អ្នកស្រី វួច លីម ជាអ្នកទទួលទិញស្មៅគោ ថា ដាំពោតយកដើម ជាចំណីគោ លក់បានថ្លៃ ​ជាងការដាំ​ពោត​គ្រាប់

0
139


ខេត្តកណ្តាលៈ

ដោយ៖ សេង ស៊ីដារ៉ូ

បច្ចុប្បន្ននេះ ប្រជាកសិករ បែរជានាំគ្នាមកដាំពោត យកដើមធ្វើចំណីវិញ ហើយការដាំដើមពោត យកដើមនេះ វាបានថ្លៃ និងងាយស្រួលជាងការដាំពោតយកផ្លែទៅទៀត។

លោក ផល ដែលជាអ្នកដាំពោតយកដើម​ ស្ថិតក្នុងភូមិបតតាជី សង្កាត់តាក្តុល ក្រុងតាខ្មៅ បានឲ្យដឹងថា ការ​ដាំពោតគ្រាប់ចំណាយទុនច្រើន ដល់ពេលប្រមូលផលទូទាត់ទៅស្ទើតែខាតដើម ក៏មានដែរ​ព្រោះតែទីផ្សារ​ពោត​​ឡើង​ចុះទៅតាមមាត់ឈ្មួញ។ ម្លោះហើយប្រជាកសិរយើង មើលឃើញពីការដាំដើមពោតធ្វើជាចំណីគោវិញ ​​​​​វាងាយ​ស្រួលទទួលបានផលច្រើនជាង។ សព្វថ្ងៃ អ្នកចិញ្ចឹមគោ ពិបាករកស្មៅឲ្យគោស៊ី ទើបប្រជាកសិករ​ងាក​​មកដាំពោតយកដើមនេះ ព្រោះវាបានផ្តល់នូវប្រយោជន៍ច្រើន ដល់សុខភាពគោផងដែរ​។ 

លោក ផល បានបន្តទៀតថា​ ការដាំដើមពោតនេះ ប្រើប្រាស់ដើមទុនតិច ហើយទទួលបានផលរហ័ស ក្នុងរយៈ​ពេល១ខែ យើងអាចច្រូតយកទៅលក់នៅលើទីផ្សារបានហើយ។ ក្នុងការដាំដើមពោត ក៏មានការងាយស្រួល​ច្រើន គ្រាន់តែស្រោចទឹកដំបូង ថ្ងៃបន្ទាប់ទៀត គឺដុះទៅតាមធម្មជាតិរបស់វា ហើយក៏មិនពិបាកជំរះគល់ ដូចជា​ការ​​ដាំដើមពោតគ្រាប់នោះឡើយ។​ ហើយការដាំដើមពោត ធ្វើជាចំណីសត្វនេះ ​ក្នុងរយៈមួយខែ អាចច្រូតកាត់​បានម្តង ក្នុងរយៈពេលពេញ១ឆ្នាំ យើងអាចច្រូតកាត់បានច្រើនដងជាចំណីគោ។

អ្នកស្រី វួច លីម ដែលជាអ្នកទទួលទិញស្មៅគោ ចំណីគោ ដែលរស់នៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធា​នីភ្នំពេញ បានឲ្យដឹងថា ស្មៅចំរុះមានស្មៅសំបុកមាន់ ស្មៅបារាំង ស្មៅពក លក់ចេញក្នុងមួយបាច់ ៩០០រៀល ហើយ​​ស្មៅដែលថ្លៃជាងគេ គឺដើមពោតនេះឯង ដោយក្នុង១បាច់តូចអាចលក់បាន​ ១២០០រៀល អ្នកដែលទិញ​យកទៅឲ្យគោស៊ីភាគច្រើន ជាអ្នកចិញ្ចឹមពូជគោល្អៗ ដែលសម្រាប់បំប៉នគោចិញ្ចឹមទាំងនោះ។

ទីផ្សារដើមពោតនេះ មានតាំងពីខេត្តតាកែវ កំពត កំពង់ស្ពឺ ដែលបានមកទិញ ដល់ស្តង់លក់ស្មៅចំរុះ ក្នុងសង្កាត់​ព្រែកកំពឹសនេះតែម្តង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here