បឹងអភិរក្សរាំងពេន៣ត គ្រោងនឹងបង្កើតជាតំបន់ទេសចរណ៍អេកូឡូស៊ី

0
36

ខេត្តបាត់ដំបងៈ

ដោយ៖ សេង ស៊ីដារ៉ូ

បឹងអភិរក្សរាំងពេន ៣តគ្រោង គឺជាបឹងអភិរក្សធម្មជាតិ ដែលមានទេសភាពស្រស់ត្រកាល និងជាកន្លែង ​នេសាទ​យ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋផងដែរ។ ហើយបឹងនេះ មានឈ្មោះពីរបញ្ចូលគ្នាគឺ បឹងរាំងពេន៣ត ក្នុងសហគមន៍នេសាទស្តីក្រោមរហាលសួង ស្ថិតក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលគ្រោង នឹងបង្កើតទៅជាតំបន់អេកូឡូស៊ីទេសចរណ៍ថ្មី ដែលអាចឲ្យភ្ញៀវទេសចរណ៍ ចូលកំសាន្តទាំងខួបប្រាំង​ខួបវ​ស្សា។

លោក ភី ហឿត ប្រធានសហគមន៍នេសាទស្តីក្រោមរហាលសួង បានមានប្រសាសន៍ថា បឹងអភិរក្ស​រាំងពេន​៣តនេះ ភ្ញៀវទេសចរណ៍អាចចូលមកកំសាន្ត តាមផ្លូវទឹក ដោយជិះកាណូតនារដូវវស្សា​ចេញពីទីរួម​ ខេត្ត​បាត់ដំបង បើក្នុងរដូវប្រាំងអាចធ្វើដំណើរតាមរថយន្តចូលដល់បឹងនេះតែម្តង។ ហើយភ្ញៀវទេសចរណ៍ ដែល​ចូលមកកំសាន្តក្នុងតំបន់រាំងពេន៣តនេះ គឺមានគោលបំណងមើលតំបន់ព្រៃលិចទឹក ដែលពោពេញ​ទៅ​ដោយដើមរំដេញ មើលហ្វូងសត្វ និងស្ទូចត្រីកំសាន្តក្នុងបឹងនេះតែម្តង។

លោក ហោ សំអាត អនុប្រធានសហគមន៍ទទួលបន្ទុកអភិរក្សបឹងរាំងពេន៣ត បានលើកឡើងថា កន្លែង អភិរក្ស​​រាំងពេន៣ត ស្ថិតនៅក្នុងដែនគ្រប់គ្រង់សហគមន៍នេសាទស្តីក្រោមរហាលសួង ក្នុងភូមិសាស្ត្រឃុំព្រែក​ហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង ដែលមានផ្ទៃដី​ព្រៃលិចទឹកជាង៥០ហិកតា និងបឹងចំនួន៥ គឺ បឹងរាំងពេន បឹង៣ត បឹងតាមាក បឹងទទឹង និងបឹងតាអួ។

បឹងរាំងពេន៣តនេះ បានបង្កើតនៅឆ្នាំ២០០៧ ដោយមានការទទួលស្គាល់ និងឯកភាពពីអាជ្ញាធរភូមិ ឃុំ ស្រុក ​ខេត្ត រដ្ឋបាលជលផល និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ហើយការដាក់ឈ្មោះ រាំងពេន​៣ត​នេះ គឺសហគមន៍យកតាមឈ្មោះបឹងចំនួនពីរគឺបឹងរាំងពេន និងបឹង៣ត ដែលជាកន្លែងអភិរក្សមច្ឆាជាតិ នាពេល​​​​​​​​​​​​​​​​​​​​​​​​​​បច្ចុប្បន្ន។

ចំពោះឈ្មោះបឹងរាំងពេន តាមការរៀបរាប់របស់ចាស់ៗ បានប្រាប់ថា ដោយនៅមាត់បឹងនោះមានដើមរាំងពត់​ពេន ទើបបានគេឲ្យឈ្មោះបឹងនោះ រាំងពេន ឯឈ្មោះបឹង៣ត​ពុំដឹង ថាហេតុអ្វីបានជាចាស់ៗ​ជំនាន់មុនហៅ​ឈ្មោះ​បឹងនេះ​ថា ៣តទេ។ លោក ហោ សំអាត មានប្រសាសន៍ទៀតថា ប្រវត្តិបឹងរាំងពេន៣ត នេះចាស់ៗ​តែង​​​​និទានថា ដោយយកតាមការសំអាងលើកឡើងរបស់លោកតា ស៊ន ដែលរស់នៅក្នុងសហគមន៍នេះ​​បាន​ឲ្យ​ដឹងថា កាលពីដើមមក​តំបន់បឹងទាំងពីរនេះ ​ជាភូមិសាស្ត្រព្រៃរនាម ដោយមានដំណាលរឿងថា មានអ្នក​យក​ឃ្មុំ បានតាមដានមេឃ្មុំដោយរាយគ្នាជា៣ក្រុម ដោយអ្នកទី១ នៅពេលដែលឃើញមេឃ្ញុំហើរទៅ​ក៏ស្រែក​ប្រកូកទៅក្រុមទី២ ដែលឈរចាំមើលឃ្មុំ ក្នុងបឹង១ផ្សេងទៀត ហើយអ្នកទី២ នៅពេលដែលឃើញឃ្មុំ ក៏ស្រែក​បន្តទៅក្រុមទី៣បន្តទៀត អញ្ចឹងហើយគេកំណត់អ្នកឈរទី៣ ដែលជាចំណុចបឹង៣តនោះឯង នេះគ្រាន់តែជារឿងនិទានតៗគ្នាតែប៉ុណ្ណោះ។

