រឿងមហាភារតៈ បានឆ្លុះបញ្ចាំងឃើញថា អំពើយុត្តិធម៌ ពិតជាឈ្នះ អំពើអយុត្តិធម៌

0
103

ដោយ៖សេងស៊ីដារ៉ូ

រឿង​មហា​ភារត: ​ជា​រឿង​វីរកថា ដែល​អ្នកសិក្សា​ស្រាវជ្រាវ​ចាត់​ទុក​ថា​ ជា​ឫសគល់​នៃ​វប្បធម៌​ឥណ្ឌា-ខ្មែរ។ រឿង​នេះ​បាន​ផ្តល់​ជា​ចំណេះដឹង និង​មេរៀន​នៃ​ការ​អប់រំ ព្រម​ទាំង​បង្ហាញ​ពី​លក្ខណៈ​របស់​អ្នក​ដឹកនាំ និង​បង្ហាញ​ពីផ្នត់​គំនិត​សាមគ្គីភាព ការ​ស្រលាញ់​យុត្តិធម៌ ព្រម​ទាំង​ស្រលាញ់​អំពើ​ល្អ ជៀសវាង​ការ​ប្រកាន់​យក​អំពើ​អយុត្តិធម៌​នានាលើលោក។

សៀវភៅ​រឿង​មហា​ភារតៈ​ ​បាន​ផ្សព្វផ្សាយ​កាន់​តែ​ទូលំទូលាយ​បន្ថែម​ទៀត​ ក្នុង​ឱកាស​ដាក់​សម្ពោធ​ជា​ផ្លូវ​ការ​ កាល​ពី​ចុង​ខែ​ឧសភា ឆ្នាំ​២០១៨​ នៅ​បរិវេណ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និងមានចូលរួមពី​សំណាក់​​​មន្ត្រី​រាជរដ្ឋាភិបាល មន្ត្រី​ការ​ទូត សាស្ត្រាចារ្យ ព្រម​ទាំង​អ្នក​ស្រាវជ្រាវ​ច្រើនទៀត។

អតីត​សាស្ត្រាចារ្យ​ភាសា​បារាំង ​និង​ជា​អតីត​មន្រ្តី​ការ​ទូត​ ប្រចាំនៅ​ប្រទេស​ឥណ្ឌា​ និង​រុស្សី លោក ធន់ ហ៊ិន គឺ​ជា​អ្នក​ប្រែ​សម្រួល​សៀវភៅ ​រឿង​មហា​ភារតៈ​សង្ខេប​នេះ។ លោក​ មាន​ប្រសាសន៍​ថា សៀវភៅ​រឿង​មហា​ភារតៈ​សង្ខេប​នេះ មាន​កម្រាស់​ជាង​១​ពាន់​ពីរ​រយ​ទំព័រ (១២៥៨) ត្រូវ​បាន​លោក​ប្រែ​សម្រួល​ចេញ​ពី​សៀវភៅ​ដើម​ ជា​ភាសា​អង់គ្លេស។

អតីត​សាស្ត្រាចារ្យ​រូប​នេះ​ បានឲ្យដឹង​ថា លោក​បាន​ចំណាយ​ពេល​ស្វែងយល់​ និង​ស្រាវជ្រាវ​រឿង​មហា​ភារតៈ​ ជាង​២០​ឆ្នាំ​មក​ហើយ។ ដោយ​ឡែក ការ​បកប្រែ​ពី​សៀវភៅ​ដើម ​ជា​ភាសា​អង់គ្លេស​មក​ជា​ភាសា​ជាតិ​(ខ្មែរ)​ចំណាយ​ពេល​អស់​ជាង​កន្លះ​ឆ្នាំ ​និង​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ទៀត ​សម្រាប់​ធ្វើការ​កែ​សម្រួល​ពាក្យពេចន៍ ​និង​អក្ខរាវិរុទ្ធ។ រឿង​នេះ​បាន​រៀបចំ​រួច​រាល់​ទាំង​ស្រុង ​នៅ​ឆ្នាំ​២០១០ ប៉ុន្តែ​ដោយសារ​លោក​មាន​បញ្ហា​សុខភាព​ និង​បញ្ហា​ផ្សេងៗ​ទៀត ទើប​សៀវភៅ​នេះ​ មិន​ទាន់​បាន​ដាក់​សម្ពោធ​ជា​ផ្លូវ​ការ។

មូលហេតុ​សំខាន់​ ដែល​ធ្វើ​ឲ្យ​លោក​ចាប់​អារម្មណ៍​ក្នុង​ការ​ស្រាវជ្រាវ​ អំពី​រឿង​មហា​ភារតៈ ​ដោយសារ​តែ​រឿង​នេះ​មាន​អត្ថន័យ​អប់រំ​ល្អខ្ពស់ៗ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ចងក្រង​រឿង​នេះ​ ឲ្យ​បាន​ទូលំទូលាយ​នៅ​ឡើយ។

