រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការកសាងស្ពាន និងផ្លូវ នៅស្រុករលាប្អៀរ

0
76

ខេត្តកំពង់ឆ្នាំងៈ

ដោយ៖ ហុង ចំណាប់

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្ដម ទ្រី មេង រដ្ឋលេខាធិការ អាជ្ញាធរស្រុក និងមន្រ្ដីជំនាញ បានអញ្ជើញពិនិត្យការដ្ឋានស្ថាបនាស្ពានបេតុង និងផ្លូវក្រាលកៅស៊ូពីជាន់​ប្រភេទ DBST នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ។

លោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ដើម​ឡើយ​នៅទីតាំងនេះ មានស្ពានធ្វើអំពីឈើមានលក្ខណៈតូចចង្អៀច។ ដោយមានសំណូមពរពីប្រជាពលរដ្ឋ ក៏ដូច​ជាអាជ្ញាធរមូលដ្ឋាន ក្រសួងអភិវឌ្ឍន៍ជនបទបានស្ថាបនាស្ពានបេតុងនេះ ជំនួសស្ពានឈើមានប្រវែង ៤៥ ម៉ែត្រ ទទឹង ៨ម៉ែត្រ ចាប់ផ្ដើមសាងសង់កាលពីចុងឆ្នាំ ២០១៧ ជាលទ្ធផលសម្រេចបាន ៩០%ហើយ គ្រោងនឹងបញ្ចប់នៅបំណាច់ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ស្ពាននេះ។

លោករដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំឲ្យប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង សហ​ការជាមួយប្រធាននាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើការស្ថាបនាផ្លូវតភ្ជាប់ពីក្បាល​ស្ពាន​​ទាំងសងខាងប្រវែង ៥០០ម៉ែត្រ។

​លោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន​ និងប្រតិភូរួមដំណើរ បានអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវ​ក្រាលកៅស៊ូពី​ជាន់​ប្រភេទ DBST​ ប្រវែង៦ ០០០ម៉ែត្រទទឹង ៧ម៉ែត្រ ស្ថិតនៅភូមិអណ្ដូងច្រុះ ឃុំរលាប្អៀរ ស្រុករលា​ប្អៀរ លទ្ធសម្រេចបាន ៧៥%ហើយ ហើយគ្រោងនឹងក្រាលកៅស៊ូពីរជាន់​ ឲ្យរួចរាល់នៅអំឡុងចុង​ខែវិច្ឆិកា​ខាងមុខនេះ។

លោករដ្ឋមន្ត្រី​  មានប្រសាសន៍ទៀតថា ការកសាង និងស្ដារហេដ្ឋារចនាសម្ព័ន្ធជនបទ គឺជាវិស័យអាទិភាព​របស់​​ក្រសួងអភិវឌ្ឍន៍ជនបទ ហើយរាជរដ្ឋាភិបាល បានផ្ដល់លទ្ធភាព ឲ្យក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើការ​កែ​លម្អផ្លូវក្រាលក្រួសក្រហម នៅជនបទឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ដើម្បីបង្ក​លក្ខណៈ​ងាយស្រួលដល់ការធ្វើដំណើរការដឹកជញ្ជូនផលិតផល បានទាន់ពេលវេលា​របស់ប្រជាពលរដ្ឋ។ លោក បានបន្តថា សម្ដេច នាយករដ្ឋមន្រ្ដី មានចក្ខុវិស័យវែងឆ្ងាយធ្វើយ៉ាងណា ដើម្បីបង្ខិតគម្លាតឲ្យកាន់តែជិត​រវាងអ្នករស់​នៅទីប្រជុំជន និងអ្នករស់នៅតំបន់ដាច់ស្រយាល តាមរយៈការកសាងផ្លូវ ថ្នល់ ស្ពាន​នៅតាម​តំបន់ជនបទ ដែលជាការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here