លោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ពិនិត្យស្ថានភាពផ្លូវខូចខាតដោយទឹកជំនន នៅស្រុកសៀមបូក

0
652

ខេត្តស្ទឹងត្រែងៈ

ដោយ៖ ហុង ចំណាប់

កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងមន្រ្ដីបច្ចេកទេសជាច្រើនរូប  បានអញ្ជើញទៅ​ពិនិត្យ​​​ស្ថានភាពផ្លូវ ដែលរងការខូចខាតដោយសារទឹកជំនន់ ចំនួន ២ខ្សែ នៅស្រុកសៀមបូក ខេត្តស្ទឹង​ត្រែង។

លោក ព្រំ ចន្ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្ទឹងត្រែង បានលើកឡើងថា ដោយសារតែទឹកជំនន់ទន្លេមេគង្គឡើង​ខ្លាំង បណ្ដាហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវ ស្ពាន ប្រព័ន្ធលូដោះទឹក នៅក្នុងស្រុកនានាទូទាំងខេត្ត ដែលគ្រប់គ្រងដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ បានទទួលរងការលិចលង់ និងខូចជាច្រើនខ្សែ។ ជាក់ស្ដែងផ្លូវក្រាលក្រួសអាចម៍ផ្កាយចំនួន ២ខ្សែ ប្រវែង​សរុប ៣២គីឡូម៉ែត្រ  ដែលបានសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទកាលពីឆ្នាំកន្លងទៅ ត្រូវបានទឹកហូរកាត់ផ្ដាច់ និង​លិច​មិន​អាចធ្វើចរាចរណ៍បាន ក្នុងនោះមានផ្លូវប្រវែង ២១ គីឡូម៉ែត្រ តភ្ជាប់ពីភូមិកាំងមេម៉ាយ ទៅដល់ភូមិស្រែក្រសាំង ឃុំ​ស្រែ​ក្រ​សាំង ស្រុកសៀមបូក ជាប្រភេទផ្លូវក្រាលក្រួសអាចម៍ផ្កាយ។ ដោយឡែកផ្លូវមួយខ្សែទៀត ប្រវែង ១១គីឡូម៉ែត្រ តភ្ជាប់ពីភូមិកោះសំពាយទៅភ្ជាប់និងផ្លូវជាតិលេខ ៧ឃុំកោះសំពាយស្រុកសៀមបូក ក៏ខូចស្ទើរតែទាំងស្រុង ដោយសារ​ជំនន់​​ផង​​ដែរ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ស្ថានភាពអាកាសធាតុ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងទឹកជំនន់ទន្លេមេគង្គបន្ត​ឡើងជាបន្ត​បន្ទាប់ បង្កឲ្យមានទឹកជំនន់លិចដំណាំស្រូវ និងដំណាំផ្សេងៗក្នុងភូមិ ឃុំ សង្កាត់ ស្រុក មួយចំនួននៃខេត្តជាប់ទន្លេមេគង្គ និង​ទន្លេសាប ហើយកក្តាទាំងនេះ បានបណ្ដាលឲ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន រួមមានផ្លូវ ស្ពាន និងសំណង់​សិល្បកាផ្សេងៗទៀត ដែលជាបន្ទុករបស់រាជរដ្ឋាភិបាល។ ដោយឡែកផ្លូវដែលគ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ ​រង​ផល​ប៉ះពាល់នៅតាមបណ្ដាខេត្តមួយចំនួនទៀត  ក្រសួងអភិវឌ្ឍន៍ជនបទ នឹងចាត់បញ្ជូនក្រុមការងារបច្ចេកទេស​ចុះធ្វើការ​សិក្សា​ស្រង់ទិន្នន័យពីទំហំនៃការខូចខាត និងដើម្បីងាយស្រួលដល់ការលើកគម្រោងជួសជុល និងកែលម្អឡើងវិញផងដែរ ។

លោករដ្ឋមន្រ្ដី ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្ទឹងត្រែង បានរំលឹកដល់​មន្រ្ដី​រាជការ​ទាំងអស់ត្រូវបន្តខិតខំធ្វើល្អ បម្រើប្រជាពលរដ្ឋ ជាពិសេស គឺវិស័យផ្គត់ផ្គង់ទឹកស្អាត និងការស្ដារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធជនបទ៕

 

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here