លោក ធន់ ហ៊ិន មាន​ប្រសាសន៍​ថា៖«បាទ! រូបលោក បាន​រក​ឃើញ​រឿង​របស់​លោក​ពិទូរ ឈឹម ក្រសេម ហ្នឹង​ តែ​វា​អត់​ច្បាស់លាស់។ មាន​លក់​នៅ​តាម​កន្លែង ​លក់​សៀវភៅ​ដែរ​ហ្នឹង តែ​វា​អត់​ច្បាស់លាស់​អីចឹង ដល់​យើង​មើល​ទៅ​ ឃើញ​វា​មាន​ភាព​ទូលំទូលាយ​ដែរ។ ប៉ុន្តែ គេ​សង្ខេប​ទេ​រឿង​នេះ រឿង​មែនទែន​របស់​គេ​ហ្នឹង​គ្រាន់​តែ​តួ​អក្សរ​សាម​សិប​បី​លាន​នោះទេ។»។

អតីត​មន្ត្រី​ការ​ទូត​ បានឲ្យ​ដឹង​ទៀត​ថា បើ​ទោះ​បី​លោក​បាន​សម្ពោធ​សៀវភៅ​នេះ ​ជា​ផ្លូវ​ការ​ក្ដី តែ​សៀវភៅ​នេះ​មិន​ទាន់​បាន​បោះពុម្ព​ផ្សាយ ​និង​ដាក់​លក់​ឲ្យ​បាន​ទូលំទូលាយ​នៅ​ឡើយ​ទេ។ រូបលោក​ បាន​ត្រឹម​តែ​ថត​ចម្លង​សៀវភៅ​នេះ​ ជាង​មួយ​រយ​ក្បាល​យក​ទៅ​ប្រគេន​ព្រះ​សង្ឃ ជូន​ទៅ​មិត្តភក្តិ និង​ដាក់​តាម​បណ្ណាល័យ​ខ្លះៗ ដោយ​មិន​ទាន់​ដាក់​លក់​នៅ​តាម​បណ្ណាគារ​នោះ​ទេ។

ចំណែកអារម្ភកថា​ សៀវភៅ​រឿង​មហា​ភារតៈ​សង្ខេប ​របស់​លោក​សាស្ត្រាចារ្យ ធន់ ហ៊ិន សរសេរ​ថា រឿង​មហា​ភារត:​ និង​រឿង​រាមាយណៈ​ ត្រូវ​បាន​កវីនិពន្ធ​ឥណ្ឌា​ចងក្រង​ជា​ពាក្យ​កាព្យ មាន​ចំនួន​ប្រាំ​ម៉ឺន​ពីរ​ពាន់ (៥២,០០០) បទ​កំណាព្យ ហើយ​ត្រូវ​បាន​គេ​សន្មត់​ថា ជា​វីរកថា​វែង​ជាង​គេ​បង្អស់ ​នៅ​លើ​សកលលោក។ ដោយឡែក​រឿង​មហា​ភារតៈ​ ត្រូវ​បាន​អ្នកនិពន្ធ​ខ្មែរ​លោក​ឧកញ៉ា​មហា​ពិទូរ ឈឹម ក្រសេម ធ្លាប់​បាន​ចងក្រង ​និង​រៀបរៀង​ដោយ​សង្ខេប​ម្តង​រួច​មក​ហើយ ​កាល​ពី​ទស្សវត្ស៍​ឆ្នាំ​១៩៥០ ប៉ុន្តែ​កាល​នោះ រឿង​នេះ​មាន​ឈ្មោះ​រឿង​មហា​ភារតយុទ្ធ​ ដែល​លោក​បាន​បក​ប្រែ​ចេញ​ពី​ភាសា​ថៃ។

រឿង​មហា​ភារតៈ​ រៀបរាប់​ពី​ដំណើរ​រឿង​ផ្សេងៗ ពិសេស​និយាយ​ពី​មហា​សង្គ្រាម​រវាង​បងប្អូន​ជីដូនមួយ​នៅ​កុរុក្សេត្រ ​គឺ​ខាង​ក្រុម​យុធិស្ធិរ​ និង​ក្រុម​ទុរយោធន៍។ តាមរយៈ​ដំណើរ​រឿង​ក្រុម​យុធិស្ធិរ​ តែង​ទទួល​រង​នូវ​ការ​ព្យាបាទ​ពី​សំណាក់​ក្រុម​ទុរយោធន៍ ​រហូត​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​នគរ ហើយ​ក្រោយ​មក​ពួកគេ​បាន​ទៅ​តាំង​នគរ​ថ្មី​ដោយ​មាន​ប្រជារាស្រ្ដ​ជា​ច្រើន​ស្ម័គ្រ​ចិត្ត​ទៅ​ជាមួយ។ ដោយ​ភាព​ច្រណែន ទុរយោធន៍ ​រិះរក​គ្រប់​វិធី​ដើម្បី​ដណ្ដើម​យក​នគរ​ថ្មី​នោះ ​ពី​ក្រុម​យុធិស្ធិរ ​តាមរយៈ​ការ​លេង​ភ្នាល់​ល្បែង​ស្ការ ឬ​បាស្ការ។ ក្រុម​យុធិស្ធិរ ​ត្រូវ​អស់​នគរ​ដោយ​ចាញ់​បោក​ទុរយោធន៍ ហើយ​ក្រោយ​មក​ក៏​កើត​ជា​សង្គ្រាម​ឡើង ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​អស់​យ៉ាង​ច្រើន​ឥត​គណនា។

