ស្វែងយល់ ពីប្រវត្តិនៃប្រពៃណីបុណ្យអុំទូក

0
87

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

ពិធីបុណ្យអុំទូក គេតែងតែប្រារព្ធធ្វើអស់ថេរវេលា ៣ថ្ងៃ គឺថ្ងៃទី ១៤ កើត ១៥កើត និងថ្ងៃ១រោច ខែកក្តិក។ ពិធីបុណ្យអុំទូកនេះ មានកំណើតតាំងពីបុរមបុរាណដ៏យូរលង់ណាស់មកហើយ ដែលមានចែងក្នុងឯកសារ​របស់​ប្រវត្តិវិទូរបរទេស ដ៏ដូចជាសិលាចារឹក នៃប្រាសាទសម័យអង្គរ។ ​កំណើតបុណ្យអុំទូកនេះ មានការបកស្រាយ​ប្លែកៗ គ្នាជាច្រើន ហើយពិធីធ្វើក៏មានប្លែកៗពីគ្នាខ្លះដែរ។

ប្រជាពលរដ្ឋមួយចំនួនយល់ថា ពិធីបុណ្យអុំទូកនេះ ទាក់ទងទៅនឹងការធ្វើចម្បាំងជើងទឹក របស់ព្រះ​បាទ​​ជ័យវរ្ម័នទី៧ នាសម័យអង្គរ។ ឯកសារខ្លះបានពន្យល់ថា នៅគ្រិស្តសតវត្សទី១២ កម្ពុជា​មានសេចក្តីសុខក្សេម​ក្សាន្ត​រុងរឿងណាស់ ដោយសារព្រះបាទជ័យវរ្ម័នទី៧ បានយកព្រះទ័យទុកដាក់លើនយោបាយទឹក និងសង្គម​កិច្ច ក៏ដូចជាការពារបូរណភាពទឹកដី ដោយស្តេចចេញធ្វើសង្គ្រាមជើងទឹក បង្រ្កាបពួកចាម ដោយកងទ័ពទូក​រំដោះក្រុងកម្ពុជាឲ្យរួចផុតស្រឡះចេញពីខ្មាំងសត្រូវ (គ.ស ១១៧៧-១១៨១) រឿងចម្បាំងពេលនោះ​មានឆ្លាក់​នៅ​លើជញ្ជាំង​ប្រាសាទបាយ័ន និងបន្ទាយឆ្មារ ។

អ្នកខ្លះទៀតយល់ថា ពិធីបុណ្យអុំទូកនេះ ជាប់ទាក់ទងទៅនឹងទាហានជើងទឹកសម័យលង្វែក។ ហើយនៅ​សម័យនោះ ព្រះអង្គចន្ទទី១ ទ្រង់តាំងពេញាតាក ងារជាសិទ្ធភូមិបាល ជាស្តេចត្រាញ់ នៅកម្ពុជាក្រោម ស្រុក​បាសាក់។ ស្តេចត្រាញ់នេះ បានចាត់របៀបរៀបចំការពារស្រុក ដោយទាហានជើងជាបីក្រុម គឺ ក្រុមទី១ ហៅទ័ព​ស្រួច ហាត់ច្បាំងដោយទូក ដែលមានទ្រង់ទ្រាយដូចទូកប្រណាំយើងសព្វថ្ងៃ។ ក្រុមទី២ ហៅទ័ពជំនួយ ហាត់​ច្បាំង​​ដោយទូកចែវពីរជួរ ដែលមានទ្រង់ទ្រាយដូចទូកយើងប្រណាំងសព្វថ្ងៃ។ ក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំ មានដំបូល មានចែវមានក្តោង មានទ្រង់ទ្រាយដូចទូកបាសាក់ ហៅទូកប៉ុកចាយ តែរាងស្រួចទ្រវែងមានដំបូលតែ​មួយកាត់​ខាងមុខឥតជញ្ជាំង ។ ទូកនេះ គឺជាទូកសំរាប់ដាក់ស្បៀងអាហារកងទ័ព។

ឯកសារខ្លះបាននិយាយថា ពិធីបុណ្យអុំទូក គឺជាបុណ្យប្រពៃណីជាតិ ដ៏ធំមួយនៅប្រទេសកម្ពុជា។ ពិធីបុណ្យ​​​​នេះ មានរូបភាពប្រហាក់ប្រហែលនឹងបុណ្យប្រចាំរដូវ របស់ជនជាតិអឺរ៉ុប ដែលមានឈ្មោះ ថា សាំងហ្សង់ ដែល​បច្ចុប្បន្នប្រារព្ធធ្វើនៅអឺរ៉ុបខាងជើង។ មានការបកស្រាយមួយទៀតលើកឡើងថា ពិធីបុណ្យនេះ គេប្រារព្ធ​ឡើង​​ក្នុងបំណងសម្តែងការដឹងគុណដល់ព្រះគង្គា និងព្រះធរណី ដែលបានផ្តល់ទឹកដី (ដែលយើងនាំគ្នា​ធ្វើឲ្យករ​ល្អក់) ជីវភាពរស់នៅ និងសុខមាលភាពដល់យើង។

ការបកស្រាយមួយភាគទៀត ជាប់ពាក់ព័ន្ធទៅនឹងជំនឿខាងព្រហ្មញ្ញសាសនា ប៉ុន្តែវាក៏ស្របទៅនឹងស្ថានភាពភូមិ​សាស្ត្រ ជីវភាពរស់នៅរបស់ប្រជាកសិករយើងដែរ។ ពីធីបុណ្យអុំទូកនេះ ប្រព្រឹត្តទៅនៅខែកក្តិក គឺស្របពេល​ដែល​​រដូវ​ទឹក​ជំនន់​កើតមាននៅក្នុងប្រទេសកម្ពុជា ជាច្រើនខែកន្លងមក បឹងបួរទាំងឡាយក្លាយទៅជាសមុទ្រ ឯស្រូវ​ក្នុងស្រែកំពុងទុំ និង ដំណាំទាំងឡាយ​ដែលកសិករខ្មែរយើង ​ដាំតាមចង្វាក់នៃទឹកសម្រក បានផ្តល់នូវផល​យ៉ាងច្រើន និងផ្តល់សុភមង្គលដល់ប្រជាជនយើង។ ព្រោះហេតុនេះហើយ ទើបនៅរដូវទឹកស្រក បុព្វបុរសខ្មែរ​យើងក៏កំណត់យកពេលបីថ្ងៃ ក្នុងខែកក្តិករៀងរាល់ឆ្នាំ រៀបចំពីធីអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអក​អំ​បុក ដើម្បីសម្តែងមនោសញ្ចេតនា ដឹងគុណចំពោះទន្លេមេគង្គ និងទន្លេសាប ដែលបានផ្តល់ជីវជាតិយ៉ាង​សំខាន់បម្រើឲ្យវិស័យកសិកម្ម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here