រូបនាគជាសត្វពិសិដ្ឋ សម័យបុព្វបុរសខ្មែរ និងមានការទាក់ទងនៃការកកើតប្រទេសកម្ពុជា

0
74


ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

ខ្មែរមានជំនឿថា នាគជាសត្វមានអនុភាព និងឬទ្ធានុភាពយ៉ាងខ្លាំង។ រូបនាគបានរំលេចនៅក្នុងស្នាដៃ សិល្បៈ​ខ្មែរជាហូរហែររៀងមក ដូចមានភស្តុតាងតាមចម្លាក់នានា តាំងពីដើមសតវត្សទី៧។

ជំនឿ និងការលម្អទាំងនេះ ត្រូវបានគេជឿថា ជាការបញ្ចូលគ្នារវាងទេវកថាឥណ្ឌា ជាមួយជំនឿក្នុងសង្គមខ្មែរ។ យើងឃើញនាគលេចឡើងដំបូងនៅលើផ្តែនៃប្រាង្គកណ្តាល (S1)​ របស់ក្រុមហ៊ុនប្រាសាទយាយពន្ធ (សតវត្ស​ទី​​៨) ដោយ​មានឈ្មោះថា នាគអនន្ត ដែលមានព្រះនារាយណ៍ផ្ទុំចាំបង្កើតពិភពលោកថ្មី។ តាំងពីពេលនោះ​មក​នាគមានបង្ហាញកាន់តែញឹកញាប់នៅក្នុងរចនាបថក្រោយៗ។ ការឆ្លាក់រូបនាគ ត្រូវបានគេយកទៅរចនាជាស្ពាន និងលម្អលើគ្រឿងសំណង់ផ្សេងៗ ដូចជា ផ្តែរ និងហោជាងប្រាសាទ និងដំបូលព្រះវិហារជាដើម។

ជាភាសាស្ក្រឹត «នាគ» មានន័យត្រង់ «ពស់» តែបើជាន័យធៀបគឺមានន័យថា «ប្រសើរ ចម្បង បរិសុទ្ធ» ។ ខ្មែរ​ផ្តល់​អន្ថន័យនៃការកកើតទឹកដីយ៉ាងជ្រាលជ្រៅតាមរយៈ «រឿងព្រះថោងនាងនាគ» ឬ «នគរគោលធ្លក» ក្នុង​រឿង​​​នេះ​នាគជាសត្វពិសិដ្ឋជាបុព្វបុរសរបស់ខ្មែរ។

ស្តេចភុជង្គនាគ នៃនគរគោលធ្លកបានផឹកទឹកសមុទ្រកកើតជាដី ដើម្បីជាអំណោយជូនចំពោះនាងនាគ និងព្រះ​ថោង ហើយកើតជាប្រទេសកម្ពុជាររៀងមក។ មានរឿងមួយទៀតដែលបានកត់ត្រាដោយ ជីវ តាក្វាន់ អ្នកកាទូត​ចិន​កាលពីសម័យអង្គរនៅសតវត្សទី១៣ បានសរសេរអំពីរឿងថា ជារៀងរាល់យប់ព្រះមហាក្សត្រ ត្រូវយាងឡើង​ទៅលើប្រាសាទភិមានអាកាស នៅក្នុងព្រះបរមរាជវាំង ដើម្បីផ្ទុំជាមួយនាងនាគ ហើយបើយប់ណា ដែលព្រះអង្គ​មិនបានយាងឡើងទៅលើនោះទេ គេមានជំនឿហេតុភេទអាក្រក់ នឹងកើតឡើងនៅក្នុងស្រុក។

នាគ «ពាសុ» គឺត្រូវបានស្គាល់តាមរយៈ «រឿងកូរសមុទ្រទឹកដោះ» របស់ព្រាហ្មញ្ញសាសនា ដើម្បីស្វែងរកអម្រិត​ដែលអាចឲ្យគ្រប់គ្រងលើភពទាំងឡាយ នៃចក្រវាឡព្រមទាំងឲ្យជីវិតអមតៈផង។ រីឯនៅក្នុងសង្គខ្មែរ​​ រឿងនេះ ក៏មានល្បីរន្ទឺផងដែរ ។ ដូចមានបង្ហាញតាមរយៈផ្ទាំងចម្លាក់ នៅប្រាសាទអង្គវត្តក្នុងរជ្ជកាល របស់ព្រះបាទសូរ្យ​វរ្ម័ន​​ទី២ (សតវត្សទី១២) បានឆ្លាក់ទេវកថា នៅលើជញ្ជាំងដែលមានប្រវែងប្រមាណជាង ៥០ម៉ែត្រ ដែលនិទាន​អំពីរឿងកូរសមុទ្រទឹកដោះ ជានិមិត្តរូបនៃការបង្កើតលោក។ ក្រៅពីនោះមាននៅប្រាសាទបាយ័ន និងប្រាសាទ​បន្ទាយឆ្មារ ជាពិសេស គឺចម្លាក់នៅស្ពានចូលរាជធានីអង្គរធំ។

រូបនាគ ជាបង្កាន់ដៃស្ពាន ឬផ្លូវចូលប្រាសាទ តំណាងឲ្យទឹកឬក៏ឥន្ធនូ ដែលជាស្ពានចម្លង ពីឋានមួយទៀត ពោលគឺចម្លងទៅស្ថានទេវតា។ ចាប់ពីរចនាបថព្រះគោ ដែលមាននាគលេចឡើង ជាលើកដំបូងក្នុងស្ថាបត្យកម្ម (ប្រាសាទបាគង) រហូតមកដល់ពាក់កណ្តាលរចនាបថបាពួន មានការប្រហាក់ប្រហែល (ប្រាសាទព្រះវិហារ) ។ កាវិវត្តន៍របស់នាគ បង្កាន់ដៃត្រូវបានកត់សម្គាល់តាមរយៈការធ្វើក្បាលនាគបើកពពារ។ គឺចាប់ពីប្រាសាទមឿង​តាំ (ប្រទេសថៃ) ប៉ុណ្ណោះ ដែលបង្កាន់ដៃពិតប្រាកដបានលេចឡើងដោយខ្លួននាគ ហើយក្បាលមានបើកពពារ​ដូចនាគនៅប្រាសាទព្រះវិហារ។ រចនាបថនេះ មានគំរូច្រើនខុសៗគ្នា ដែលមានតួនាទីប្រើប្រាស់ជាប់បង្កាន់ដៃ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here