យោង​តាម​សាស្ត្រាចារ្យ ធន់ ហ៊ិន តួអង្គ​ទុរយោធន៍ ​និង​បក្ស​ពួក​របស់​ខ្លួន ​គឺ​តំណាង​សភាវៈ​អាក្រក់ ភាព​អយុត្តិធម៌​ និង​ការ​ច្រណែន​ឈ្នានីស​ មិន​ចេះ​ចប់​មិន​ចេះ​ហើយ ដោយ​បាន​រិះរក​គ្រប់​វិធី​ដើម្បី​បំផ្លាញ​ក្រុម​បង​ប្អូន​ជីដូនមួយ​របស់​ខ្លួន​ចោល ទោះបី​ក្នុង​រូបភាព​អយុត្តិធម៌​យ៉ាង​ណា​ក៏​ដោយ។

ចំណែក​តួអង្គ​យុធិស្ធិរ​ និង​ក្រុម​របស់​ខ្លួន ​គឺ​តំណាង​ឱ្យ​ភាវៈ​ល្អ ការ​យក​ឈ្នះ​អំពើ​អយុត្តិធម៌​ ដោយ​ភាព​ត្រឹម​ត្រូវ ការ​ប្រកាន់​ភ្ជាប់​នូវ​សច្ចធម៌ ​ឬ​សេចក្តី​ទៀង​ត្រង់ ការ​គ្រប់គ្រង​នគរ​ដោយ​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ។ ចុងក្រោយ​ក្រុម​យុធិស្ធិរ បាន​យក​ឈ្នះ​ក្រុម​ទុរយោធន៍​ ដោយ​សេចក្ដី​ល្អ​របស់​ខ្លួន។

ទំព័រ​ហ្វេសប៊ុក​ក្រុម​កេរ្តិ៍​ដំណែល​ខ្មែរ​ បានឲ្យបន្ថែមទៀត​ដឹង​ថា រឿង​មហា​ភារតៈ​ ត្រូវ​បាន​គេ​សរសេរ​ឡើង​លាយ​ឡំ​នឹង​រឿង​ប្រវត្តិសាស្ត្រ​របស់​ឥណ្ឌា ​នៅ​ពេល​ដែល​ពួក​អារ្យ័ន​(Aryan)​ចូល​ទៅ​លុក​លុយ​ប្រទេស​ឥណ្ឌា​ភាគ​ខាង​ជើង​ នៅ​ឆ្នាំ​១៥០០ ​មុន គ.ស. ហើយ​រឿង​នេះ​ ត្រូវ​បាន​គេ​ប្រែ​សម្រួល​រហូត​ដល់សតវត្សរ៍​ទី​៤​ និង​៥ ​នៃ​គ.ស.។

រឿង​មហា​ភារតៈ ​ត្រូវ​បាន​ហូរ​ចូល​មក​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ តាមរយៈ​ការ​ហូរ​ចូល​នៃ​វប្បធម៌​ឥណ្ឌា​ នៅ​ដើម គ.ស.។ លើស​ពី​នេះ មាន​ភស្តុតាង​ជា​ច្រើន​បង្ហាញ​ថា ​រឿង​មហា​ភារតៈ​ បាន​ហូរ​ចូល​មក​ប្រទេស​កម្ពុជា​ នៅ​មុន​សម័យ​អង្គរ​ទៅ​ទៀត ដោយ​គេ​ឃើញ​មាន​រូប​ចម្លាក់​ជា​ច្រើន​ នៅ​តាម​ជញ្ជាំង​ប្រាសាទ នៅ​តាម​ផ្តែរ និង​ហោជាង​ប្រាសាទ ​ដែល​បង្ហាញ​ពី​តួអង្គ​ក្នុង​រឿង​មហា​ភារតៈ។

លោក ធន់ ហ៊ិន មាន​ប្រសាសន៍​ថា ការ​ប្រែ​សម្រួល​ និង​រៀបរៀង​ជា​សៀវភៅ​នេះ​ឡើង ដើម្បី​ផ្សព្វផ្សាយ​ឡើង​វិញ​នូវ​ស្នាដៃ​ល្អៗ ​របស់​អ្នក​ប្រាជ្ញ​ជំនាន់​ដើម ​ដែល​មាន​ចំណេរ បន្សល់ទុកសម្រាប់ក្មេងៗជំនាន់​ក្រោយ ធ្វើការសិក្សារៀនសូត្រ និងស្រាវជ្រាវ ដើម្បីយកទៅអនុវត្តន៍ខ្លួន ឲ្យក្លាយទៅជាមនុស្សដែលមាន គុណធ៌ម មានមនសិកាពិតៗ ក្នុងការបំរើប្រទេសជាតិឲ្យមានភាពរីកចម្រើន និងភាពសុខសានជាដ៏រាប៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here