តើប្រវត្តិនៃការដួលរលំបន្ទាយលង្វែក នៅចុងសតវត្សរ៍ទី១៦ ក្នុងឆ្នាំ១៥៩៤ កើតឡើងដោយសារអ្វី?

0
221


ដោយ៖ សេង ស៊ីដារ៉ូ

ប្រវត្តិនៃការដួលរលំបន្ទាយលង្វែក នៅចុងសតវត្សរ៍ទី១៦ ក្នុងឆ្នាំ១៥៩៤ បានកើតឡើងដោយសារ​ភាព​លោភលន់ និងកង្វះការពិចារណាវែងឆ្ងាយ របស់ប្រជាជនកម្ពុជាខ្លួនឯង រហូតបានកាប់ឆ្កាកំពែងព្រៃ​ឬ​ស្សីជុំវិញរាជធានី ដើម្បីយកប្រាក់ឌួង និងដើម្បីបង្កភាពងាយស្រួល ឲ្យសៀមលើកទ័ពវាយបំបែក​រាជ​ធានី​ក្រុងលង្វែក។

មានមតិជាច្រើន បានលើកឡើងខុសៗគ្នា ជាពិសេស មានការប្រទាំងប្រទើសគ្នា រវាងឯកសារព្រះរាជ​ពង្សាវតាខ្មែរ របស់ប្រទេសកម្ពុជា និងព្រះរាជពង្សាវតាអយុធ្យា របស់ប្រទេសថៃ ទាក់ទងនឹងហេតុការណ៍ នៃការធ្វើសង្គ្រាមរបស់សៀម ប្រឆាំងខ្មែរ នៅក្នុងសម័យនោះ។

មានជំនាញខាងបូរាណវិទ្យា និងប្រវត្តសិល្បៈ លោកបណ្ឌិត ចិន្ត ច័ន្ទរតនា មកពីសកលវិទ្យាល័យស៊កប៊ន (Sorbonne) នៃរដ្ឋធានីប៉ារីស (បារាំង) បានលើកយកចំណុចមួយចំនួន ដែលសៀវភៅព្រះរាជពង្សាវ​តា​​អយុធ្យា របស់ប្រទេសថៃ បានសរសេរចាប់ពីទំព័រ ១៣៩ ដល់ទំព័រ ១៥៤ ដែលមានលក្ខណៈ​ផ្ទុយ​ពីសៀវភៅ ព្រះរាជពង្សាវតាខ្មែរ របស់ប្រទេសកម្ពុជា។

លោក បានលើកឡើងថា បន្ទាប់ពីបានវាយបក ទៅលើព្រះចៅនៃរាជវង្ស តុងអ៊ូ (Tongoo) នៅរាជធានី ហង្សា​វតី (ប្រទេសភូមា) រួចមក ព្រះចៅ ណារ៉េសូរ (King Naresuan) របស់សៀម បានលើកទ័ព​ធ្វើ​សង្គ្រាម​ប្រឆាំងក្រុងកម្ពុជាធិបតី។ ចំណារក្នុងឯកសារ ព្រះរាជពង្សាវតាអយុធ្យានោះ ថា «នៅក្នុងសង្គ្រាម​ជា​​មួយខ្មែរលើកនេះ សៀមបានកេណ្ឌកងទ័ពមានទាំងជើងគោក និងជើងទឹក កងទ័ពសេះ កងទ័ពដំរី ជាច្រើនកងពល ដើម្បីវាយបង្ក្រាបមកលើទ័ពខ្មែរ។ សៀមបានប៉ះប្រយុទ្ធ ជាមួយកងទ័ពខ្មែរនៅក្រុង (បន្ទាយ?) បាត់ដំបង ពោធិ៍សាត់ និងនៅស្រុកបរិបូរណ៍ ដែលធ្វើឲ្យងទ័ពទាំងសងខាងស្លាប់ ជាច្រើន​ម៉ឺន​នាក់។» ឯកសាថៃដដែលនេះ បានរំលឹកអំពីវីរៈភាពរបស់កងទ័ពខ្មែរ ដែលមានថ្វីដៃខ្លាំងពូកែ សុខចិត្ត​ពលីជីវិតនៅក្នុងសមរភូមិ មិនចុះញ៉មជាមួយទ័ពសៀម ជាដាច់ខាត។

តែទោះជាយ៉ាងនេះក្តី ដោយសារកងទ័ពសៀមមានចំនួនច្រើនជាង ទើបធ្វើឲ្យបន្ទាយការពារតាមតំបន់​នី​មួយៗ ត្រូវបានទ័ពសៀមដណ្តើមបាន ព្រមទាំងបានចាប់ចៅហ្វាយខេត្តទាំងនោះ ជាឈ្លើយសឹកទៀត​ផង។

