ព្នៅ ដើមឈើមង្គល និងជាថ្នាំបំប៉នសុខភាព ឬវត្ថុស័កសិទ្ធ ការពារពេលធ្វើសឹកសង្គ្រាម

0
162


ដោយ៖ សេង ស៊ីដារ៉ូ

ផ្លែព្នៅ មានជ័រស្អិតអាចប្រើបិទក្រដាសផ្សេងៗ ជំនួសឲ្យបាយម៉ាន ឬកាវស្អិត ហើយគឺជាផ្លែឈើដ៏គួរឲ្យ ចាប់អារម្មណ៍ នៅក្នុងប្រទេសកម្ពុជាយើង ព្រោះវាមានប្រយោជន៍ទាំងផ្នែកអាហារ និងឱសថ។

ហើយម្យ៉ាងទៀត មនុស្ស​​ចាស់បុរាណ តែងតែនិយមយកជ័រព្នៅទៅលាយជាមួយថ្នាំគូររូប ដើម្បីគូសវាស​រូបភាពលើជញ្ជាំង ព្រោះវា​ជាប់​ និងធន់បានយូរ។

ព្នៅ ត្រូវបានគេចាត់ទុកថា ជារុក្ខជាតិមង្គល និងជានិមិត្តរូបនៃភាពចំរើនរុងរឿង ដែលមនុស្សបុរាណនិយម ដាំនៅតាមស្រុកភូមិ។ ជាងនេះទៅទៀត មនុស្សបុរាណ ក្នុងតំបន់ខ្លះ ពេលចេញទៅប្រកបការងារ ឬចេញ​ទៅ​​បំពេញបេសកកម្មផ្សេងៗ រួមទាំងចេញទៅធ្វើសឹកសង្គ្រាម ពួកគេនិយមនាំគ្នាយកត្រួយព្នៅ​សៀត​ត្រចៀក ដើម្បីជាសិរីសួរស្តី។

ប្រភពដើមព្នៅ

ព្នៅ គឺជារុក្ខជាតិមានប្រភពមកពីប្រទេស អូស្ត្រាលី ស្រីលង្កា និងឥណ្ឌា ទើបត្រូវគេហៅជាភាសាអង់គ្លេស​Bealfruit ឬ Bengal Quince និងឈ្មោះវិទ្យាសាស្ត្រ Aegle marmelos Corr ស្ថិតក្នុងអំបូរ Rutaceae។ ព្នៅមានច្រើនប្រភេទ ដូចជា ព្នៅពងមាន់ (ផ្លែតូចៗ) ព្នៅសណ្តាយ និងព្នៅសំម្បកទន់ ជាដើម។

ខ្មែរពីដើម ចាត់ទុកថា ជាដើមឈើមង្គល ខណៈដែលពួកឥណ្តាមានជំនឿថា វាមានទំនាក់ទំនងជាមួយ ព្រះសិវៈ និងមានគុណសម្បត្តិជាឱសថដ៏ល្អបំផុត។

គុណប្រយោជន៍របស់ព្នៅ

ស្លឹកខ្ចី និងត្រួយព្នៅ អាចធ្វើជាអន្លក់ទឹកគ្រឿង ឬរបោយ និងអាចដាក់ទៅស្ល ក្នុងសម្លប្រភេទខ្លះ ដើម្បី​ជួយឲ្យមានក្លិនក្រអូបប្រហើរ។​ ស្លឹកត្រួយវា ពេលបរិភោគទៅ នាំឲ្យដើរខ្យល់ស្រួល វាក៏អាចព្យាបាលជម្ងឺ​ពោះវៀន​ព្រោះមានជាតិរំអិល ឈ្មោះ Mucilage និងផេកទីន (Pentin)ផ្លែទុំរបស់វាមានព៌ណលឿង និង មានក្លិនក្រអូបឈ្ងុយ សាច់ម៉ដ្ឋល្អអាចប្រើជាចំណី ឬ ថ្នាំកែរោគប្រដិត។

សម្បកព្នៅ អាចប្រើជាថ្នាំជ្រលក់ក្រណាត់ពណ៌លឿង ចំណែកសាច់ឈើត្រូវបានគេនាំទៅធ្វើរទេះ និងភ្លៅ រទេះគោល។

