ព្រះសម្មាសម្ពុទ្ធ កាត់ព្រះមហាសុបិន្តនិម្មិត ទាំង១៦ប្រការថា ទៅថ្ងៃអនាគត និងមានភាពមិនល្អដល់ មនុស្ស និងសាសនាតថាគត

0
147

ដោយ៖ សេងស៊ីដារ៉ូ

(តពីលេខមុន)

ក្រោយពេលព្រះសម្មាសម្ពុទ្ធ បានស្តាប់ព្រះមហាសុបិន្តនិម្មិត របស់ព្រះបាទបសេនទិកោសលរួចហើយ ព្រះសម្មាសម្ពុទ្ធ បានកាត់ព្រះមហាសុបិន្តនិម្មិតទាំង១៦ប្រការនោះ ថ្វាយព្រះបាទបសេនទិកោសល តាម លំដាប់លំដោយ ដូចតទៅ៖

១ សុបិន្តជាគម្រប់ទី១ ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិន្តនិម្មិតឃើញគោឧសភរាជបោលចេញពី ទិសទាំងបួន សំដៅមកព្រះលាន ក្នុងកិរិយាសង្ខើញពីចម្ងាយមកថានឹងជល់គ្នា។ លុះបោលមកដល់ជួប គ្នា នៅលើទីព្រះលានខាងមុខ ព្រះបរមរាជវាំង គោឧសភរាជទាំងនោះបែរជាមិនជល់គ្នាវិញ។

ព្រះសម្មាសម្ពុទ្ធបរមសាស្តា ទ្រង់ព្យាករតាមព្រះសុបិន្តនេះថា អំណើះតទៅមុខ មេឃ អាកាស និងប្រែប្រួ លលក្ខណៈខុសពីធម្មតា។ ដោយសារមនុស្សមិនសូវកាន់ធម៌ គឺទាំងព្រះរាជា ទាំងនាម៉ឺន ទាំងប្រជាជន ទាំង​សមណព្រាហ្មណ៍ ច្រើនតែខ្វះសីលធម៌ នាំឲ្យទេព្តាពុំសប្បាយព្រះទ័យ ក៏បណ្តាលឲ្យអាកាសធាតុ ប្រែប្រួល ភ្លៀងបង្អុរមកពុំបានគ្រប់គ្រាន់ ដំណាំ និងឈើផងទាំងឡាយឲ្យ ផលានុផលមិនបានបរិបូរណ៍។ ជួនកាលមេឃមីរងងឹតអួអាប់ដាប​​ ដោយដុំពពកខ្មៅដែលតាមចំណាំថា បន្តិចទៀតទៅ នឹងមានភ្លៀងចង្អុរ ធ្លាក់ចុះមក។ មនុស្សម្នាប្រញាប់នាំគ្នាទៅសាស្រូវ សាសម្លៀកបំពាក់ រីឯអ្នកដំណើរ គេនាំគ្នារត់រកជម្រកតែ រៀងៗខ្លួន។ ស្រាប់តែគេពុំឃើញភ្លៀងធ្លាក់សោះ។ ពេលខ្លះ មេឃភ្លឺស្រឡះ ដែលតាមការចំណាំ ថានឹងគ្មា នភ្លៀងធ្លាក់ទេ ប៉ុន្តែបន្តិចក្រោយមក ស្រាប់ទេមានភ្លៀងបង្អុរចុះមកយ៉ាងជោកជាំទៅវិញ។

សុបិន្តជាគម្រប់ទី២ ព្រះបសេនទិកោសល ទ្រង់ព្រះសុបិន្តនិម្មិតឃើញឈើមួយដើម ទើបនឹងដុះបាន​សម្ពស់ប្រហែលមួយហត្ថ ក៏ស្រាប់តែបែកមែកត្រសុំត្រសាយ សាខា មានផ្កា មានផ្លែរណេងរណោង។