លុះពេលវាយមកដល់រាជធានីលង្វែក (Lawaek) ស្តេច នរេនសូរ បានចេញព្រះរាជបញ្ជា ឲ្យកងទ័ព​គ្រប់​ផ្នែកទាំងអស់ ឡោមព័ទ្ធបន្ទាយ។ ព្រះរាជពង្សាវតាអយុធ្យាបានសរសេរបន្តថា ព្រះចៅនរេសូរ បានគង់​​ប្រថាប់​​នៅលើដំរីខាងមុខកងទ័ព ដើម្បីប្រយុទ្ធនៅក្នុងសមរភូមិ។  ព្រះបាទអគ្គទសរតន៍ ក៏គង់នៅលើដំរី​ខាងមុខកងទ័ពដែរ។ រីឯកងទ័ពស្រួចដ៏ក្លាហាន (សៀម) បានឈរនៅលើខ្នងដំរី នៅពីមុខក្លោងទ្វារខាង​ជើងដែរ ដឹកនាំដោយ “Praya Maha Yotha” (ពញា មហាយុទ្ធា)។

«”Praya Maha Yotha” “Praya Si Ratcha Decho” “Praya Thai Nam” និង”Praya Ratcha Manu” បានបញ្ជាដំរីរបស់ពួកគេ សំរុកចូលទៅកំទេចទ្វាររាជធានី។ កងទ័ពខ្មែរ ដែលឈរការពារ នៅតាម​ច្រកទ្វារ​នីមួយៗ បានបាញ់ព្រួញ កាំភ្លើងតូចធំ និងគ្រាប់រំសេវ ចេញទៅគ្រប់ជ្រុងទាំងអស់ ធ្វើឲ្យទ័ព​សៀម​ស្លាប់ និងរបួសជាច្រើននាក់។ ប៉ុន្តែ “Praya Maha Yotha” នៅតែបញ្ជាដំរីឲ្យរត់ទៅមុខ និងកំទេចទ្វារ​របស់រាជធានី ឲ្យទាល់តែបាន។ ទីបំផុត នៅថ្ងៃសៅរ៍ ៣កើត ខែពិសាខ ឆ្នាំវក ក្លោងទ្វារបន្ទាយ ឬរាជ​ធានីលង្វែក ក៏ត្រូវបានដួលរលំ។ ទាហ៊ានសៀមបានចូលទៅក្នុងរាជធានី និងចាប់ខ្មែរជាច្រើននាក់ ហើយ​បាន​ចាប់យកស្តេចខ្មែរ ទៅថ្វាយស្តេចសៀម។

លោក ចិន្ត ច័ន្ទរតនា បានសរុបសេចក្ដី និងចោទជាសំនួរឡើងថា «ត្រង់ចំណុចនៃការរៀបរាប់អំពី​ចម្បាំង​នេះ ខ្ញុំមិនបានឃើញសៀវភៅ ព្រះរាជពង្សាវតាអយុធ្យា និយាយអំពីការបាញ់ប្រាក់ឌួង ចូលក្នុងគុម្ព​ឬស្សីឡើយ។ ហេតុនេះ យើងគួរតែពិចារណា និងសិក្សាលើសៀវភៅ ព្រះរាជពង្សាវតាខ្មែរឡើងវិញ ដែលបានលើកឡើងថា ទ័ពសៀមបានបាញ់ប្រាក់ឌួង ហើយប្រជាជនខ្មែរខ្លួនឯង ជាអ្នកកាប់ឆ្ការព្រៃឬស្សី​ទាំងនោះ ទើបធ្វើឲ្យទ័ពសៀម មានឱកាសវាយចូល និងកំទេចរាជធានីបាន។

តើរវាងរាជពង្សាវតាខ្មែរ និងអយុធ្យា មួយណាដែលយើងអាចទុកចិត្តបាន? (នៅមានបន្ត)

ការដួលរលំនៃបន្ទាយលង្វែក ដោយប្រាក់ឌួងសៀមឬ … https://www.facebook.com/…/ការដួលរលំនៃបន្ទាយលង្វែក…តើរឿងបាក់បែកបន… Translate this page តើប្រវត្តិនៃការដួល រលំបន្ទាយលង្វែក នៅចុងសតវត្សរ៍ទី១៦ (ក្នុងឆ្នាំ១៥៩៤) បានកើតឡើងដោយសារភាពលោភលន់ …

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here