គូឆាយ មានប្រយោជន៍ទាំងអាហារ និងថ្នាំ

0
62

ដោយ៖ សេង ស៊ីដារ៉ូ

គូឆាយ ជាបន្លែដែលមានក្លិនក្រអូបឈ្ងុយ និងរសជាតិផ្អែមឆ្ងាញ់ សម្បូរទៅដោយជាតិ ហ្វូសហ្វ័រ វីតាមីន C និងបេតាខែរ៉ូទីន ដែលអាចការពារជម្ងឺមហារីកបានយ៉ាងល្អ។ គេអាចប្រើវាធ្វើជាអាហារ និងឧិសថក្នុង​ពេល​តែ​មួយ។

គូឆាយ ជាឈ្មោះហៅតាមសំនៀងភាសាចិន តែវាត្រូវបានគេស្គាល់ទូទាំងពិភពលោក តាមរយៈឈ្មោះភា​សាឡាតាំងថា Allium Tuberosum Roxb និងមានឈ្មោះជាភាសាអង់គ្លេសថា Chinese Chive ស្ថិតក្នុងអម្បូរ Alliaceae ដូចខ្ទឹមក្រហម (Shallot) និង(Onion)ដែរ។

គុណប្រយោជន៍ នៃអាហារ

គូឆាយ ធ្វើជាអាហារបានច្រើនប្រភេទ ដូចជាឆាផ្កាគូឆាយ ឬយកទៅធ្វើនំគូឆាយ ដែលប្រើស្លឹកសំប៉ែតៗ​របស់វាជាដើម។ តាមបណ្តោយនៃស្លឹកព៌ណបៃតងស្រស់របស់គូឆាយ សម្បូរទៅដោយ កាល់ស្យូម និង​ហ្វូស​​ហ្វ័រ ដែលជាសារធាតុសំខាន់ជួយផលិត និងជួសជុលឆ្អឹងនៅតាមរាងកាយ។ វាក៏សម្បូរទៅដោយ វីតាមីន B C និងធាតុដែក ដ៏មានប្រយោជន៍ ពិសេសវាមានសារៈសំខាន់ ដែលរាងកាយត្រូវការ ដើម្បី​ផលិត​វីតាមីនA  គឺជាសាធាតុបេតាខែរ៉ូទីន អាចការពារជម្ងឺមហារីកបាន។

ចំណែកផ្កាគូឆាយវិញ ក្រៅពីសម្បូរទៅដោយ កាបូហាយដ្រេត វាក៏មានសារធាតុដទៃទៀតមិនចាញ់ស្លឹកវា​ឡើយ ដូចជា បេតាខែរ៉ូទីន វីតាមីនB1 ធាតុដែក និងហ្វូសហ្វ័រ។ សំខាន់បំផុស គឺវាធ្វើឲ្យប្រព័ន្ធរំលាយ​អាហារមានតុល្យភាពល្អ ព្រោះវាមានកាកសរសៃអាហារច្រើន ជួយឲ្យការរំលាយ និងការបន្ទោរបង់ប្រ ព្រឹត្ត​ទៅស្រួល និងជួយកាត់បន្ថយការទល់លាមក និងកំចាត់សារធាតុពិសពុល ចេញពីរាងកាយ ធ្វើឲ្យ​យើង​មានសុខភាពល្អ និងស្បែកស្អាត គេចផុតពីជម្ងឺមហារីកពោះវៀនធំបាន។

គុណប្រយោជន៍ ផ្នែកឧិសថ

គូឆាយ អាចយកទៅធ្វើជាថ្នាំព្យាបាលច្រើនមុខ ស្លឹកព៌ណបៃតង សម្បូរទៅដោយហ្វូសហ្វ័រ អាចធ្វើជា​ថ្នាំផ្តា​សាយ ថ្នាំខ្យល់ ឬយកមកបុកលាប ពោះកូនក្មេង ពេលដែលហើមពោះ។ ក្នុង​សម័យបុរាណ គេប្រើ​ស្លឹក និងដើមរបស់វាធ្វើជាថ្នាំឲ្យស្ត្រីសរសៃខ្ចី សម្បូរទឹកដោះ​។​ ចំណែកគ្រាប់គ្រួស នៅតាមកន្លែងផ្សេងៗ ដូចជា គ្រួសក្នុងប្រមាត់ ឬក្នុងតម្រងនោម ដោយយកដើម និងស្លឹករបស់វាមកបុកឲ្យ​ល្អិត ហើយដាក់​លាយ​ស្រា និងទឹកខ្មេះបន្តិច រួចត្រងយកតែទឹកពិសា មួយដងមួយកូនពែង នោះអាការៈ នឹងបានធូរ​ស្រាល៕

ដកស្រង់ចេញពីសៀវភៅ  ដែលមានចំណងជើងថា បន្លែផ្លែឈើ អាហាសម្រាប់សុខភាព រក្សាសិទ្ធិដោយ លោក ស៊ឹង ណាំហុង តូបលេខ ៣៧ ផ្សារអូប្ញស្សី ជាន់ឡៅតឿ ប៉ែកខាងកើត ទូរស័ព្ទលេខៈ ០១២ ៩៧ ៩០ ៩១ / ០១៦ ៨៧ ៣៣ ៦៨។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here