសំខាន់ សម្រាប់ជនបរទេស

0
99

ដោយ៖ សេង ស៊ីដារ៉ូ

(ចេញផ្សាយជាសាធារណៈ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨)

សេចក្ដីព្រាងច្បាប់ ស្តីពី សញ្ជាតិ មាន ១០ ជំពូក និង ៣៨ មាត្រា ត្រូវបាន​រដ្ឋសភា ប្រជុំ​អនុម័ត​ជា​ឯកច្ឆន្ទ កាល​​ពី​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨​។ សេចក្តីព្រាងច្បាប់​ថ្មី​នេះ បង្ហាញថា អ្នក​ដែល​ទទួល​សញ្ជាតិ​ខ្មែរ មាន ៤លក្ខ​ណ្ឌ​។ ការទទួលបាន​សញ្ជាតិ​ខ្មែរ តាមរយៈ​លក្ខខណ្ឌ​ទាំង ៤នេះ មិនអាច​មានច្បាប់ ឬ​បុគ្គល​ណាមួយ ដក​សញ្ជាតិ​ខ្មែរ​វិញ​បានទេ លើកលែងតែ​សា​មីជន បាន​ស្នើសុំ​បោះបង់​សញ្ជាតិ​ដោយ​ខ្លួនឯង​។

​លក្ខខណ្ឌ​ទាំង ៤ចំណុច ដែល​កំណត់​ក្នុង​ច្បាប់​សញ្ជាតិ សម្រាប់​អ្នក​ដែល​ទទួលបាន​សញ្ជាតិ​ខ្មែរ រួមមាន​៖
១-​ការទទួលបានស​ញ្ជា​តិ​ពី​កំណើត(កូនដែល​កើត​ពី​ឪពុកម្ដាយ​ជា​ជនជាតិខ្មែរ)
២-​ការ​ស្មុំ​កូន​ពេញលេញ (​ជនជាតិខ្មែរ សុំ​កូន​ពី​ជនបរទេស តាមច្បាប់ នាំ​ឲ្យ​កូន​នោះ ទទួលបាន​សញ្ជាតិ​ខ្មែរ )
៣-​សញ្ជាតិ​តាមរយៈ​អាពាហ៍ពិពាហ៍ (ជនបរទេស នឹង​ទទួលបាន​សញ្ជាតិ​ខ្មែរ បើ​រៀបការ​ជាមួយ​បុរស ឬ​នារី​ខ្មែរ)
៤-​ការទទួល​សញ្ជាតិ តាមរយៈ​សញ្ជាតិតូបនីយកម្ម (ជនបរទេស ដែល​រស់នៅ​ប្រទេស​កម្ពុជា​ចាប់ពី ៧ឆ្នាំ​ឡើងទៅ អាចដាក់​ពាក្យស្នើសុំ​សញ្ជាតិ ឬក៏​ជនបរទេស ដែល​បាន​បោះទុន​វិនិយោគ ឬ​បានផ្ដល់​អំណោយ​ជា​ប្រាក់ ដល់​ថវិកាជាតិ ក្នុង​ចំនួន​កំណត់​ណាមួយ ក៏​អាច​ស្នើសុំ​សញ្ជាតិ​ខ្មែរ​បានដែរ​)​។​

​សូម​រំឭកថា ចំនួន​ទឹកប្រាក់​វិភាគទាន ឬ​ទឹកប្រាក់​វិនិយោគ ដែល​ភ្ជាប់​ក្នុង​ខណ្ឌ​ស្នើសុំ​សញ្ជាតិ​ខ្មែរ ត្រូវបាន​ច្បាប់​​សញ្ជាតិ ដែល​បានដាក់​ឲ្យ​ប្រើប្រាស់ កាលពី​ឆ្នាំ​១៩៩៦ បាន​កំណត់ថា ជនបរទេស ដែលមាន​សិទ្ធិ​វិនិ​យោគ​នៅ​កម្ពុជា ហើយ​អនុវត្តន៍​គម្រោង​ជាក់ស្ដែង​ជា​ទុន ចាប់ពី ១.២៥០ លាន​រៀល​ឡើងទៅ ឬ​ជនបរទេស ដែល​ផ្ដល់​អំណោយ​ជា​ប្រាក់​ដល់​ថវិកាជាតិ ចាប់ពី ១.០០០ លាន​រៀល​ឡើងទៅ អាច​ស្នើសុំ​សញ្ជាតិ​ខ្មែរ​បាន​។

