ប្រវត្តិៈ បឹងទុំលែង មានរឿងរ៉ាងទាក់ទិនអ្នកគង្វាល និងសត្វរមាស ស៊ីបន្លា និងទឹកល្អក់

0
97

ខេត្តបាត់ដំបងៈ

ដោយ៖ សេង ស៊ីដារ៉ូ

ប្រវត្តិបឹងទុំលែង បានក្លាយទៅជារឿងនិទាន ដែលត្រូវបានគេហៅតៗគ្នា ជារៀងរហូតមកដល់បច្ចុប្បន្ន តាម​ស្ថា​នភាពទីតាំងភូមិសាស្ត្រ​​បឹងទុំលែង បើយើងធ្វើដំណើរតាមផ្លូវជាតិលេខ៥ ពីភ្នំពេញ ទៅកាន់ខេត្តបាត់ដំ​បង នៅពេលទៅដល់​ឃុំគួយជីកដី ក្នុងស្រុកមោងឬស្សី ហើយចុះពីថ្នល់ជាតិតាមផ្លូ​វខាងជើង ចេញពីសាលា​ស្រុក​​មោង​ឫស្សី ឈមមុខទៅទិសអាគ្នេយ៍ចម្ងាយ ប្រហែលជា១០គីឡូម៉ែត្រ ឬដើរចុះពីថ្នល់ជាតិកាត់ត្រង់​ស្ថានីយ៍រថភ្លើង ទៅស្វាយព្រៃ ស្ថិតនៅខាងកើតសាលាស្រុកមោងឫស្សី ៧គីឡូម៉ែត្រ រួចឈមមុខទៅទិស​ទក្សិណ ចម្ងាយប្រហែល៤គីឡូម៉ែត្រ យើងនឹងបានឃើញបឹងមួយហៅថា បឹងទុំលែង មានទទឹងប្រមាណ​១០០​​​​ម៉ែត្រ​ បណ្តោយ៤០០ម៉ែត្រ ។

បឹងនោះសព្វថ្ងៃជាបឹងសក្តិសិទ្ធិ មានមច្ឆា និងម្រឹគជាតិចម្រុះជាច្រើន ដូចជា ត្រី អណ្តើក ពស់ អន្ទង់ និង​ព្រមទាំង ប្រើស ក្តាន់ ឈ្លូស  រមាំង ជាដើម។   

ដើមកំណើតនៃបឹងទុំលែងនោះ  គឺ តាមចាស់ៗដំណាលតៗគ្នាមកដល់សព្វថ្ងៃនេះថា កាលពីព្រេងនាយមាន​ព្រះមហាក្សត្រមួយព្រះអង្គ មានបុណ្យបារមីអស្ចារ្យណាស់។ ថ្ងៃមួយយព្រះអង្គគង់លើសត្វរមាស ជាព្រះរាជ​យាន​ជាមួយនឹងមេទ័ពម្នាក់ឈ្មោះ នាយទុំ ដើម្បីទៅក្រសាល និងស្តីម្នាក់ឈ្មោះ នាងមុខរាហ៍។ លុះទ្រង់ធ្វើ​គមនាការ​ទៅដល់ភូមិមួយ បានទតព្រះនេត្រទៅឃើញស្រ្តីម្នាក់ មានលំនាំប្រហែលនាងមុខរាហ៍ តែទ្រង់ទត​បញ្ជាក់​ទៅលើ ទ្រង់ជ្រាបច្បាស់ថា មិនមែនជានាងមុខរាហ៍ទេ ក៏ទ្រង់យាងចាកចេញពីទីនោះ​ទៅ​កាលទ្រង់​យាងហួស​ទៅ ទ្រង់កាត់សំដៅគេហដ្ឋាននាងមុខរាហ៍ លុះដល់ហើយស្តេចចុះពីខ្នងរមាស ឲ្យនាយទុំចង​រមាស​នោះ នៅក្រោមដើមក្រសាំងមួយ ហើយស្តេចយាងទៅក្រសាលនឹងនាងមុខរាហ៍។

ឯនាងមុខរាហ៍ កាលបានសំណេះសំណាលនឹងព្រះមហាក្សត្រ តាមកាលលោកិយ ហើយ​ក្រាបបង្គំទួលសួរ​ព្រះ​មហាក្សត្រថា ព្រះអង្គស្តេចយាងមកនេះ ដោយយានអ្វី?។ ព្រះរាជាទ្រង់តបថា បងមកដោយរមាស បង​ចងទុកក្រោមដើមក្រសាំង ឯណោះ។ រមាសស្តាប់មិនច្បាស់ឮតែថា រមាសក្រមាំងក៏នឹកក្នុងចិត្តថា ព្រះមហា​ក្សត្រ​ថា​​ខ្លួនជាសត្វក្រសាំងទៅវិញ ក៏មានចិត្តទោមនស្សដោយនឹកឃើញថា អញមានសេចក្តីស្មោះត្រង់​នឹង​លោក យកអាសារលោកខំជូនលោកមកទាំងយប់ ទាំងអាធ្រាត្រអត់ដំណេកស្រេកបង្គុយ លោកទៅជាថា​ ឯង​ក្រសាំងទៅវិញ នឹកឃើញរមាសក៏បោលផ្តាច់ខ្សែ ពីដើមក្រសាំងទៅបាត់។ ឯនាយទុំក៏ខំរត់តាមជាប់