លោក សំអាត បានបញ្ជាក់បន្តថា ដោយសារការខិតខំប្រឹងប្រែងរបស់​​សហគមន៍ និង​​​ដោយមានការចូលរួម​នឹងជួយពីអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត រដ្ឋបាលជលផល ស្ថាប័នពានក់ពាន់ អង្គការដៃគូ សប្បុរសជន ប្រជាពលរដ្ឋផង បានធ្វើឲ្យតំបន់អភិរក្សរាំងពេន៣ត ​កាន់តែមានភាពប្រសើឡើងជារៀងរាល់ឆ្នាំ ដោយបាន​ដាំ​​ព្រលិតទឹក ពិសេសបានស្តាផ្នែកខ្លះនៃបឹងរាំងពេន និងបឹង៣ត ដែលគោករីងរាក់ សរុបបានជាង១ម៉ឺន​ម៉ែត្រ​​គូប​​ ដែលធ្វើឲ្យត្រីមេពូជ រួចផុតពីការស្លាប់ដោយសារបឹងរីងរាក់នៅរដូវប្រាំង និងធ្វើឲ្យត្រីមេពូជបាន​កើនឡើ​​​​​ងប្រមាណជាង២០តោន ដែលពីមុនមានប្រមាណជាង១០០គីឡូប៉ុណ្ណោះ ។

តាមការបញ្ជាក់របស់ប្រធានសហគមន៍ ថា កន្លែងអភិរក្សត្រីបណ្តោយ៤១១ម ទទឹង៨២ម តែរដូវប្រាំងនៅ​សល់​ប្រហែល១ហិកតា ដោយកន្លែងខ្លះបានគោលខះ ហើយរៀងរាល់ឆ្នាំនៅខែ ៧-៨ ត្រីបានចេញពីកន្លែង​បឹង​​អភិរក្ស​​ទៅកាន់ទីវាលទំនាបបឹង អូរ ព្រែក ស្ទឹង ហើយប្រជាពលរដ្ឋអាចរកនេសាទគ្រប់គ្នា មិនមែន​សមា​ជិក​សហគមន៍ទេ លើកលែងតែក្នុងបឹងអភិរក្ស និងឧបករណ៍ដែលច្បាប់បានហាមឃាត់ ហើយនៅខែវិច្ឆិកា​ដល់ខែធ្នូ ត្រីដែលរួចផុតពីការនេសាទទាំងតូចទាំងធំ ពិសេសមេត្រីធំៗ ដែលបានចេញពីអភិរក្ស និងវិល​ត្រឡប់មកវិញ ។

ចាប់តាំងពីឆ្នាំ២០១៥ មានសិស្ស និស្សិត អង្គការ សហគមន៍ បានមកទស្សនៈកិច្ចសិក្សានៅអភិរក្សា​រាំង​ពេន៣ត ហើយរៀងរាល់ឆ្នាំ​សហគមន៍បានធ្វើបុណ្យខួប និងដាំកូឈើនៅកន្លែអភិរក្សរាំងពេន៣ត ដោយមាន​អ្នកចូលរួមចាប់ពី១៥០ទៅ៣០០នាក់ ក្នុងនោះមានអាជ្ញាធរភូមិ ឃុំ ស្រុក ​​​​​​​​​​​​​​ខេត្ត រដ្ឋបាលជលផល បរិស្ថាន អង្គការដៃគូ សិស្សនិស្សិត លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋនៅក្នុង និងក្រៅខេត្ត​​​​​​​​​​​​​​​​​​​​​​​​​។ សហគមន៍ អាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ មានគម្រោងនិងធ្វើទីនេះ ទៅជាកន្លែងទេសចរណ៍អេកូឡូស៊ី សម្រាប់ភ្ញៀវទេសចរណ៍កំសាន្ត និងសម្រាប់សិស្សនិស្សិត មកសិក្សាស្វែងយល់ពីវិស័យជលផល៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here