​ក៏ប៉ុន្តែ​សម្រាប់​ច្បាប់​សញ្ជាតិ​ថ្មី ដែល​រដ្ឋសភា ទើបតែ​អនុម័ត​ជា​ឯកច្ឆន្ទ កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨ មិនបាន​កំណត់​ពី​ចំនួន​ទឹកប្រាក់​វិភាគទាន ឬ​ទឹកប្រាក់​វិនិយោគ របស់​ជនបរទេស​នោះទេ​។ ចំនួន​ទឹកប្រាក់​នេះ នឹងត្រូវ​កំណត់ដោយ​អនុក្រឹត្យ ចេញ​ដោយ​រាជរដ្ឋាភិបាល នៅពេល​ច្បាប់​ថ្មី​នេះ ចូល​ជា​ធរមាន​។ នេះ​បើតាម​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​បាន​ឡើង​ការពារ​សេចក្តីព្រាងច្បាប់​សញ្ជាតិ នៅក្នុង​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨​។

​នៅក្នុង​ជំពូក​ទី​៦ នៃ​ច្បាប់​សញ្ជាតិ ស្តីពី សញ្ជាតិតូបនីយកម្ម ត្រង់​មាត្រា ១៨ បាន​ចែងថា ជនបរទេស​អាច​សុំ​សញ្ជាតិ​ខ្មែរ​បាន ដោយ​សញ្ជាតិតូបនីយកម្ម​។ សញ្ជាតិ​តូបនីយកម្ម មិនមែនជា​សិទ្ធិ​របស់​អ្នកស្នើសុំ​ឡើយ គឺ​ជា​​​ការអនុគ្រោះ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​តែប៉ុណ្ណោះ​។ ទោះ​ក្នុង​ប្រការ​ណាក៏ដោយ ពាក្យសុំ​នោះ អាច​ត្រូវ​​​​បដិសេធចោល តាម​អំណាច​ឆន្ទានុសិទ្ធិ​។

​ដោយឡែក មាត្រា​១៩ បាន​កំណត់ថា ជនបរទេស ដែល​អាច​សុំ​សញ្ជាតិ​តូបនីយកម្ម​បាន ត្រូវបំពេញ​លក្ខ​ខណ្ឌ ដូចតទៅ​៖

១-​មានគំនិត មារយាទ និង​សីលធម៌​ល្អ​។

២-​ពុំដែល​មានទោស​ពីបទ​ឧក្រិដ្ឋ ឬ​ប​ទម​ជ្ឈិ​ម​ណាមួយ​។

៣-​មាន​ទីលំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ស្នាក់​នៅជាប់​ចំនួន ៧​ឆ្នាំ ដោយ​គិតពី​ថ្ងៃ ដែល​បានទទួល​ប័ណ្ណ​ស្នាក់នៅ ដែល​ចេញ​ឲ្យ​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់ ស្តីពី​អន្តោប្រវេសន៍ ចំពោះ​ជនបរទេស​អន្តោប្រវេសន៍​។

៤-​មាន​ទីលំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​ប័ណ្ណ​ស្នាក់នៅ​ដែល​ចេញ​ឲ្យ​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់ ស្តីពី អន្តោប្រវេសន៍ ចំពោះ​ជនបរទេស ដែល​បានកំណត់​នៅក្នុង​មាត្រា​២១ និង​មាត្រា២២ នៃ​ច្បាប់​នេះ​។

៥-​ចេះ​និយាយ​ភាសា​ខ្មែរ ចេះអក្សរ​ខ្មែរ និង​យល់ដឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​ខ្លះៗ ហើយ​បង្ហាញ​ភ័ស្តុតាង​ថា ខ្លួន​អាច​រស់នៅ​ក្នុងសង្គម​ខ្មែរ​បាន​ដោយ​សុខដុម ព្រមទាំង​ទទួលបាន​នូវ​ទំនៀមទម្លាប់ និង​ប្រពៃណី​ល្អ​របស់​ខ្មែរ​។

៦-​មាន​បញ្ញា និង​កាយសម្បទា ដែល​មិន​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ឬ​នាំ​ឲ្យ​មាន​បន្ទុក​ដល់​ជាតិ​៕

ច្បាប់​សញ្ជាតិ​ថ្មី កំណត់​លក្ខខណ្ឌ ៤ ចំណុច …

Translate this page

May 31, 2018 – (​ភ្នំពេញ​)៖ សេចក្ដីព្រាងច្បាប់ ស្តីពី សញ្ជាតិ មាន ១០ ជំពូក និង ៣៨ មាត្រា ត្រូវបាន​រដ្ឋសភា …

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here