រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ សំណេះសំណាលជាមួយយុវជន ដែលជាកម្លាំងស្នូល របស់ក្រសួងអភិ​វឌ្ឍន៍ជនបទ

0
34

ភ្នំពេញៈ

ដោយ៖ ឌឹម គឹមហាក់

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាលជាមួយយុវជន ក្រសួងអភិវឌ្ឍន៍ជនបទ នៅសណ្ខាគារ The terrace TK សង្កាត់បឹងកក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាល្ងាចថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន​ បានសម្ដែងនូវក្ដីសោមនស្សរីករាយ និងមោទនភាពចំពោះយុវជនកម្ពុជា នាពេល​បច្ចុប្បន្ន បានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាព នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថាន ដែលជា​គន្លឹះ​ដ៏សំខាន់ក្នុងការធានានិរន្ដភាព នៃការដឹកនាំប្រទេសជាតិទៅអនាគត ដែលអាចចាត់ទុកថា យុវជន​គឺជាកម្លាំងស្នូល និងជាអ្នកបន្តវេនដឹកនាំប្រទេសជាតិ ឲ្យមានការរីកចម្រើន។ លោក រដ្ឋមន្រ្ដី បានកោត​សរសើរ​ដល់យុវជនក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានចូលរួមក្នុងការងារ​មនុស្ស​ធម៌ សង្គម និងបរិស្ថាន នាពេលកន្លងមក។

រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលដឹកនាំដោយ សម្ដេច ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្រ្ដ​ចតុ​កោណ​​ដំណាក់កាលទី៤ ដែលផ្ដោតសំខាន់ទៅលើ កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ដើម្បី​ជម្រុញ​​កំណើន​សេដ្ឋកិច្ច ឆ្ពោះទៅសម្រេចនូវចក្ខុវិស័យ គឺ កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកំរិត​ខ្ពស់​​ក្នុងឆ្នាំ២០៣០ និងឲ្យក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។ ជាមួយនេះយុវជន ក្នុងវិស័យ​អភិ​វឌ្ឍន៍​ជនបទ ត្រូវចូលរួមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ ការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ​ជនបទ ការងារអភិវឌ្ឍន៍សហគមន៍ ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងផ្ដល់ការងារបណ្ដុះបណ្ដាល​ជំនាញមូលដ្ឋានដល់ប្រជាពលរដ្ឋក្រីក្រនៅតាមជនបទ។

លោក អ៊ុក ពញ្ញា នាយកខុទ្ទកាល័យក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារ សហភាពសហ​ព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ បានធ្វើរបាយការណ៍បញ្ជាក់ថា មន្រ្ដីរាជការជាយុវជនមាន ៦៤៣នាក់ ក្នុងចំណោមមន្រ្ដីរាជការក្រសួងអភិវឌ្ឍន៍ជនបទសរុប ១៨២៥នាក់ និងមានរចនាសម្ព័ន្ធគ្រប់​គ្រង ២ក្រុម គឺ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអ​ភិ​វឌ្ឍន៍​ជនបទ​ និងក្រុមការងារ​សកម្ម​ជនយុវជនក្រសួងអភិវឌ្ឍន៍ជនបទ សរុប២០១នាក់។ ក្រុមការងារនេះ បាន​ចូល​រួម​ចំណែកក្នុងការ​ងារ​អភិវឌ្ឍន៍ជនបទ ការងារមនុស្សធម៌ កីឡា និងការងារបរិស្ថាន ដើម្បីពង្រឹង​សាម​គ្គីភាព កិច្ចសហ​ប្រតិ​បត្តិ​ការ និងអភិវឌ្ឍន៍សមត្ថភាពទាំងចំណេះ ជំនាញ ភាពប៉ិនប្រសព្វ ដើម្បីក្លាយ​ទៅ​ជាធនធានមនុស្ស ដ៏​សំខាន់ក្នុងសង្គមកម្ពុជា។ ហើយ​ទិសដៅបន្តសម្រាប់យុវជនក្រសួងអភិវឌ្ឍន៍ជនបទ គឺ ធ្វើការផ្សព្វផ្សាយ នឹងបំផុសដល់យុវជនក្នុងក្របខណ្ឌក្រសួង និងដទៃទៀតឲ្យចូលរួមក្នុងសកម្មភាពមនុស្សធ៌វប្បធម៌ កីឡា សាមគ្គីភាព ការបរិចាកឈាម និងរៀបចំមូលនិធិដើម្បីជួយកុមារនៅជនបទ ព្រមទាំងផ្ដល់ឱកាសដល់​យុវជន ​​ឲ្យបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលជំនាញផ្សេងៗផងដែរ។​​​

លោក រដ្ឋមន្រ្ដី បានរំលឹកដល់យុវជនឲ្យបន្តបេសកកម្មរបស់ខ្លួន ដើម្បីគាំទ្រគោលនយោបាយ និង​យុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាល។ នៅរសៀលនោះដែរ ក៏មានរៀបចំអាហារសាមគ្គីភាពផងដែរ៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here