ផ្លែព្នៅ គេយកហាន់ជាចំណិតស្តើងៗ ហាលឲ្យស្ងួត ឬនាំយកទាំងស្រស់ៗទៅឆុងទឹក កែរោគរាករូសក៏​បាន ក្រៅពីនេះ គេអាចយកទៅធ្វើជាថ្នាំ និងព្យាបាលជម្ងឺពោះវៀនរ៉ាំរ៉ៃ និងជម្ងឺមួលរបស់កូនក្មេង ដោយ ក្នុងករណីនេះ គេត្រូវប្រើវា មួយភាគទល់នឹងទឹកដប់ភាគ ហើយទទួលទាន ២០ ទៅ ៣០ សេសេ។

ផ្លែព្នៅខ្លីទាំងមូល ក៏អាចនាំយកទៅស្ងោរយកទឹកឲ្យស្ត្រីមានគ៌ភទទួលទានបាន ដោយគេមានជំនឿថា នឹងជួយឲ្យម្តាយ និងកូនមានសុវត្ថិភាព និងធ្វើឲ្យការសំរាលកូនស្រួល។ លើសពីនេះ គេមានជំនឿថា បើ ពេលស្ងោរនោះផ្លែព្នៅខ្ចីប្រេះបែកសម្បក ហើយកូនក្នុងផ្ទៃគឺជាកូនស្រី​ តែបើសម្បកមិនប្រេះបែកទេ គឺជា កូនប្រុស។

ចំណែកផ្លែព្នៅចាស់​ ដែលនៅពុំទាន់ទុំ គេអាចហាន់វាជាចំណិតក្រាស់ៗ ឆឹងជាមួយស្ករធ្វើជាបង្អែម ក្លិនក្រ អូបឈ្ងុយ គួរឲ្យចង់ទទួលទាន វាមិនត្រឹមតែជាបង្អែមឆ្ងាញ់ពិសាទេ តែអាចជួយកែរោគមួលទៀតផង។

ចំពោះផ្លែទុំហើយ គេអាចយកសាច់វាញ៉ាំស្រស់ ឬនាំយកមកកោសសម្បកឲ្យរលីង ហើយដំសម្បកឲ្យវា បែក យកទៅស្ងោរទឹកស្ករក្រហមទាំងមូលក៏បាន ដោយវាមានគុណសម្បត្តិជាថ្នាំ ជួយឲ្យលាមកដើរស្រួល និងដើរខ្យល់ស្រួល សម្រាប់មនុស្សចាស់ ដែលឧស្សាហ៍ទល់លាកមជាប្រចាំ។ សំខាន់ គឺក្នុងការពិសោធន៍​ គេប្រទះឃើញថា សារធាតុផេកទីន នៅក្នុងព្នៅ មានអនុភាពសំលាប់មេរោគនៅក្នុងពោះវៀនបាន។

ភេសជ្ជៈផ្លែព្នៅ

យកព្នៅក្រៀមទៅស្ងោរ ដោយដាក់ទឹកល្មមតែលិចព្នៅ​ ហើយដាំឲ្យពុះ ត្រងយកទឹកទុក បន្ទាប់មកយក ទឹកព្នៅនេះមួយភាគ លាយជាមួយស្ករកន្លះភាគកូរឲ្យរលាយចូលគ្នា ធ្វើជាភេសជ្ជៈក្តៅផឹកឲ្យជ្រះស្រឡះ បំពង់ក មានប្រយោជន៍ជាងទឹកក្រូចលាយហ្គាសទូទៅ ព្រោះវាជាភេសជ្ជៈជំនួសសុខភាពយ៉ាងល្អ។

ដកស្រង់ចេញពីសៀវភៅ  ដែលមានចំណងជើងថា បន្លែផ្លែឈើ អាហាសម្រាប់សុខភាព រក្សាសិទ្ធិដោយ លោក ស៊ឹង ណាំហុង តូបលេខ ៣៧ ផ្សារអូប្ញស្សី ជាន់ឡៅតឿ ប៉ែកខាងកើត ទូរស័ព្ទលេខៈ ០១២ ៩៧ ៩០ ៩១ / ០១៦ ៨៧ ៣៣ ៦៨៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here