រមណីយដ្ឋានវប្បធម៌ភ្នំដោះក្រមុំ ត្រៀមដាក់បញ្ចូល ក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក នាពេលឆាប់ៗនេះ

0
74

ខេត្តមណ្ឌលគីរីៈ

ដោយ៖ សេង ស៊ីដារ៉ូ

ភ្នំដោះក្រមុំ មានជម្រាលខាងត្បូងទល់នឹងព្រលានយន្តហោះ ហើយភ្នំនេះ គ្របដណ្តប់ទៅដោយវាលស្មៅពី​ចង្កេះ​ភ្នំរហូតដល់កំពូលភ្នំ។

ទិដ្ឋភាពភ្នំដោះក្រមុំ មានលក្ខណៈស្រដៀងគ្នាទៅនឹងភ្នំជាច្រើនទៀត ដែលស្ថិតនៅក្នុងស្រុកសែនមនោរម្យ និងស្រុកអូររាំង នៃខេត្តមណ្ឌលគីរី។

មានបងប្អូនខ្មែរលើ ក៏ដូចជាបងប្អូនខ្មែរកណ្តាល ដែលរស់នៅក្នុងខេត្តមណ្ឌលគីរី បានចាត់ទុកភ្នំដោះក្រមុំ ជាទីកន្លែងសក្ការៈមួយយ៉ាងសំខាន់។ ទន្ទឹមនេះគេបានចាត់ទុក ភ្នំដោះក្រមុំ ជាមជ្ឈមណ្ឌលវប្បធម៌ ​របស់​ព្រះរាជាណាចក្រកម្ពុជា។

តាមការលើកឡើងរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ​ភ្នំដោះក្រមុំ​គ្រោងនឹងដាក់បញ្ចូល ទៅ​ក្នុង​​​​សម្បត្តិបេតិភណ្ឌពិភពលោក នាពេលឆាប់ៗនេះ។

តាមជនជាតិដើមភាគតិចយើង មានជំនឿ និងលើកឡើងថា ភ្នំដោះក្រមុំ ទាក់ទងទៅនឹងរឿងព្រេងបុរាណ ហើយពេលនោះ មានបុរសម្នាក់ឈ្មោះ ស្រុះ រស់នៅក្នុងភូមិអូរទ្រូ ស្រុះ តែងតែធ្វើដំណើរជាញឹកញាប់ ទៅ​លេង​​បង​ប្អូននៅត្រពាំងអំបិល ខណៈពេលនោះ ស្រុះ ឃើញនារីម្នាក់ឈ្មោះ ផ្លំ មានរូបសម្បត្តិស្រស់ស្អាត​ក្នុង​ភូមិនោះ បន្ទាប់មកបុរសស្រុះក៏ចាប់ចិត្តស្រលាញ់នារី ផ្លំ ហើយមានទំនាក់ទំនងជាមួយនាងរហូតដល់បាន​ស្គាល់​​ចិត្តគ្នា ។

ស្រុះ បានសុំឪពុកម្តាយ ឲ្យទៅចូលស្តីដណ្តឹងនាង ផ្លំ ដើម្បីរៀបការជាប្តីប្រពន្ធ។ ឪពុកម្តាយនាង ផ្លំ ក៏យល់​ព្រម​ឲ្យកូនរៀបការជាមួយស្រុះ តែពុំទាន់កំណត់ពេលវេលាទេ ព្រោះមង្គលការអចកំណត់ទៅបាន លុះត្រា តែកូនកំលោះអាចរកបណ្ណាការសម្រាប់ជូន ទៅខាងកូនក្រមុំ​សព្វគ្រប់សិន ដូចជា ក្របី គោ ជ្រូក ពាង​សម្រាប់​ដាក់​ស្រាបឺត ព្រមទាំងគ្រឿងអលង្ការជាដើម។ ក្នុងពេលដែលគ្រួសារ ស្រុះ រកជំនូនបានហើយ ​ខាង​គ្រួសារនាង ផ្លំ ដែលកំពុងត្រៀមលក្ខណៈទទួលកូនកំលោះនោះ ក៏ចំពេលខែប្រមូលផលស្រូវដែរ ។

