ប្រវត្តិៈ ទ្រ និងចាប៉ីខ្មែរ មានអាយុប្រមាណជា ២០០០ឆ្នាំ ប្រភពដើមចេញពីឥណ្ឌា

0
632

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

ចាប៉ី និងទ្រខ្មែរ មានប្រវត្តិដ៏យូរលង់មកហើយ​ដោយបុព្វបុរសខ្មែរយើង បានបង្កើតឡើងជឧបករណ៍តន្ត្រី សម្រាប់ប្រគុំក្នុងឱកាសបុណ្យទានផ្សេងៗ។

ទ្រ និងចាប៉ី ចេញពីប្រភពឥណ្ឌា នៅរដ្ឋរាជាស្ថាន ប្រទេសឥណ្ឌា ទ្រជាឧបករណ៍តន្ត្រីបុរាណ ដែល​ជនជាតិខ្មែរប្រើដោយកេះ ឬដេញ ដែលធ្វើអំពីឈើគ្រញូង ខុសពីឧបករណ៍ចាប៉ី គេកេះនឹងដៃ។ ឧបករណ៍ទាំងពីរប្រភេទនេះ ដែលប្រើជាមួយក្រុមពិណក្នុងសម័យបុរេអង្គរ និងអង្គរ ជាឧបករណ៍ប្រពៃ​ណី​​ប្រើ​​ដោយ​​ខ្សែ ដោយមានប្រអប់ស្នូក ឬប្រអប់សំលេងធ្វើអំពីឈើ ឬត្រឡោកដូង ដូចមានក្នុង​សិលា​ចារឹក និងចម្លាក់ថ្មជាសក្តីកម្មស្រាប់។

ពេលគេកូតទ្រ ឬដេញចាប៉ីម្តងៗ គេឮសម្លេងស្រាល ហើយស្រទន់គួរឲ្យជកចិត្តជាពន់ពេក ជាពិសេស នៅ​ពេលរាត្រី​។ ក៏ប៉ុន្តែឧបករណ៍ចាប៉ីក្មេងៗសម័យបច្ចុប្បន្ននេះ មិននិយមចូលចិត្តទេ បើចាស់ៗនៅតាម​ស្រែ​​ចម្ការ នៅចូលចិត្តស្តាប់នៅឡើយ។

រីឯទ្រវិញ មានក្រុមភ្លេងខ្លះយកមកប្រគុំ ចូលជាមួយក្រុមភ្លេងសម័យទំនើប បង្កើតបានជាបទភ្លេងមួយ​បែបថ្មីដែលពិរោះគួរឲ្យចង់ស្តាប់ ហើយទ្រនេះនៅមានគេនិយមច្រើនទាំងនៅទីក្រុង ទាំងនៅជនបទ។

តើឧប​ករណ៍ទាំងពីរប្រភេទនេះមានប្រភពចេញពីណា?

ការស្រាវជ្រាវអំពីឧបករណ៍ភ្លេង នៅប្រទេសឥណ្ឌា នាពេលបច្ចុប្បន្ន បានបញ្ជាក់បង្ហាញនូវប្រភពឥណ្ឌា នៃឧបករណ៍ទាំងពីរខាងលើនេះ ដែលនាំចូលក្នុងប្រទេសខ្មែរ នាសម័យនគរភ្នំតាមរយៈឥណ្ឌូរូបនីយកម្ម ។

ថ្វីត្បិតតែឧបករណ៍ទាំងពីរប្រភេទនេះ មានប្រភពចេញពីប្រទេសឥណ្ឌា ក៏ពិតមែន ក៏ប៉ុន្តែរូបភាព ឧបករណ៍នេះ បានផ្លាស់ប្តូរទម្រង់ដោយខ្មែរ បានយកត្រឡោកដូងធ្វើជាប្រអប់ ហើយមានឆ្លាក់ក្បូរក្បាច់​រចនា ដ៏ល្អប្រណិតថែមទៀតផង ខុសពីឧបករណ៍ភ្លេងនៅឥណ្ឌា ដែលគ្មានក្បាច់រចនាឡើយ ព្រោះ ប្រហែលជាស្ថិតក្រោមសម្ពាធសាសនាដ៏តឹងរឹង។ បើនិយាយយម្យ៉ាងទៀត ឧបករណ៍ភ្លេងឥណ្ឌា នៅតែ​រក្សា​​​លក្ខណៈដើមរបស់វាដដែល ដោយគ្មានការប្រែប្រួលធំដុំអ្វីឡើយ។ ជាក់ស្តែង ឧបករណ៍ភ្លេង​មួយ​ប្រភេទ ដែលហៅថា កិន្នរ ដែលវត្តមានរបស់វា ត្រូវបានគូសបញ្ជាក់ដោយសិលាចារឹក K270, K.330 និង K.741 នៅសម័យអង្គរ នៅឥណ្ឌា ឧបករណ៍នេះមានប្រអប់សម្លេងទៅដល់៣ ធ្វើអំពីឃ្លោក។

