លោក AbhasJha ប្រធានគ្រប់គ្រងផ្នែកទីប្រជុំជន និងគ្រោះមហន្តរាយ របស់ធនាគារពិភពលោក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ

0
113

 ភ្នំពេញៈ

 ដោយ៖ ហុង ចំណាប់

 លោក  AbhasJha ប្រធានគ្រប់គ្រងផ្នែកទីប្រជុំជន និងគ្រោះមហន្តរាយ របស់ធនាគារពិភពលោក បាន​ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨។

លោករដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍ចំពោះក្រុមបេសកកម្ម នៃធនាគារពិភពលោក​ និងបាន​ជម្រាប​ជូនពីអត្ថប្រយោជន៍ នៃគម្រោងគ្រប់គ្រងគ្រោះមហន្ដរាយ នៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ដែលជាគម្រោង​មួយជួយដល់ប្រជាពលរដ្ឋនៅជនបទ ជាពិសេស តំបន់គោលដៅដែល​ងាយរង​គ្រោះ​​ដោយទឹកជំនន់ និង​ការបម្រែបម្រួលអាកាសធាតុ។

លោក  AbhasJha​ បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្រ្ដី ដែលបានផ្ដល់ឱកាសឲ្យក្រុមបេសកកម្ម របស់​លោកបានជួបសម្ដែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ លោក AbhasJha បានបញ្ជាក់​ថា ក្រុមបេសកកម្មរបស់លោក បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ជាមួយភ្នាក់ងារអនុវត្តគម្រោង គ្រប់គ្រង​គ្រោះមហន្ដរាយ នៅកម្ពុជា និងអាស៊ីអាគ្នេយ៍​  ដើម្បីត្រៀមរៀបចំពិធីចុះហត្ថលេខា ជាមួយក្រុមទីប្រឹក្សា បច្ចេកទេស លើការងារសិក្សាគម្រោងនេះ។  ការសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ដែល​ស្ថិត​​នៅ​ក្នុង​ក្របខណ្ឌគម្រោង នឹងធ្វើការសាកល្បង ដោយតម្រូវឲ្យក្រុមហ៊ុន​ទទួលការសាងសង់ ​ធ្វើការ​ជួសជុល និងថែទាំផ្លូវទាំងនោះក្នុងរយៈពេល ៥ ឆ្នាំ ផងដែរ។

លោក​ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់បន្ថែមថា ដើម្បីឲ្យគម្រោងនេះ ដំណើរការ​ទៅបានរលួន និងទាន់ពេលវេលា ជាការ​ចាំបាច់ ក្រសួងអភិវឌ្ឍន៍ជនបទ និងធនាគារពិភពលោក ត្រូវតែ​ជម្រុញកិច្ចសហប្រតិបត្តិការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធនានា ដើម្បីឲ្យ​គម្រោង​គ្រប់គ្រងគ្រោះមហន្តរាយ នៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ទទួលបានជោគជ័យ និងទាន់ពេលវេលា ។

កន្លងមក គម្រោងគ្រប់គ្រងគ្រោះមហន្ដរាយ នៅកម្ពុជា និងអាស៊ីអាគ្នេយ៍​នេះ គឺ ​ជាគម្រោងរបស់រាជ​រដ្ឋាភិ​បាល គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ មានរយៈពេល ៥ឆ្នាំ ២០១៧-២០១២២ ក្នុងគោលដៅ​ជម្រុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ តាមរយៈការស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ប្រភេទ DBST នៅតំបន់មិនលិចទឹក និងផ្លូវបេតុង​នៅតំបន់ដែលលិចទឹក។ ជាគម្រោងឥណទាន សម្បទានពីធនាគារពិភពលោក និងថវិកាបដិភាគ របស់​រាជរដ្ឋាភិបាលកម្ពុជាចំនួន ៦០លានដុល្លារ ក្នុងនោះ ថវិកា៤០ លានដុល្លារ សម្រាប់ស្ថាបនាផ្លូវជនបទ​ក្រាលកៅពីរជាន់ DBST និងចាក់បេតុងសរុបប្រវែង ២៩៥,៩ គីឡូម៉ែត្រ​ ព្រមទាំងសំណង់សិល្បកា​រនៅ​តាមខ្សែផ្លូវ មាន ស្ពាន លូ ជាដើម ដើម្បីឲ្យមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ក្នុងខេត្តកំពង់ចាម ៣ខ្សែ សរុបប្រវែង ៦៩,៩គីឡូម៉ែត្រ ,ត្បូងឃ្មុំ ៦ខ្សែ ប្រវែង ៤៤,៧គីឡូម៉ែត្រ​ ,កណ្ដាល ៧ខ្សែ ប្រវែង ៥១,២ គីឡូម៉ែត្រ​ ,សៀមរាប ៥ខ្សែ ប្រវែង ៥៥គីឡូម៉ែត្រ​ , ក្រចេះ ៤ខ្សែ ប្រវែង ៤៦,១០គីឡូម៉ែត្រ​ និង​ខេត្ត​ស្ទឹងត្រែង ២ខ្សែ ប្រវែង ២៩គីឡូម៉ែត្រ​៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here