បញ្ហារៀបការត្រូវបានពន្យាពេលសិន ព្រោះជនជាតិភ្នងមានជំនឿថា អ្វីៗសុទ្ធតែមានព្រលឹង។ បើសិនប្រមូល​ផល​ស្រូវ​ដាក់ជង្រុកហើយ មិនទាន់បានសែន មិនអាចឲ្យយកស្រូវទៅបុកបរិភោគ ឬប្រើប្រាស់ក្នុង​ពិធី​មង្គល​ការបានឡើយ ព្រោះនឹងធ្វើឲ្យមានគ្រោះចង្រៃ ដល់គូរស្រករថ្មី។ ដូច្នេះគេត្រូវរៀបពិធីសែនព្រលឹង​ស្រូវជា​មុន​សិន ។

ថ្ងៃនេះគ្រួសារនាងផ្លំ បានរៀបចំសែនព្រលឹងស្រូវ ដើម្បីអំពាវនាវហៅព្រលឹងស្រូវ ដែលវង្វេងបាត់នៅក្នុងព្រៃ ដោយត្រូវសត្វស៊ីបំផ្លាញ ឬដោយអ្នកថែរក្សាព្រៃភ្នំជ្រោះជ្រលងដងអូរ ចាប់ឃាត់ទុក។ នៅថ្ងៃនោះដែរនាផ្លំ ក៏បានទៅដងទឹកយកមកប្រើប្រាស់។​

ពេលនោះ ឪពុកម្តាយនាងផ្លំ ឆ្ងល់យ៉ាងខ្លាំង ព្រោះនាងបានទៅដងទឹកយូរណាស់មកហើយ តែមិនទាន់​ឃើញនាងត្រឡប់មកវិញ ក៏នាំគ្នាស្រែកបង្កូកហៅនាងគ្រប់ទិសទី ហើយដើរទៅរកដល់កន្លែងដងទឹក ស្រាប់​តែឃើញសាល់ (កាផា) និងឃ្លោកសម្រាប់ដងទឹក ។

ដំណឹងនេះបានធ្វើឲ្យស្រុះ ព្រួយចិត្តយ៉ាងខ្លាំង តែទោះជាយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែព្យាយាម ដើររក​នាងផ្លំជានិច្ច។ ថ្ងៃមួយស្រុះ ត្រូវទៅកាប់ឫស្សីនៅក្បែរភ្នំពីរ គឺភ្នំមួយ មានព្រលឹងលោកយាយ ជូហូវ ថែរក្សា និងភ្នំមួយទៀតមានព្រលឹងលោកយាយ ជីហ្គរ ថែរក្សា។ ពេលឃើញ ស្រុះ ជញ្ជូនឫស្សីដាក់ក្បែរកន្លែង ដង​ទឹក លោកយាយទាំងពីរ ក៏បានប្រាប់នាងផ្លំ ឲ្យទៅជួបគូដណ្តឹងរបស់នាង។

ខណៈនោះស្រុះ ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបានជួបគូដណ្តឹង។ នាងផ្លំ បានរៀបរាប់សេចក្តីនឹករលឹក របស់​ខ្លួន ចំពោះស្រុះ និងដំណើរជីវិតរបស់នាងក្នុងពេលបាត់ខ្លួន។ នាង បានបញ្ជាក់ថា លោកយាយទាំងពីរ បាន​ឃាត់នាងឲ្យនៅថែរក្សាទឹកដីម្តុំអស់នេះ។

ពេលនោះនាង ក៏សុំឲ្យស្រុះ មករស់នៅជាមួយនាង ដើម្បីសាងសុភមង្គលជាមួយគ្នា។ ស្រុះសប្បាយចិត្ត ណាស់ ក៏យល់ព្រមទៅតាមការស្នើសុំរបស់នាងផ្លំ។

បន្ទាប់ពីការបាត់ខ្លួនរបស់នាងផ្លំ ហេតុការណ៍បាត់ចខ្លួនរបស់ ស្រុះ បានធ្វើឲ្យមានការជ្រួលច្របល់​ពេញទាំង​ភូមិ ដូច្នេះគេក៏នាំគ្នាប្រារព្ធពិធីបន់ស្រន់។ ក្រោយពីការបន់ស្រន់រួចមក គេមិនឃើញមានការបាត់ខ្លួន អ្នក​ដទៃទៀតឡើយ។

