ប្រវត្តិកោះទ្រង់ (ឬកោះបាត់ទម្រង់) និងដើមរការយក្ស អាយុ​​មិន​​ក្រោម​៥០០ឆ្នាំ ទៅ ៦០០ឆ្នាំ​ជាទីកន្លែង​ទាក់​ទាញភ្ញៀវទេសចរណ៍

0
89

ខេត្តក្រចេះ

ដោយ៖ សេង ស៊ីដារ៉ូ

កោះទ្រង់មានចម្ងាយតែជាងពីរគីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះតែប៉ុណ្ណោះ និងជារមណីដ្ឋានទេសចរណ៍​ធម្ម​ជាតិ​ដ៏ស្រស់ត្រកាល និងកំពុងមានភាពល្បីល្បាញ នាពេលបច្ចុប្បន្ននេះ ​ដោយកោះទ្រង់រំលេចទៅដោយ​ដើម​រការយក្សដ៏ធំជាទីទាក់ទាញភ្ញៀវទេសចរណ៍ ថែមទៀតផង។

លោក ប៊ុន បាន ប្រធានសហគម​ទេសចរណ៍ អេកូរធម្មជាតិកោះទ្រង់ បានឲ្យដឹងថា ពីដើមមកកោះទ្រង់នេះ​មានវិសារភាពធំទូលាយណាស់ ដោយលើកោះនោះ មានដើមរកាដ៏ធំៗ ដែលមានកម្ពស់រហូតដល់ ៣៦ម៉ែត្រ បើតាមការបង្ហោះដ្រូនពីលើអាកាស។

បើយោងតាមការសន្និដ្ឋានរបស់មន្ទីរកសិកម្ម ខេត្តក្រចេះ បានឲ្យដឹងថា ដើមរកាយក្សនេះ​អាចមានអាយុ​កាល​​មិន​​តិច​ក្រោម​៥០០ឆ្នាំ ទៅ៦០០ឆ្នាំនោះឡើយ។

លោក ប៊ុន បានបន្តទៀតថា បើតាមការវាស់តាមរយៈតោងដៃគ្នាអោបជុំវិញដើមរកានោះ អាចមនុស្សអោប​បានចាប់​​ពី១៣នាក់ ទៅ១៥នាក់ នៃជនជាតិបរទេស ដែលអាចមានទំហំផ្ចិត ៥ ទៅ ៦ម៉ែត្រឯណោះ។ ក្នុង​មួយខែៗ ដើមរកាយក្សនេះ ទទួលបានភ្ញៀវមកថតលេងចាប់ពី ៤០ ទៅ ៥០នាក់ ដែល ជនជាតិបរទេស​ចូល​​ចិត្តមកទស្សនាដើមរកាយក្សនេះ។

ប្រវត្តិកោះទ្រង់នេះ មនុស្សចាស់ៗ ដែលធ្លាប់និទានតៗគ្នាថា កោះទ្រង់ពីមុនមកឈ្មោះថា កោះបាត់ទម្រង់ នៅលើកោះនេះ ពីដើមមានតែជនជាតិដើមភាគតិចព្នង ៥ ទៅ ៦គ្រួសារប៉ុណ្ណោះ អាស្រ័យរស់នៅ​លើកោះ​នេះ ហើយភាគច្រើនក្នុងតំបន់នេះ សំបូរទៅដោយសត្វពស់ ទន្សាយ ពិសេសសំបូរសត្វទន្សាយតែម្តង។

សម័យកាលមួយស្តេចមួយអង្គ បានយាងមកដល់ភ្នំសំបុក ជួនជារដូវប្រាំងក្តៅហែង ស្តេចក៏យាងមក​ក្រសា​ល​​ទឹក​លើកោះទ្រង់​នេះ ហើយក៏បានជ្រុះព្រះទម្រង់ទៅក្នុងបាតទន្លេ ទោះជាប្រើអាមាត្យឲ្យរាវរកបាតទន្លេ ក៏ មិ​នឃើញដដែល ទើបស្តេចអង្គនោះ យាងមកភ្នំសំបុកវិញ ហើយទើបជនជាតិដើមភាគតិចយើង ហៅកោះ នោះថា កោះបាត់ទម្រង់ រហូតមកដល់គ្រាដែលប្រជាជនមកពីភូមិភាគកណ្តាល ព្រៃវែង កំពង់ធំ ស្វាយរៀង កំពង់ចាម បានមកលេងលើកោះនោះ ស្តាប់មិនយល់ពីពាក្យឈ្មោះកោះថា កោះបាត់ទម្រង់​ក៏បានប្តូរហៅ​មក​ជាកោះទ្រង់ វិញជារៀងរហូតមកដល់បច្ចុប្បន្ននេះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here