រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ជួបពិភាក្សាជាមួយលោក Christophe Crepin ប្រធានផ្នែកបរិស្ថាន នៃ​ធនា​គារពិភពលោក ដើម្បីអភិរក្សតំបន់ទេសចរណ៍ ទឹក​​​ប្រាក់៥០ ទៅ ៦០ លាន​​ដុល្លារ​អាមេ​​​រិក

0
27

ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ​បានអនុញ្ញាតឲ្យលោក Christophe Crepin ប្រធានផ្នែកបរិស្ថាន និងធនធានធម្មជាតិ នៃធនាគារពិភពលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ​បានសម្ដែងនូវការស្វាគមន៍ចំពោះលោក Christophe Crepin​ និងសហការី ដែលបានមកបំពេញបេសកម្មនៅកម្ពុជា។

លោក Christophe Crepin​ បានជម្រាបជូនលោករដ្ឋមន្រ្ដី​ អំពីកម្មវិធីរបស់ធនាគាពិភពលោក គឺចង់ឲ្យ​មាន​ភាពស៊ីសង្វាក់គ្នាជាមួយគោលនយោបាយ និងយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាល ក្នុងនោះធនាគារ ពិភពលោក ​បានផ្ដោតការយកចិត្តទុកដាក់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ និងវិស័យផ្សេងៗ​ទៀត ដែលទាក់ទងទៅនឹងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅតំបន់ជនបទ។

ចំណែកគោលនយោបាយ និងយុទ្ធសាស្រ្ដ នៃភាពទទួលខុសត្រូវរបស់ក្រសួងអភិវឌ្ឍន៍ជនបទ មានសារ​សំខា​ន់ណាស់ ហើយស្របគ្នាទៅនឹងកម្មវិធីរបស់ធនាគារពិភពលោក ក្នុងការគាំទ្រប្រទេសកម្ពុជា។ លោក Christophe Crepin​ បានស្នើសុំឲ្យក្រសួងរៀបចំគម្រោងផ្សេងៗទៀត ដើម្បីទទួលបានការគាំទ្រពី​ធនា​គារ​​ពិភព​លោក ដូចជា (គម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ និងការគ្រប់គ្រងទេសភាព ប្រកបដោយ​ចីរភាព​នៅកម្ពុជា) ដែលជាគម្រោងមួយផ្ដោតទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ដោយតភ្ជាប់​ពី​តំបន់មួយទៅតំបន់មួយទៀត ដែលជាតំបន់ទេសចរណ៍ និងអភិរក្ស និងធានាបានការគ្រប់គ្រងធនធាន​ធម្ម​​ជាតិ មានទឹកប្រាក់ប្រមាណពី ៥០ ទៅ ៦០ លានដុល្លារអាមេរិក ។

លោករដ្ឋមន្ត្រី​ បានជម្រាបជូនអំពីសក្ដានុពលរបស់គម្រោង អាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរ​ជាតិ ធ្វើឲ្យប្រជាពលរដ្ឋមានលទ្ធភាពរកប្រាក់ចំណូលបានថែមមួយកំរិតទៀត។ ក្រសួងអភិវឌ្ឍន៍ជនបទ គ្រប់គ្រងផ្លូវជនបទប្រមាណជាង ៤ ម៉ឺនគីឡូម៉ែត្រ ក្នុងនោះបានធ្វើការកែលម្អជាបណ្ដើរ ពីផ្លូវក្រាលក្រួស​ក្រហម​​ឲ្យទៅជាផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង បានប្រមាណ ៥%ប៉ុណ្ណោះ ក្រៅពីនេះមានផ្លូវក្រាលក្រួស​ក្រហម​​ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ដូចនេះ ក្រសួងត្រូវការដៃគូរច្រើនទៀត ដើម្បី អភិវឌ្ឍន៍វិស័យនេះ។

លោករដ្ឋមន្រ្ដី បានជម្រាបជូនបន្តថា ក្រសួងអភិវឌ្ឍន៍ជនបទ មានការងារចំនួន ៤ សំខាន់ៗទី ១គឺ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទី២ ការអប់រំលើកកម្ពស់សុខុមាលភាព ​ប្រជាពលរដ្ឋ​នៅតាមតំបន់​ជន​បទ ទី៣ ការបង្កើតឱកាសកាងារ ឬមុខរបរផ្សេងៗ តាមរយៈការបណ្ដុះបណ្ដាល មុខវិជ្ជាជីវភាពប្រជា ពលរដ្ឋក្រីក្រតាមជនបទ និងទី៤ ការពង្រឹងស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីលើកស្ទួយផ្នែក​សេដ្ឋ​​កិច្ច សង្គមកិច្ច។

ទាក់ទិនទៅនឹងការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅខេត្តកំពត ស្វាយរៀង និងខេត្តកែប គឺជាខេត្តគោលដៅមុនគេ ដែលត្រូវបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ពោលគឺ ប្រជាពលរដ្ឋគ្រប់​ខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់ ស្របពេលបច្ចុប្បន្នកម្ពុជាសម្រេចបាន ៨០%ហើយ សម្រាប់ទិសដៅ​ឆ្នាំ​​២០២៣ សម្រេចឲ្យបាន ៩០% និងសម្រេចឲ្យបាន ១០០% នៅឆ្នាំ២០២៥ ដើម្បីឲ្យប្រជាពលរដ្ឋ​នៅជនបទមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងរស់នៅក្នុងបរិស្ថានល្អ ប្រកបដោយនិរន្ដរភាព៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here