ព្រះសម្មាសម្ពុទ្ធ កាត់ព្រះមហាសុបិន្តនិម្មិត ទាំង១៦ប្រការនេះ គឺមានហេតុការណ៍​ ដូចនាពេលបច្ចុប្បន្ន

0
175

នេះ ជាពិសេស ពាក់ព័ន្ធរាជរដ្ឋាភិបាល និងប្រពន្ធ័តុលាការតែម្តង

ដោយ៖ សេងស៊ីដារ៉ូ

(តពីលេខមុន)

សុបិន្តគម្រប់ទី៨ ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិន្តនិម្មិត ឃើញក្អមធំមួយមានទឹកពេញ គេដាក់ នៅកណ្តាល ហើយមានក្អមតូចៗជាច្រើននៅជុំវិញ ឃើញមាន​មនុស្សនាំគ្នាដងទឹកចាក់ចូលតែក្នុងក្អមធំ ដែលមានទឹកស្រាប់ ប៉ុន្តែ​ឥតមានអ្នកណាម្នាក់ចាប់ភ្លឹកចាក់ ទឹក​ចូលក្អមតូចៗ ទទេៗ ទាំងនោះសោះ។

ព្រះសម្មាសម្ពុទ្ធបរមសាស្តា ទ្រង់ព្យាករតាមព្រះសុបិន្តនេះថា អំណើះ តទៅមុខ នៅក្រឡាផ្ទៃក្រោម នឹង​មានកើតការប្រែប្រួល ដោយអ្នកកម្សត់ទុគ៌តនាំគ្នាបញ្ជូនប្រាក់កាស ទៅបំពេញតែទូ​ និងហិបរបស់អ្នក​មានធនធានស្រាប់ៗ ថែមទាំងត្រូវកំណែនឲ្យទៅធ្វើស្រែចំការ ច្បារដំណាំ ឲ្យអ្នកធំ អ្នកមានស្តុកស្តម្ភ ចោលមុខរបររបស់ខ្លួនអស់ ខំបេះយកផលជញ្ជូនដាក់ឃ្លាំងរបស់អ្នកមានសម្បត្តិ ឥតឱកាសនឹងធ្វើការងារ របស់ខ្លួនឡើយ។

សុបិន្តគម្រប់ទី៩ ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិន្តនិម្មិ ឃើញស្រះបោក្ខរណីមួយ មានទឹកល្អក់​នៅ​ត្រង់កណ្តាល ឯទឹកនៅតាមមាត់ច្រាំងជុំវិញ ដែលមនុស្ស សត្វផង តែងចុះអាស្រ័យ ទៅជាថ្លាស្អាត។

ព្រះសម្មាសម្ពុទ្ធបរមសាស្តា ទ្រង់ព្យាករតាមព្រះសុបិន្តនេះថា អំណើះ តទៅមុខ ពួកមន្ត្រីអ្នករាជការមាន ចិត្តមិនបរិសុទ្ធ រមែងប្រកបដោយអគតិទាំង ៤ យ៉ាងគឺ ១​ កាត់ក្តីមិនត្រឹមត្រូវតាមច្បាប់នេះ ២ សម្លឹងចង់ បានតែទ្រព្យសម្បត្តិរបស់គេ ៣ គ្មានព្រហ្មវិហារធ៌មចំពោះបណ្តារាស្ត្រនោះទេ ៤ មានចិត្តឃោរឃៅ គឺគេ ធ្វើបាបរាស្ត្រខ្លាំងពេក រហូតដល់បណ្តារាស្ត្រ រត់ចោលស្រុកកំណើត រត់ចោលការងារជាមុខរបរ នាំគ្នាទៅ រស់នៅតាមចុងកាត់មាត់ញក នាព្រៃភ្នំក្រំថ្មឯនោះទៅវិញ ទើបបានសុខស្រួល បានរួចរំដោះអស់ពីទុក្ខភ័យ ផុតក្តីលំបាក។

សុបិន្តគម្រប់ទី១០ ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិន្តនិម្មិឃើញបាយមួយឆ្នាំង មានឆ្អិនផង ជ្រាយ​ផង ឆៅផង។

ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមព្រះសុបិន្តនេះថា អំណើះ តទៅមុខ ស្រុកទេសនឹងមានកើត ហេតុ បីយ៉ាងដូចតទៅ៖

១ មនុស្សផងទាំងឡាយ គឺពួកមន្ត្រីរាជការ គហបតី និងសមណៈ ជីព្រាហ្មណ៍ទាំងឡាយ មិនប្រកប ដោយសីលធ៌មសោះឡើយ។

២ ពួករុក្ខទេវតា អារក្ខទេតា អាកាសធាតុ ទាំងអម្បាលម៉ាណមិនកាន់សីល ឬកាន់ធម៌ឡើយ។

៣ នៅភូមិភាគខ្លះ មានភ្លៀងធ្លាក់ច្រើនហួសពេក ទាល់តែរលួយសំណាប រលួយសន្ទូងអស់​ ដំណាំដាំដុះ ឲ្យផលមិនបានគ្រប់គ្រាន់ មិនធួនល្មមនឹងសេចក្តីត្រូវការឡើយ។

ដកស្រង់ចេញពីសៀវភៅ សែម សារឿន ពុទ្ធទំនាយ ឥន្ទ្រទំនាយ ឥសីទំនាយ ប្រមូលចងក្រងដោយ សម្តេចព្រះពោធិវ័ង្ស នន្ទ ង៉ែត និងធន់ អ៊ិន។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here