ក្រសួងអភិវឌ្ឍន៍ជនបទ ប្រារព្ធទិវាជាតិ លើកកម្ពស់សេវាផ្គត់ផគង់ទឹកស្អាត អនាម័យជនបទ លើកទី ៩ ដើម្បីឲ្យ ១០០% នៅឆ្នាំ២០២៥

0
52

ខេត្តកំពង់ស្ពឺៈ

ដោយ៖ សេង ស៊ីដារ៉ូ

ដើម្បីឲ្យប្រជាជននៅជនបទទទួលបានសេវាផ្គត់ផគង់ទឹកស្អាត និងអនាម័យ ១០០% នៅឆ្នាំ២០២៥ រដ្ឋាភិ​បាល​​បច្ចុប្បន្ន បានរៀបចំគោលនយោបាយ ឲ្យប្រជាពលរដ្ឋនៅជនបទគ្រប់រូប ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និង​មាន​​អនាម័យគ្រប់គ្រាន់ និងរស់នៅក្នុងបរិស្ថាន​ដែលមានអនាម័យ និងសុខភាពល្អ។

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ​ បានរៀបចំប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី ៩ កាលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅសាលាស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ​។

លោកស្រី Natascha Paddison អនុប្រធានអង្គការ UNICEF ប្រចាំនៅកម្ពុជា បានមានការលើកសរសើ ពីការខិតខំប្រឹងប្រែងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ​ ធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធជនបទមានភាពរីកចំរើន និងជួយ​ដល់​​​​ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ ទាំងអនាម័យ និងសុខភាព ជាដើម។

លោក វ៉ី សំណាង អភិបាល​នៃគណអភិបាល​ខេត្ត​កំពង់ស្ពឺ និងលោក ទ្រី មេង រដ្ឋលេខាធិការ បានអាននូវ​សារ​លិខិត​របស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរវេទិកាជាតិ​ លើកកម្ពស់អនាម័យ​ជន​បទ​លើកទី៩ ឆ្នាំ២០១៨ ដែលបានផ្ដល់នូវ​អនុសាសន៍ទាំង៥ ចំណុចសំខាន់ៗ​សំដៅ​ឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ម្រុញឲ្យល្បឿន នៃការអនុវត្តកម្មវិធីលើកកម្ពស់អនាម័យ ស្របតាមដែនសមត្ថ​កិច្ចរបស់ខ្លួន ដោយកៀរគរធន​ធាន និងធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន។ ​

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៃព្រះរាជាណាចក្រកម្ពុជា  អស់រយៈពេល ១០ឆ្នាំនេះ កម្ពុជា មានអត្រារីកចម្រើន​ផ្នែកអនាម័យ​ ចាប់ពី១៦% នៅឆ្នាំ២០០៧ ដល់ ៥៧,៤% នៅឆ្នាំ២០១៦ គឺលើសគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ កម្ពុជា ដែលបាន​កំណត់​យកត្រឹមតែ ៣០% នៅឆ្នាំ២០១៥ និងលើសគោលដៅនៃផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ដែលបានកំណត់យកត្រឹមតែ ៦០% នៅឆ្នាំ២០១៨។ លោករដ្ឋមន្រ្ដី​ បានវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័ន អង្គការជាតិ អន្ដរជាតិ ដៃគូរអភិវឌ្ឍន៍  អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងវិស័យឯកជន​ដែលបាននឹងកំពុង​ជួយ​​​គាំទ្រវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ក្រោមកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលជាមួយ​ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការជួយជម្រុញប្រជាពលរដ្ឋ ឲ្យយល់ដឹងអំពីសារសំខាន់ នៃការប្រតិបត្តិអនាម័យ ដូចជាការបន្ទោបង់ពាសវាលពាសកាល ឲ្យមកប្រើប្រាស់បង្គន់អនាម័យវិញ។

លោករដ្ឋមន្រ្ដី​ បានបញ្ជាក់បន្ថែម​ថា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នឹងអាចក្លាយជាស្រុកបញ្ចប់ ការបន្ទោបង់ពាស វាលពាសកាល​ នៅឆ្នាំ២០១៩ ហើយខេត្តគោលដៅនៃការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល​ គឺមានខេត្តកំពង់ស្ពឺ  ស្វាយរៀង និងខេត្ត​កែប។ លោករដ្ឋមន្ដ្រី បា​ន​អំពាវនាវឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តជម្រុញស្ថានភាពអនាម័យ នៅក្នុងមូលដ្ឋាន​របស់​ខ្លួនឲ្យកាន់តែល្អប្រសើរឡើង ដោយសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ បន្តបេសកម្មលើ​វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដើម្បីឈានទៅសម្រេចឲ្យបាននូវទស្សនៈវិស័យរ​បស់រាជរដ្ឋាភិបាល​នៅឆ្នាំ២០២៥ ហើយប្រជាពលរដ្ឋនៅជនបទ ទទួលបានសេវាផ្គត់ផគង់ទឹកស្អាត និងអនាម័យ ១០០% និងរស់​នៅក្នុ​ងបរិស្ថាន​​ល្អស្អាត​៕

 

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here