ប្រវត្តិសាស្ត្រៈ ឧបករណ៍តន្ត្រីគែនខ្មែរ មិនមែនជារបស់ឡាវទេ ដែលមានអាយុ៥០០-៣០០ឆ្នាំ មុនគ្រិស្តសករាជ ព្រះសង្ឃបារាំង ព្រះនាម អាមីញ៉ូ បាននាំ​យកកត្តកម្មនេះ ​ចូលទៅទ្វីបអឺរ៉ុប ឆ្នាំ១៧៧៧ ផលិតជា អាសូនីការ

0
791

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

ឧបករណ៍តន្ត្រីគែន គឺជារបស់ខ្មែរ ដែលសិល្បករកំពុងផ្លុំគែន ដោយសារបច្ចុប្បន្ន ឧបករណ៍តន្រ្តីគែន បានឃ្លាត​ចាកឆ្ងាយពីជីវិតរបស់ប្រជារាស្ត្រខ្មែរ បានធ្វើឲ្យខ្មែរមួយចំនួនមានមតិយល់ច្រឡំថា “ឧបករណ៍គែន មិនមែនជា​មរតកដូនតាខ្មែរទេ គឺជារបស់ឡាវ” ព្រោះបងប្អូនខ្មែរទាំងនោះសំអាងថា សព្វថ្ងៃនេះ ឧបករណ៍តន្ត្រីគែន ជាទី​ពេញ​និយមរបស់បងប្អូនឡាវ ។

តាមអ្នកស្រាវវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ឧបករណ៍តន្ត្រីគែន មិនមែនពេញ​និយមតែនៅប្រទេសឡាវនោះទេ សូម្បីតែនៅប្រទេសខ្មែរយើង ក៏កជាទីពេញនិយមខ្លាំងក្លាណាស់ដែរ ពិសេស​ក្នុងស្រទាប់បងប្អូនខ្មែនៅលើ ខេត្តស្ទឹងត្រែង ដែលមានព្រំប្រទល់ជាប់នឹងប្រទេសឡាវ។

ចំណែកប្រជារាស្ត្រខ្មែ រនៅខេត្តបាត់ដំបង សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ មិនត្រឹមតែពេញនិយម​ប៉ុណ្ណោះទេ គឺថែមទាំងបានរក្សាការប្រើឧបករណ៍តន្រ្តីគែន បន្តពីដូនតាជារហូតមក ដល់សព្វថ្ងៃនេះ។

ឧបករណ៍គែននេះ មានកំណើតតាំងពីសម័យបុរេប្រវត្តិមកម្លេះ លើទឹកដីកម្ពុជា។ ភស្តុតាងជាក់ស្តែងបង្ហាញ​តាម​​រយៈ​រូបបុព្វបុរសខ្មែរផ្លុំគែន ដែលបានឆ្លាក់លើស្គរមហាធឹក ដែលមានអាយុ៥០០-៣០០ឆ្នាំ មុនគ្រិស្ត​សក​រាជ។

ក្នុងប្រវត្តិសាស្ត្រខ្មែរបានចែងឧបករណ៍គែននេះថា នៅលើទឹកដីនៃជ្រោយឥណ្ឌូចិននេះ កាលដើមឡើយមាន​តែប្រទេស​​ហ្វូណន និងចម្ប៉ាទេ។ វប្បធម៌អរិយធម៌បុរាណ មានកំណើតមុនប្រទេស ទើបនឹងកើតថ្មីៗទាំងឡាយ នៅលើពិភពលោក ហើយបានបន្សល់ទុកដល់សព្វថ្ងៃ លើទឹកដីសៀម ឡាវ យួនខាងត្បូង។

