ការរៀបចំវគ្គសិក្ខាសាលា ស្តីពីការរៀបចំប្រព័ន្ធតាមដាន កម្ពស់​ទឹកក្រោម​​​ដីនៅកម្ពុជា និងធ្វើការសាកល្បងចំនួន ៧ខេត្ត

0
48

ភ្នំពេញៈ

ដោយ៖ ឌឹម គឹមហាក់

រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា ស្តីពីការរៀបចំប្រព័ន្ធតាមដាន កម្ពស់​ទឹកក្រោម​​​ដីនៅកម្ពុជា ដែលធ្វើឡើងសណ្ឋាគារ កាបូឌីយ៉ាណា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២។

ការបើកវគ្គសិក្ខាសាលានេះ មានការចូលរួមពីភ្ញៀវជាតិ អន្តរជាតិ ដែលជាដៃគូសហការ និងផ្តល់ជំនួយអភិវឌ្ឍន៍​ផងដែរ។

ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការផ្គត់ផ្គង់ទឹក​ស្អាត ជាវិស័យអាទិភាពមួយ ដោយបានកំណត់ទិសដៅរបស់ខ្លួន ដើម្បីធ្វើឲ្យប្រជាជនរស់នៅតាមជនបទ ទទួល​បាននូវសេវាផ្គត់ផ្គង់ទឹកស្អាត១០០% នៅឆ្នាំ២០២៥។

កម្មវិធីតាមដានកម្ពស់ទឹកក្រោមដីនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានចាប់ដៃគូសហការជាមួយអង្គការ អាក់សិន​អេតកម្ពុជា ដែលមានលោកស្រី ហ៊ុន បូរមី បានចាប់ផ្តើមសាកល្បងខេត្តចំនួន៧ នៅក្នុងប្រទេសកម្ពុជា ដូចជា​ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ កំពង់ស្ពឺ និងកំពត ដោយទទួលបានការ​គាំទ្រ​ផ្នែក​ថវិកា ពីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ ដែលហៅកាត់ថា អេស ឌី ស៊ី និងជំនួយ​មនុស្ស​ធម៌ និងការពារជនស៊ីវិលសហភាពអឺរ៉បាន ដែលហៅកាត់ថា អេកូ។

លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានទឹកជនបទ បានលើកពីគោលបំណងនៃសិក្ខាសាលានេះ ជម្រាបជូន​គណៈ​អធិបតី និងភ្ញៀវជាតិ អន្តរជាតិថា ការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីកៀងគរភាគី និងស្ថាប័នដែលពាក់​ព័ន្ធ​សំខាន់ៗ ផ្តល់ព័ត៌មានដល់គ្នាទៅវិញទៅមក ពិភាក្សាអំពីជំហាននៃដំណើរការក្នុងការបង្កើតប្រព័ន្ធតាមដាន កម្រិតទឹកក្រោមដី ពិភាក្សាអំពីតួនាទីទទួលខុសត្រូវរបស់ភាគី និងស្ថាប័នពាក់ព័ន្ធសំខាន់ៗ និងពិភាក្សាអំពី​ចំណុចប្រកាសអាសន្ននៃគ្រោះរាំងស្ងួត សម្រាប់ធ្វើការប្រកាសឲ្យដឹងមុន ជាដើម។

លោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានផ្តល់អនុសាសន៍ទៀតថា មុននឹងបង្កើតកម្មវិធីនេះឡើង លោក បានប្រមើល​ឃើញ​ថា ប្រទេសនៅលើពិភពលោក រាប់ទាំងកម្ពុជាផង បាននឹងកំពុងរងនូវឥទ្ធិពលបម្រែបម្រួលអាកាសធាតុ ដែល បណ្តាលឲ្យប្រជាជនទូទាំងសកលលោក ក៏ដូចជាប្រជាជនកម្ពុជា បាននឹងកំពុងប្រឈមមុខខ្ពស់ ទៅនឹងហា និភ័យគ្រោះមហន្តរាយផ្សេងៗ មានគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់កន្ត្រាក់ជាដើម។ ប្រទេសកម្ពុជា បាន​ជួបប្រទះគ្រោះរីងស្ងួត នៅអំឡុងឆ្នាំ២០១៥-២០១៦ ដែលបង្កឲ្យប្រជាជន ខ្វះខាតទឹកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ សំណង់មួយភាគធំបានខូចខាត និងសត្វពាហនៈមួយចំនួនបានងាប់។

លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា អំពីផលប្រយោជន៍នៃគម្រោងខាងលើនេះ គឺធ្វើការតាមដានកម្ពស់​ទឹកក្រោម​ដី ការតាមដានគ្រោះរាំងស្ងួត ការធ្វើសកម្មភាពត្រៀមទុកមុន ក៏ដូចជាការប្រកាសឲ្យដឹងមុនអំពីគ្រោះមហន្តរាយ​ផ្សេងៗ គឺជាការងារដ៏មានសារសំខាន់ និងចាំបាច់បំផុតសម្រាប់យើងទាំងអស់គ្នា។ ប្រសិនបើប្រទេសកម្ពុជា មានប្រព័ន្ធតាមដានទឹកក្រោមដី អំពីបម្រែបម្រួលទឹកក្រោមដី យើងអាចនឹងមានភាពងាយស្រួល​ក្នុងការគ្រប់ គ្រង​ ការប្រើប្រាស់ទឹកក្រោមដី សម្រាប់កសិកម្ម ឧស្សាហកម្ម និងប្រើប្រាស់ក្នុងគេហដ្ឋាន និងការពារប្រភពទឹក​ក្រោមដី គេចពីការបំពុលដោយថ្នាំគីមីជាដើម។

ជាចុងក្រោយ លោកប្រធាននាយកដ្ឋាន បានស្នើឲ្យអង្គការ អាហ្វស្យុងអេដកម្ពុជា បន្តជួយដល់ខេត្តផ្សេងៗទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា  ជាដៃគូរបស់ក្រសួងអភិវឌ្ឍន៍ជនបទ៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here