ដោយមានជំនឿយ៉ាងខ្លាំងពីភាពស័ក្តិសិទ្ធិរបស់ភ្នំនេះ បងប្អូនខ្មែរលើ ខ្មែរកណ្តាល ដែលរស់នៅខេត្ត​មណ្ឌល​គិរីនេះ ពួកគេបានចាប់ផ្តើមសង់ខ្ទម មានដាក់ដំថ្មជានិមិត្តរូប។ ក្រោយមកខ្ទមនោះ ត្រូវបានគេរុះរើ ជាបន្ត​បន្ទាប់​រហូតឈានដល់ការសាងសង់ជារោងយ៉ាងមាំ ហើយឆ្លាក់រូបបដិមា ធ្វើអំពីថ្មកែវយ៉ាងធំ មកពីខេត្ត​ពោ​ធិ៍សាត់ មកតម្កល់លើភ្នំ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៤ ​ដែលគេហៅថា លោកតាស្រុះ (ភ្នំដោះក្រមុំ)។

ភ្នំដោះក្រមុំ គឺជាទីមនោរម្យដែលគេតែងតែនាំគ្នាឡើងទៅបន់ស្រន់ ឫលាបំណន់ និងមើលទេសភាព​ស្រស់​ត្រកាលនៃទីរួមខេត្ត ហើយស្រូបយកខ្យល់អាកាស ដ៏ត្រជាក់គួរជាទីគាប់ចិត្ត។

ការហៅឈ្មោះថា ភ្នំដោះក្រមុំ គឺហៅតាមការប្រសិទ្ធិនាមរបស់មន្ត្រី រាជរដ្ឋាភិបាលម្នាក់ ដែលបានចុះទៅ បំពេញបេសកម្មរៀបចំដែនដី នៅតំបន់ក្បែរភ្នំនោះ ការលពីចុងទស្សវត្សឆ្នាំ១៩៥០  និងដើមទសវត្សឆ្នាំ ១៩៦០  ដើម្បីបង្កើតខេត្តថ្មីមួយទៀតគឺខេត្តមណ្ឌលគីរី។ ទឹកដីនៃខេត្តនេះ តាំងពីសម័យអាណានិគមបារាំង​រហូត​​ដល់ឆ្នាំ១៩៦១ ត្រូវបានគេស្គាល់ថា ជាតំបន់ឆ្លូងលើនៃស្រុកមួយក្នុងខេត្តក្រចេះ។

ការប្រសិទ្ធនាម ភ្នំដោះក្រមុំនោះ​គឺយោងទៅតាមលក្ខណៈរូបរាងនៃភ្នំ មានសភាពដូចសុដន់នារីក្រមុំព្រហ្មចារី កំពុងដេកផ្ងារ ។ ឈ្មោះនេះបានជ្រួតជ្រាបដល់បងប្អូនខ្មែរ និងព្នងដែលរស់នៅខេត្តនេះ។

ចូលដល់រដូវធ្វើចម្ការ ឪពុកម្តាយស្រុះ បានទៅធ្វើចំការនៅឯភ្នំ ជីហូវ និងភ្នំជីហ្គរ ហើយក៏បានជួបស្រុះ និងផ្លំ ។ អ្នកទាំងពីរបានរៀបរាប់ ខ្លួនត្រូវនៅជួយថែរក្សាភូមិស្រុកម្តុំនេះ សូមពុកម៉ែបងប្អូនទាំងអស់ កុំពិបាកចិត្តអី បើមានទុក្ខ សូមអ្នកទាំងអស់ធ្វើពិធីសែនព្រេនរំលឹក ដល់ម្ចាស់ទឹកម្ចាស់ដី និងបារមីទៅ​នឹងបានសេចក្តី​សុខ​ហើយ។ ម្យ៉ាងទៀតលោកយាយទាំងពីរ បានផ្តាំថា ចាប់ពីថ្ងៃនេះ​ទៅ សូមឲ្យអ្នកស្រុកនាំគ្នាហៅភ្នំនេះថា ភ្នំស្រុះ ផ្លំ វិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here