ប្រវត្តិ ព្រះវិហារបូរាណ វត្តពិភទ្ទរង្សី ហៅវត្តចិនដំដែក

0
293

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

វត្តពិភទ្ទរង្សី ដែលពុទ្ធបរិស័ទធ្លាប់ស្គាល់ច្បាស់ថា ជាវត្តចិនដំដែក ក្នុងខណ្ឌដូនពេញ ​រាជធានីភ្នំពេញ ដែលមានព្រះវិហារបុរាណមួយ មានក្បូរក្បាច់រចនាស្រស់ប្រណិតពីបុរាណ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការជួសជុលអភិរក្សឡើងវិញ ដោយគម្រោងនេះ បានបញ្ចប់រួចរាល់ ហើយ​បាន​ប្រគល់​ទៅអោយវត្តវិញថ្មីៗនេះ។

ដំណាលរឿងព្រេងវត្តចិនដំដែកនេះ គឺ មានហេតុផលខ្លះថា មានការទាក់ទងទៅនឹង​ឈ្មោះវត្ត ចិនដំ​ដែកនេះ ក៏ព្រោះតែទីតាំងនោះ ពីដើមចិនប្រកបរបរដំដែក លុតដែកធ្វើកាំបិត ហើយ ក្រោយមក​ក៏​មាន​ឈ្មោះ វត្តចិនដំដែក តែចាស់ៗខ្លះបានដំណាលថា មានចិនរកស៊ីតាមសំពៅពីស្រុក​ចិនមក​ស្រុក​ខ្មែរ ស្រាប់តែសំពៅនោះគឿងនៅកណ្តាលទន្លេ មិនដឹងធ្វើម្តេចក៏បន់ស្រន់ថា ឲ្យសំពៅ ឈប់គឿង​តទៅនឹងកសាង​​​វិហារមួយនៅទីនោះ។ ការបន់ស្រន់ចិនសំពៅស័ក្តសិទ្ធិមែន ចិនសំពៅ​នោះក៏មក​កសាង​​​​ព្រះវិហារនោះ ដោយឈ្មោះថា ចិនដំដែករហូតមក នេះគ្រាន់តែជារឿងដំណាល​ខ្លះៗដែលទាក់​ទិនទៅនឹងឈ្មោះ វត្តចិនដំដែក ប៉ុណ្ណោះ។

យោងតាមឯកសាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកបង្ហាញថា៖

វត្តពិភទ្ទរង្សី ហៅវត្តចិនដំដែកខាងជើង គឺជាវត្ថុដែលល្អពិសិដ្ឋក្នុងចំណោមវត្តដទៃទៀត នៅ រាជធានី​ភ្នំពេញ ព្រោះការកើតវត្តនេះឡើង គឺដំណាលគ្នានឹងការកកើតរាជធានីភ្នំពេញ ដែលចាប់តាំងពីរសត​វត្ស ទី ១៥ ។ វត្តនេះមានព្រះវិហារបុរាណមួយនិងអគារបី (កុដិពីរ និងសាលាឆាន់មួយ) ដែលសុទ្ធ​សឹងតែមានវ័យចំណាស់ ត្រូវបានកសាងឡើងនៅឆ្នាំ១៨៨៧ ក្នុងរដ្ឋកាលព្រះបាទនរោត្តម ដែលពេល​នោះ ប្រទេសកម្ពុជាស្ថិតនៅក្រោមសម័យអាណានិគមនិយមបារាំង។

ព្រះវិហារនេះ មានទម្រង់ស្ថាបត្យកម្ម បន្តពីសិល្បៈនៅសម័យឧត្តុង្គ ដែលឃើញមាននៅវត្តវិហារហ្លួង​នាក្រុងឧត្តុង្គ។ ព្រះវិហារវត្តពិភទ្ទរង្សី សង់លើខឿនផ្ទាល់ដី តាមទំនៀមក្បួនបុរាណ មានបណ្តោយ ២១ម៉ែត្រ និងទទឹង១២ម៉ែត្រ ហើយប្លង់ ព្រះវិហារនេះ​ សល់តែមួយគត់ នៅក្នុងរាជធានីភ្នំពេញ។

ចំពោះគ្រឿងលម្អ ដែលបំពាក់នៅលើតួព្រះវិហារ មានក្បាច់រចនានៅលើ ស៊ុមទ្វារ បង្អួច និងរង​ស្បូវ ជាពិសេស នៅតាមសសរនីមួយៗ មានបំពាក់ទៅដោយព្វរា និងកិន្នរី ហើយផ្នែកខាងក្នុងមានគំនូរ បុរាណគូរលើគ្រឿងបង្គុំដំបូលអំពីឈើ និងនៅតាមហប់ខ្យល់គូរ ពីរឿងជាតកផ្សេងៗ ដែលវត្តដទៃ​ទៀត​​នៅក្នុងរាជធានីភ្នំពេញពុំមានដូច។ ដោយមានសំណើពីព្រះគ្រូចៅអធិការវត្ត និងពិនិត្យឃើញពី ស្ថានភាពទ្រុឌទ្រោម នៃសំណង់ព្រះវិហារនេះ ទើបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានធ្វើការអភិរក្ស និងជួសជុលដោយគម្រោងថវិការបស់ក្រសួង៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here