ក្រសួងអភិវឌ្ឍន៍ជនបទ បើកសិក្ខាសាលាបញ្ចប់ការរៀបចំកម្មវិធីអភិវឌ្ឍន៍ វិស័យសេវាទឹកស្អាត និងអនា​ម័យជនបទ ជំហានទី៣

0
89

​ភ្នំពេញៈ

​ដោយ៖ ឌឹម គឹមហាក់

លោក  ទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិ​វឌ្ឍន៍​ជនបទ បាន​អញ្ជើញបើកសិក្ខាសាលាបញ្ចប់ការរៀបចំកម្មវិធីអភិវឌ្ឍន៍ វិស័យផ្គត់ផ្គង់ទឹកស្អាត និង​អនាម័យជនបទ ជំហានទី ៣ នៅសណ្ឋាគារហ្រ្គេតដូក រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងនាយកគម្រោង​វិស័យ​ផ្គត់​​ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជំហានទី៣ បានបញ្ជាក់ថា ដោយមានការគាំទ្រហិរញ្ញប្បទាន​ពីធនាគារអភិវឌ្ឍន៍អាស៊ី ជំហានទី១,២ ទទួលបានជោគជ័យជាបន្តបន្ទាប់ផ្នែកសេវាទឹកស្អាត និងអនា​ម័យ រួចមក ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្ដល់ហិរញ្ញប្បទានជំហានទី៣ បន្ថែមចំនួន ៥០ លានដុល្លារ​អាមេរិក សម្រាប់រយៈពេល ៥ឆ្នាំ ពីឆ្នាំ ២០១៩-២០២៤ ក្នុងខេត្តគោលដៅចំនួន ៨ គឺ ខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង សៀមរាប កំពង់ធំ បន្ទាយមានជ័យ កំពង់ស្ពឺ និងខេត្តកំពត ដោយផ្ដោត​ការយក​ចិត្តទុកដាក់ទៅលើផលប៉ះពាល់ ដែលបណ្ដាមកពីការបម្រែបម្រួលអាកាសធាតុ និងលើកកម្ពស់សេវា​សុខុមាលភាព។ លោក បញ្ជាក់ថា សិក្ខាសាលានេះ​បានបង្ហាញសេចក្ដីព្រាងចុងក្រោយនៃកម្មវិធីអភិវឌ្ឍន៍​វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទជំហានទី៣ រវាងធានាគារអភិវឌ្ឍន៍អាស៊ី ក្រសួងអភិវឌ្ឍន៍​ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធសំខាន់ៗដទៃទៀត។

លោក  ទ្រី មេង មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានចាត់ទុកការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជាវិស័យអាទិភាពនិង បានកំណត់នូវទស្សនៈវិស័យថា ឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍​ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន​ដែលមានអនា​ម័យស្អាត​ប្រកបដោយភាពល្អប្រសើ។

ស្តីពីពីការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យនៅជនបទ ដំណាក់កាលទី១ ឆ្នាំ២០១៤-២០១៨ ធ្វើឲ្យអត្រាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ កើនដល់ ៦០% នៅឆ្នាំ២០១៨។ គម្រោងវិស័យផ្គត់ផ្គង់​ទឹក​​ស្អាត និងអនាម័យជនបទ ជំហានទី៣ ​  ក្នុងខេត្តគោលដៅចំនួន៨ មានគោលបំណងរួម និងស្រប​ទាំង​ស្រុង​ទៅនឹងផែនការយុទ្ធសាស្ត្រជាតិ វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឆ្នាំ២០១៤-២០២៥ ហើយមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចទទួលយកបានពីភាគីពាក់ព័ន្ធ មុននឹងដាក់ជូន​ទៅក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍អាស៊ី នឹងអាចចាប់ផ្ដើមដំណើរការនៅឆ្នាំ២០១៩ខាងមុខ៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here