ព្រះសម្មាសម្ពុទ្ធបរមសាស្តា ទ្រង់ព្យាករតាមព្រះសុបិន្តនេះថា អំណើះ តទៅមុខ មនុស្សម្នាចេះស្រលាញ់​គ្នា និងយកគ្នាជាប្តីប្រពន្ធ នៅក្មេងៗណាស់ ព្រោះតែគេមានកិលេសច្រើនពេក គឺអាយុបាន ១៣ឆ្នាំ ១៤ឆ្នាំ ១៥ឆ្នាំ គេនឹងរៀបការគ្នាជាប្តីប្រពន្ធ មានកូន អាយុ២៥ឆ្នាំ ទៅ៣០ឆ្នាំក៏មានចៅ ឯអាយុក៏កាន់តែ ខ្លី​ ហើយក្មេងស្រីៗឆាប់មានរដូវណាស់។

សុបិន្តជាគម្រប់ទី៣ ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិន្តនិម្មិត ឃើញមេគោបង្កើតកូនថ្ងៃហ្នឹង រួច​សុំ​កូនរបស់ខ្លួនបៅដោះវិញ។

ព្រះសម្មាសម្ពុទ្ធបរមសាស្តា ទ្រង់ព្យាករតាមព្រះសុបិន្តនេះថា អំណើះ តទៅមុខ មនុស្សកាន់តែបាត់បង់ សីលធម៌ច្រើន មិនសូវចេះគោរពមាតាបិតា គ្រូបាអាចារ្យរបស់ខ្លួនទេ ហើយយូរទៅមុខទៀតទៅ មាតាបិតា ត្រូវអង្វរករកូន ត្រូវខំប្រឹងផ្គាប់ចិត្តកូនរបស់ខ្លួន ដើម្បីឲ្យកូនចញ្ចឹមខ្លួន ជាឪពុកម្តាយឲ្យបាយទទួលទាន ផង។

សុបិន្តគម្រប់ទី៤ ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិន្តនិម្មិត ឃើញអ្នកស្រែចម្ការ គេមិនទឹមគោ​ធំៗ​ទេ តែគេបែរជាទឹមកូនគោតូចៗវិញ ដែលអូសនង្គ័ល រនាស់ រទេះ មិនរួចទាល់តែសោះ។

ព្រះសម្មាសម្ពុទ្ធបរមសាស្តា ទ្រង់ព្យាករតាមព្រះសុបិន្តនេះថា អំណើះ តទៅមុខ មនុស្សអ្នកចេះអ្នកដឹង មានការពិសោធន៍ គេមិនឲ្យទទួលធ្វើការងារធំដុំទេ គឺគេយកតែក្មេងៗ ដែលខ្វះការពិសោធន៍ ឲ្យធ្វើការ​វិញ ម្ល៉ោះហើយធ្វើការទៅ មានត្រូវខ្លះ ខុសខ្លះ ដែលបង្កឲ្យមានការលំបាកជាពន់ពេនហោង។

សុបិន្តគម្រប់ទី៥ ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិន្តនិម្មិត ឃើញសេះមួយមានក្បាលពីរ ហើយ​មាន​​​​មនុស្ស​​ពីរនាក់បញ្ចុកស្មៅឲ្យស៊ី នៅមាត់ទាំងពីរ ប៉ុ​ន្តែវាស៊ីមិន ចេះឆ្អែតឡើយ។

ព្រះសម្មាសម្ពុទ្ធបរមសាស្តា ទ្រង់ព្យាករតាមព្រះសុបិន្តនេះថា អំណើះ តទៅមុខ ក្រឡាផ្ទៃក្រោមធ្វើអំពើ​អធម្មកម្មពេកណាស់ហោង។ ពួកតុលាការផង គេកាត់ក្តីពុំប្រកបដោយសេចក្តីសុចរិត យុត្តិធម៌ បន្តិចណា​សោះឡើយ គឺគេតែងឆ្លៀតយកការកាត់ក្តីធ្វើជាឱកាសសម្រាប់ជំរិតយកមាសប្រាក់ ឬព្រទ្យសម្បត្តិរបស់គូ ក្តីទាំងសងខាង ដោយឥតមានត្រាប្រណីឡើយ ទោះបីជាគូវិវាទទាំងសងខាងសូកប៉ាន់អស់ប៉ុន្មានៗ ក៏ចៅ ក្រមមិនចេះឆ្អែតឆ្អន់ដែរ គេនៅតែប្រព្រឹត្តដូច្នេះជារហូត។ ឯអ្នកកាត់ក្តីនោះទៀតសោត ច្រើនតែជាមនុស្ស ក្មេងៗ ជាអ្នកមិនសូវមានចំណេះវិជ្ជាអ្វីជ្រៅជ្រះទេ។