ចំពោះអ្នកស្រាវជ្រាវផ្សេងទៀត ដូចជាលោក ហ្សង់ ហ្សាក់មីលតូ (Jean Jacques Milteau​តន្ត្រីករជនជាតិ​បារាំង) បានសួរថា “អស់លោកស្គាល់ប្រភពឧបករណ៍តន្ត្រីអាមូនីការទេ?” លោកបានពណ៌នាថា ការផុសចេញ​នូវឧបករណ៍តន្ត្រីនេះ គឺនៅលើទឹកដីនៃជ្រោយឥណ្ឌូចិនកាលពី ៣០០ឆ្នាំ មុនគ្រិស្តសករាជ ជាពិសេស​នៅ​ប្រទេស​កម្ពុជា ដែលចេញប្រភពពីឧបករណ៍ឈ្មោះថា គែន។ ព្រះសង្ឃបារាំងមួយអង្គព្រះនាម អាមីញ៉ូ បាននាំ​យកកត្តកម្មនេះ​ចូលទៅទ្វីបអឺរ៉ុប ឆ្នាំ១៧៧៧។

អ្នកស្រាវជ្រាវ បានឲ្យដឹងទៀតថា ឧបករណ៍មានពីរបែប គឺគែនធំ មានប្រវែងមួយម៉ែត្រ ឯគែនតូចមានប្រវែងពី ៥០ សង់ទីម៉ែត្រ ទៅ ៦០សង់ទីម៉ែត្រ ហើយមានរបៀបធ្វើដូចគ្នា។ តួឬបំពង់សម្រាប់ផ្លុំនោះ ធ្វើពីឈើខ្លឹម ដែល គេក្រឡឹងជារាងមូលទ្រវែង ដោយចោះរន្ធតាមបណ្តោយសម្រាប់ផ្លុំ។ គេបានចោះប្រហោង ពីលើចុះមកដល់​ក្រោមទៀត សម្រាប់ស៊កបំពងឬស្សីដែលតម្រៀបគ្នាជាពីរជួ ដោយក្នុងមួយជួរៗមាន៧ ទៅ ៨ដើម។ ឬស្សី​ដែល​គេយកមកស៊កនេះ មានប្រវែងពុំស្មើគ្នាទេ គឺមានវែងខ្លីរៀងចុះមកជាបន្តបន្ទាប់។ បំពង់ទាំងអស់នោះ គេបាន ចោះរន្ធសម្រាប់ដាក់អណ្តាតធ្វើពីស្ពាន់ ដែលគេបានដំឲ្យស្តើង ហើយទើបកាត់បិទទៅនឹងរន្ធ។

គេលេងឧបករណ៍តន្ត្រីនេះដោយផ្លុះ ហើយប្រើម្រាមដៃទាំងពីរខាងបិទបើករន្ធចុះឡើង ដោយមានសូរ។ ឬស្សី ដែល​​បាន​ស៊កហើយនោះ ប្រខាំជាប់បាន ដោយសារការបិទជុំវិញនឹងជ័យម្រោម។

បច្ចុប្បន្នប្រជារាស្ត្រខ្មែរ នៅភូមិភាគខាងជើងយកឧបករណ៍គែន សម្រាប់លេងកំដរក្នុងវង់តន្ត្រី ប្រឺន​ដែលមាន​នាទីលេងកំដររបាំ ឬការច្រៀងឆ្លងឆ្លើយគ្នាចំនួនមួយគូៗ(ស្រីនិងប្រុស)ឬជាក្រុមៗ។

ចំពោះការកំដរពីធីផ្សេងៗទៀតនោះ ប្រជារាស្ត្រខ្មែរនៅខេត្តស្ទឹងត្រែង និយមយកមកផ្លុំកំដរណាស់ គេបានផ្លុំកំ​ដរ​​របាំ ឬគេផ្លុំខ្លួនឯងផង ហើយរាំផងក៏មានដែរ។

ផ្អែកតាមប្រវត្តិសាស្ត្រខ្មែរ ដែលបានបញ្ជាក់ច្បាស់អំពីប្រភពកំណើត នៃឧបករណ៍គែន និងការប្រើប្រាស់​ឧបករណ៍នេះ ជាទំនៀមទម្លាប់ប្រពៃណីរបស់ប្រជារាស្ត្រខ្មែរ តាំងពីយូរលង់មកហើយ នោះឃើញថា “ឧបករណ៍​តន្ត្រីគែន គឺជារបស់ខ្មែរ មិនមែនជារបស់ឡាវ ដូចការអះអាងរបស់ប្រជារាស្ត្រខ្មែរមួយចំនួន ដែលយល់ច្រឡំ​នោះទេ” ៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here