រីឯនៅប្រទេសកម្ពុជាវិញ គេឃើញមានប្រអប់សម្លេងតែពីរ ឬតែមួយតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ខុសពី​នៅឥណ្ឌា​ ដែលផ្នែកខាងលើនៃឧបករណ៍កិន្នរ លំអរដោយរោមសត្វស្លាប ឧបករណ៍កិន្នរ របស់យើង​ហៅថា ពិណ ដែលបានឲ្យកំណើតទៅឧបករណ៍ចាប៉ីខ្សែមួយខ្មែរ គ្មានរោមសត្វនៅខាងចុងដងឡើយ។ គឺឧបករណ៍ចាប៉ីខ្សែមួយនេះ ហើយដែលគេហៅថា តុយលា ប្រើរហូតដល់សព្វថ្ងៃ នៅក្នុងភូមិភាគអូរិស្សា និងដែលត្រូវបានឆ្លាក់នៅលើប្រាសាទនៅស.វទី៨ នៅលើប្រាសាទនៅឥណ្ឌាខាងត្បូង។

ពាក្យចាប៉ី ដែលមកពីភាសាសំសស្ត្រឹត ចក្ខប៉ី មិនត្រូវបានជួបប្រទះលើផ្ទាំងសិលាចារឹកខ្មែរក្តី ក៏ប៉ុន្តែ​យើង​បានជួបចម្លាក់របស់ឧបករណ៍ចាប៉ីជាច្រើនប្រភេទ នៅលើក្បាច់ចម្លាក់បុរាណ ជាពិសេសក្បាច់ផ្តែរខ្មែរ នាដើម​​ស.វទី៧ នៅក្រុមប្រាសាទសម្បូរព្រៃគុក។ មួយវិញទៀត សហគមន៍ខ្មែរសុរិន្ទ រហូតដល់សព្វថ្ងៃ​នៅ​តែប្រើពាក្យ ពិណ-ប៉ី សម្រាប់ឧបករណ៍ចាប៉ីខ្សែ មួយដែលជាប្រភេទពិណ។ គឺប្រការទាំងនេះហើយ ដែល​​ធ្វើ​ឲ្យយើងនិយាយបានថា ជនជាតថៃ បានស្គាល់ឈ្មោះឧបករណ៍ភ្លេងឥណ្ឌា តាមរយៈខ្មែរចាប់ផ្តើម​តាំង​​ពី​ស.វ ទី១៣ មក ។

តាមការស្រាវជ្រាវ គឺឧបករណ៍ឥណ្ឌាកិន្នរ ខាងលើនេះ ពិតជាបានឲ្យកំណើតទៅពិណ ឬចាប៉ី នាសម័យ​អង្គរដែលមានប្រអប់បំពងសម្លេងពីរ ឬមួយយ៉ាងប្រាកដ។

ចាប៉ីខ្សែមួយ ក៏ជាប្រភេទពិណមានខ្សែលួសតែមួយ រីឯប្រអប់បំពងសម្លេងមានរាងមូល ធ្វើអំពីផ្លែឃ្លោក​មួយកំណាត់ ដែលទ្រភ្ជាប់ពីក្រោមផង ហើយមានប៉ោល សម្រាប់រិត ឬបន្ធូរខ្សែនៅពេលដេញ។ គឺដោយ​សារគុណសម្បត្តិនេះហើយ បានជាខ្មែរយើងឲ្យឈ្មោះថា ចាប៉ី ជាឯកតន្ត្រី ដែលមានសូរសៀងពិរោះ កម្រិតកំពូល បើយោងតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ។

ឧបករណ៍ភ្លេងទាំងពីរនេះ ដែលបានហូរចូលពីសម័យនគរភ្នំ តាមរយៈពាណិជ្ជកម្មអន្តរជាតិ រវាងខ្មែរ និង​ឥណ្ឌា​នាដើមស.វទី១ មានអាយុប្រមាណជា ២០០០ឆ្នាំមកហើយ។ ជនជាតិខ្មែរ​ក៏បានឆ្លាក់រូបវា​នៅលើ​ប្រាង្គប្រាសាទបុរាណដែរ៕

 

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here