សុបិន្តគម្រប់ទី៦ ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិន្តនិម្មិត ឃើញគេយកភាជន៍មាស មានតម្លៃរាប់​សែន​​តម្លឹង ឲ្យឆ្កែចចកជុះនោមដាក់ (ឬច្បាប់ខ្លះថា ឃើញឆ្កែ​នោមដាក់កន្ថោរមាស​)។

ព្រះសម្មាសម្ពុទ្ធបរមសាស្តា ទ្រង់ព្យាករតាមព្រះសុបិន្តនេះថា អំណើះ តទៅមុខ អ្នកដែលធ្លាប់មានត្រកូល ខ្ពង់ខ្ពស់ និងធ្លាក់ខ្លួនទៅជាទ័លក្រ លំបាកតោកយ៉ាក ថោកទាប ព្រោះឥតមានយសស័ក្តិនឹងគេ។ ចំណែក​ឯអ្នកដែលធ្លាប់តែនៅក្នុងត្រកូលទាបថោកវិញ គេត្រូវបានឡើងធ្វើជាអ្នកដឹកនាំ មានស័ក្តិយស​ខ្ពស់ត្រដែតត្រដឹម ម្ល៉ោះហើយ ពួកអ្នកត្រកូលខ្ពស់ទាំងនោះត្រូវបង្ខំចិត្តលើកកូនរបស់ខ្លួន​ ឲ្យទៅធ្វើជា​ភរិយា​នៃអ្នកត្រកូលថោកទាប ដែលមានស័ក្តិយស មានអំណាច ដើម្បីឲ្យបានងាយស្រួលក្នុងការរស់នៅ។

សុបិន្តគម្រប់ទី៧ ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិន្តនិម្មិត ឃើញឆ្កែចចកស៊ីខ្សែ ដែលបុរសម្នាក់​វេញ​​ហើយនុះ ទាល់តែអស់។

ព្រះសម្មាសម្ពុទ្ធបរមសាស្តា ទ្រង់ព្យាករតាមព្រះសុបិន្តនេះថា អំណើះ តទៅមុខយូរទៅ ស្រីៗមានរាគៈ គឺ មានតម្រេកយ៉ាងខ្លាំងក្លា ចូលចិត្តផឹកស្រា ស្រឡាញ់តែគ្រឿងអលង្ការ ចូលចិត្តតាក់តែងរាងកាយ សប្បាយ ខាងការត្រាចចរតាមច្រកល្ហក រកប្រុសសហាយ ឥតគិតគូររក្សាលីលទានសោះ សូម្បីតែការងារ ក្នុងផ្ទះសម្បែង ក៏ពុំសូវធ្វើឲ្យបានដិតដល់ដែរ ឯប្តីលំបាកចិត្តណាស់ ឥតបានសុខសាន្តទេ ព្រោះហេតុតែ ទុកប្រាក់កាសមិនចេះគង់ ដោយសារតែប្រពន្ធក្បត់ចិត្ត គិតតែពីចាយវាយខ្ជះខ្ជាយ (មានតលេខក្រោយ)​។

ដកស្រង់ចេញពីសៀវភៅ សែម សារឿន ពុទ្ធទំនាយ ឥន្ទ្រទំនាយ ឥសីទំនាយ ប្រមូលចងក្រងដោយ សម្តេចព្រះពោធិវ័ង្ស នន្ទ ង៉ែត និងធន់ អ៊ិន។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here