ពី​​​ក្រោយ​រមាសទៅដែរ។

ឯព្រះមហាក្សត្រ កាលបើទ្រង់ជ្រាបថា រមាសបោលផ្តាច់ខ្សែដូច្នេះហើយ ស្តេចក៏ទ្រង់ធ្វើព្រះគមនាការយាង​តាម​​ទៅដែរ។ លុះនាយទុំតាមទាន់ត្រង់វាលមួយ ក៏តោងកន្ទុយរមាសជាប់ តែរមាសពុំព្រមឈប់សោះ។ នាយ​ទុំ​បានឈរជ្រែងជើងទប់ដី ដីក៏របើកទាំងផ្ទាំងៗ ព្រះមហាក្សត្រទ្រង់ទតឃើញដូច្នោះ ក៏ទ្រង់ស្រែកទៅ​ពី​ក្រោយ​ថា ទុំលែងៗ ទើបនាយទុំលែងរមាសនោះ។ ឯរមាសក៏បោលចូលព្រៃបាត់ទៅ ជាប់ទាំងអានដែល​នៅ​លើខ្នងនោះផង។

ព្រះមហាក្សត្រទ្រង់ខ្ញាល់ណាស់ ទ្រង់ដាក់បណ្តាសាដល់សត្វរមាសនោះថា ពូជអាឯងចាប់ពីថ្ងៃនេះទៅ ត្រូវ​ស៊ី​តែបន្លាជាអាហា និងផឹកទឹកល្អក់ជាដរាប។ ព្រោះហេតុដូច្នោះឯង បានជានៅលើខ្នងសត្វរមាសទាំងឡាយ សព្វថ្ងៃនេះមានស្រទាប់លើខ្នង សណ្ឋានដូចជាគេចងអានទុក ស្បែកក៏ប្រហេងក្រហូងជាច្រើនស្រទាប់ ជាទី​ជ្រក​​​នៅនៃពួសត្វក្អែបនិងខ្ទួយ ហើយស៊ីតែឈើ ឬវល្លិ៍ណា ដែលមានបន្លាជាអាហារ ផឹកតែទឹកល្អក់ ទោះបី​ទឹក​ថ្លាក៏វាយកជើងកូរឲ្យទាល់តែល្អក់សិន ទើបបានផឹក ​​​ដោយត្រូវបណ្តាសាព្រះមហាក្សត្រ តាំងពីពេល​នោះ​ឯង។

ត្រង់កន្លែងដែលនាយទុំតោង កន្ទុយរមាសឈរជ្រែងជើង ធាក់ដីនោះក៏ក្លាយជាបឹងមួយ មានទំហំដូចពោល​ខាងលើ​​ហៅថា បឹងទុំលែងៗ ជាប់ដរាបមកដល់សព្វថ្ងៃនេះ។ ឯភូមិជាទីលំនៅរបស់នាងមុខរាហ៍នោះ ក៏មាន​ឈ្មោះប្រាកដជាប់មកថា ភូមិមុខរាហ៍ ជាដរាបមកដល់សព្វថ្ងៃនេះដែរ។

បឹងទុំលែង ទៅភូមិមុខរាហ៍នេះ មានចម្ងាយប្រហែល៨គីឡូម៉ែត្រ។ បើត្រូវការទៅបឹងទុំលែង និងទៅភូមិមុខ​រាហ៍ យើងត្រូវធ្វើដំណើរឈមមុខ ទៅទិសខាងកើតចម្ងាយ៨គីឡូម៉ែត្រ ទើបបានទៅដល់ភូមិនោះ។ តំបន់​ដែល​ព្រះមហាក្សត្រទ្រង់ទតព្រះនេត្រ ឃើញស្តីម្នាក់ប្រហែលនាងមុខរាហ៍នោះ ហៅថា ភូមិប្រហែល ជាប់​​រហូត​មកដល់សព្វថ្ងៃនេះ គេហៅក្លាយមកថា ភមិប្រហាល ឬប៉ាលហារ ទៅវិញ។

ឯភូមិប្រហាលសព្វថ្ងៃនេះ នៅក្នុងឃុំតាលោ ស្រុកបាកាន ខេត្តពោធិសាត់។ បើធ្វើដំណើរពីភូមិប្រហាល ទៅភូមិមុខរាហ៍ ត្រូវចេញឈមមុខទៅទិសពាយ័ព្យ ប្រមាណជាង៧ ឬ៨គីឡូម៉ែត្រ ទើបបានទៅដល់​ភូមិមុខ​រាហ៍នេះ។

ទំនៀមទៅបឹងទុំលែងនោះ អ្នកស្រុកតែងហាមឃាត់ អស់ពួកមន្ត្រី ដែលទៅឈរត្រួតត្រា លើស្រុកមោងឫស្សី​នោះ មិនឲ្យដើរកាត់មុខ គឺពីខាងកើតបឹងនោះឡើយ ឲ្យដើរបានតែពីក្រោយដោយហេតុថា បើមន្ត្រីណាដើរ​កាត់​​មុ​​ខបឹងនោះ គេថាមន្ត្រីនោះនឹងត្រូវខូចបុណ្យធ្លាក់យស ឬក៏ត្រូវរាជការផ្លាស់ចេញពីស្រុកនោះ ដោយ​ឆាប់​​​​​រហ័ស ម្លោះហើយ អស់លោកណាដែលនិយមជឿតាមទំនៀមនោះ មិនហ៊ានប្រព្រឹត្តិកន្លង​ពាក្យ​ហាម​នោះ​​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here