លោកអភិបាលខេត្ត ម៉ៅ ភិរុណ បានប្រគល់ពានមេដាយ និងឧបត្ថម្ភ ដល់ទូកប្រណាំងចំនួន ៥៩ទូក

0
67

ខេត្តកណ្តាលៈ

ដោយ៖ ឌឹម គឹមហាក់

ពិធីប្រណាំងទូកដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកណ្តាល មានរយៈពេលពីថ្ងៃ២៣-២៤ តុលា នៅសួនច្បារ​មាត់ទន្លេបាសាក់ក្នុងក្រុងតាខ្មៅ គឺធ្វើឡើងដើម្បីអប់អរសាទរត្រៀមលក្ខណៈក្នុងការប្រកួតប្រជែងនាថ្ងៃ២១-២២-២៣ វិច្ឆិកា ខាងមុខ។

ក្នុងឱកាសពិធីបុណ្យអុំទូក លយប្រទីប សំពះព្រះខែ អកអំបុកនេះ មានកីឡាករចូលរួមជិត៣០០០នាក់ ដែល​មក​ពីតាមបណ្តាស្រុក ក្នុងខេត្តកណ្តាល បានបញ្ចប់បិទនាល្ងាចថ្ងៃ២៤ ខែតុលា ក្រោមអធិបតីភាពលោក ម៉ៅ ភិរុណ អភិបាលខេត្ត និងលោកនួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល។

លោក គឹម រិទ្ធី អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ពីលទ្ធផល នៃការប្រកួតប្រណាំងទូក រយៈពេល២ថ្ងៃ​នេះថា ទូកដែលចូលរួមទាំងអស់មកពីគ្រប់ស្រុកមានចំនួន ៥៩ទូក ក្នុងនោះទូកផ្កាចារនារីចំនួន២ទូក ទូកផ្កា ចារ​​បុរសចំនួន ១៦ទូក ទូកខ្នាតអន្តរជាតិផ្នែកនារីមានចំនួន ២ទូក ផ្នែកបុរសមានចំនួន ១៦ទូក និងទូកអុំ​បុរស​ខ្នាត​វែងចំនួន ២៣ទូក។ លោកគឹម   រិទ្ធី បានបន្តថា ក្នុងនោះទូកផ្កាចារនារីលេខ១ បានទៅលើទូកឈ្មោះថា នារីមូស្លីមអាស្មាក់សែនជ័យ និងលេខ២បានទៅទូកឈ្មោះ នារីស្មោះស្នេហ៍ថ្ងៃ៧មករា។

ទូកផ្កាចារផ្នែកបុរស់លេខ១ បានទៅលើទូកឈ្មោះ ឥន្ទ្រីសែនជ័យបារមីតេជោ លេខ២បានទៅលើទូកឈ្មោះ គង្គា​មានរិទ្ធិ លេខ៣ទូកឈ្មោះ ផ្កាយរះសែនជ័យ។ ទូកខ្នាតអន្តរជាតិផ្នែកនារី លេខ១ បានទៅឈ្មោះទូក ៧មករា​ចិត្តតែមួយ លេខ២បានទៅឈ្មោះទូក ពោធិ៍មានជ័យបារមីតេជោ។

ទូកអន្តរជាតិបុរសលេខ១ បានទៅលើទូកឈ្មោះ ពេជ្រកុមារសែនជ័យ លេខ២ ឈ្មោះវាលស្បូវមហាសែនតេជះ និងលេខ៣ ទូកឈ្មោះក្រឡាហោមសសែនជ័យ។

ដោយឡែកទូកអុំបុរសខ្នាតវែងលេខ១ បានទៅលើទូកឈ្មោះ សារ៉ាយតេជោសែនជ័យ លេខ២ បានទៅលើទូក​ស្រី​​សរសុខសែនជ័យ និងលេខ៣ បានទៅលើទូកមហាទន្សាយតេជោសែនជ័យ ដោយក្នុងនោះទូកដែលមាន ចំណាត់ថ្នាក់លេខ១-២-៣ ទទួលបានពាន១ និងមេដាយ ព្រមទាំងថវិកា និងអង្ករទឹកសុទ្ធ និងទូកដែល​មិន​បាន​ចំណាត់ថ្នាក់ ក៏បានទទួលរង្វាន់ការឧបត្ថម្ភពីគណអភិបាលខេត្តកណ្តាលផងដែរ៕

 

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here