របាំក្ងោកប៉ៃលិន ទាក់ទងរឿងព្រេងនិទានខ្មែរ ដំណាលថា នៅរាត្រីមួយ បុត្រីក្សត្រមួយព្រះអង្គ មានព្រះ​ឆោម​ស្រស់​​ស្អាតដាច់គេ បានសុបិន្តឃើញក្ងោយឈ្មោលមួយពងយ៉ាងល្អ ចេះចម្រើនមន្តអាគម្ត​ និងទេស​នា​

0
506

ក្រុងប៉ៃលិនៈ

ដោយ៖ សេង ស៊ីដារ៉ូ

របាំក្ងោក មានប្រភពចេញមកពីខេត្តប៉ៃលិន ដែលអ្នកស្រុកប៉ៃលិន បានបរិយាយអំពីកំណើតរបាំនេះ តាមរឿង​និទានខ្មែរ ដែលមានដំណាលថា កាលពីយូរលង់មកហើយ នៅរាត្រីមួយ បុត្រីក្សត្រមួយព្រះអង្គ ដែលមានព្រះ​ឆោមស្រស់ស្អាតដាច់គេ បានសុបិន្តឃើញមានក្ងោយឈ្មោលមួយពងយ៉ាងល្អ ចេះចម្រើនមន្តអាគម្ត​ និងទេសនា​យ៉ាងពិរោះក្បោះក្បាយថ្វាយព្រះនាងសណ្តាប់។

ចាប់ពីថ្ងៃនោះមក ព្រះនាងតែងតែរំពឹងក្នុងព្រះចិន្តាថា មិនដឹងធ្វើយ៉ាងណា និងបានក្ងោយនោះមកទេសនា​ថ្វាយ​​ព្រះនាងសណ្តាប់ម្តងទៀត។ មានព្រះទ័យបែបនេះយូរទៅ ព្រះនាងក៏ចេះតែមានព្រះភ័ក្រស្រពោន ហើយ​បណ្តាល​ឲ្យព្រះបិតាកត់សម្គាល់ និងមានព្រះរាជតម្រាស់សួរដឹងហេតុការណ៍។ ស្តេចក៏បានបញ្ជាឲ្យព្រាហ្មណ៍​ម្នាក់ទៅតាមរកក្ងោកនោះ នៅឯព្រៃជ្រៅ។

ព្រាហ្មណ៍ចូលទៅរកក្ងោកតាមព្រះរាជបញ្ជា  ហើយព្រាហ្មណ៍ចេះតែដើរតាមរកក្ងោកគ្រប់ច្រកល្ហក លុះព្រឹកមួយ គាត់បានឃើញក្ងោកឈ្មោលមួយ ដ៏ស្រស់ឆើតឆាយឈរភាវនាធម៌លើមែកឈើ បែរមុខទៅទិសខាងកើត។ នៅពេលក្ងោកបានភាវនាធម៌រួចហើយ ក្ងោកនោះក៏លោតចុះមកដីរេរាំហាក់ដូចជាសប្បាយរីករាយខ្លាំងណាស់។

ព្រាហ្មណ៍នោះ អរពន់ពេកណាស់ ក៏លើកស្នាបាញ់ ប៉ុន្តែបាញ់ជាច្រើនលើក ក៏បាញ់មិនត្រូវសោះ។ ព្រាហ្មណ៍​នោះ ​ក៏គិតថាប្រហែលក្ងោកនេះ ចេះមន្តអាគមហើយ ទើបខ្លួនបាញ់មិនត្រូវ។ មួយថ្ងៃពីរថ្ងៃក្រោយមក ទើប​ព្រាហ្មណ៍ដឹងថា ក្ងោកនោះតែងតែភ្ញាក់ពីព្រលឹម តាំងសីលសូត្រមន្តគាថា  ប្រណម្យឆ្ពោះទៅព្រះអាទិត្យ​ឯទិស​ខាងកើត លុះល្ងាចឡើង មុនចូលទ្រនំ ក៏ភាវនាធ៌មបែមុខទៅទិសខាងលិច។

ព្រាហ្មណ៍ក៏នឹកឃើញមធ្យបាយ ធ្វើឲ្យក្ងោកភ្លេចធម៌ ដើម្បីឲ្យខ្លួនបាញ់បាន ពេលនោះព្រាហ្មណ៍​ចាប់យកក្ងោក​ញី​មួយ​​​ដ៏ស្រស់ប្រិមប្រិយ មកបញ្ឆោតក្ងោកឈ្មោល។ ព្រឹកឡើងបម្រុងនឹងទទះស្លាបភាវនាធម៌ គ្រាន់តែក្រឡេក​ឃើញ​ក្ងោក​ញីភ្លាម ក្ងោកឈ្មោលក៏លោតចុះមករកនាង មយូរីដ៏ស្រស់នោះ។

ព្រាហ្មណ៍ក៏ចាប់ក្ងោកនោះបាន ក្ងោកសួរថា៖ ព្រាហ្មណ៍អើយ ព្រាហ្មណ៍ប្រាថ្នាខ្ញុំយកទៅធ្វើអ្វី? ខ្ញុំនេះខំលះបង់ព្រៃជិតភូមិ មករស់នៅព្រៃជ្រៅ ដើម្បីប្រាថ្នាឲ្យផុតពីការសៅហ្មង និងរបរប្រមាញ់ ហេតុអ្វីក៏ព្រាហ្មណ៍តាមមកធ្វើបាប់ខ្ញុំទៀត? ក្ងោកអើយ! ខ្ញុំ​មិន​​​មែនយកអ្នកមកសម្លាប់ទេ បុត្រីព្រះរាជាទ្រង់សុបិនឃើញក្ងោកចេះទេសនា ទេសនាថ្វាយព្រះនាងស្តាប់ ទើប​​ព្រះរាជាបញ្ជាឲ្យខ្ញុំមករក ខ្ញុំឃើញអ្នកចេះភាវនាធម៌ ទើបខ្ញុំយកអ្នកទៅថ្វាយព្រះនាងតែប៉ុណ្ណោះ។ (ក្ងោក​សើច) បើដូច្នោះ សូមអ្នកកុំព្រួយ ខ្ញុំនឹងទៅសម្តែងធម៌ថ្វាយព្រះនាងសណ្តាប់ជារៀងរាល់ថ្ងៃសីល ចាប់ពីសីល​នេះ​តទៅ។

ចាប់ពីពេលនោះមក ក្ងោកតែងតែហិចហើរមកថ្វាយធម្មទេសនាថ្វាយព្រះរាជបុត្រីជានិច្ច  អាស្រ័យហេតុ​នេះហើយ ទើបខ្មែរកុឡានៅប៉ៃលិន តែងតែលេងរបាំនេះនៅថ្ងៃសីល៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here