រឿងព្រេងនិទាន ប្រវត្តិភ្នំសុពណ៌កាលី ទាក់ទិនទៅនឹងក្រពើនាងឱរ៉ៃ លោកនេន

0
222

ខេត្តក្រចេះ

ដោយ៖ សេង ស៊ីដារ៉ូ

បើយើងធ្វើដំណើរពីភ្នំពេញ ទៅតាមដងទន្លេធំដោយទូក ឬកប៉ាល់នោះ យើងនឹងទៅដល់ភ្នំដីច្រាល បន្ទាប់មក​យើងត្រូវបត់តាមផែក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ហើយយើងត្រូវក្រឡេកភ្នែកមើលទៅទិសឦសាន ក្នុងស្រុកព្រះប្រសព្វ ខេត្តក្រចេះ ត្រើយខាងជើង ត្រង់ឃុំចំបក់ យើងនឹងឃើញភ្នំមួយខ្ពស់ និងទុងសំគាល់ មួយនៅក្បែរមាត់ទន្លេ ដែលមានឈ្មោះថា “ភ្នំសុពណ៌កាលី” ជាភ្នំស័ក្តិសិទ្ធិណាស់។

តាមប្រវត្តិរឿងព្រេងនិទានខ្មែរយើង បានលើកយកប្រវត្តិភ្នំជាច្រើនមានដូចជាភ្នំនាងកង្រី ភ្នំសំពៅ ភ្នំដោះក្រមុំ ដែលសុទ្ធសឹងមានរូបរាងស្រដៀងទៅនឹងដងខ្លួនមនុស្សស្រី ដ៏ស្រស់ស្អាតបំផុត​ នៃរឿងព្រេងខ្មែរនោះ។

ចំណែកភ្នំសុពណ៌កាលី ក៏មានរឿងព្រេងដំណាលដូចគ្នានេះដែរ ដែលមានភាពកំសត់ទាក់ទិនទៅនឹងក្រពើ​លោក​នេន។ ហើយរឿងព្រេងភ្នំនេះ និទានថា ក្នុងសម័យនោះ នៅក្នុងឃុំមហាលាភ ស្រុកកោះសុទិន ក្នុងខេត្ត​កំពង់​ចាម មានក្រពើមួយឈ្មោះ នាងឱរ៉ៃ អាស្រ័យនៅក្នុងទន្លេតូច ត្រង់កំពង់វត្តមហាលាភ ជាក្រពើរបស់​លោក​ចិញ្ចឹម។ រាល់ពេលលោកនិមន្តទៅមក ក្រពើនោះ បានចម្លងលោកនេន ដែលជាម្ចាស់រាល់លើក។ ក្រពើនោះមាឌ​ធំណាស់ ក្បាល៧ហត្ថ អាចបំប្លែងខ្លួនជាមនុស្សបាន។ កាលវាបំប្លែងខ្លួនជាមនុស្ស នាងឱរ៉ៃ បានឮពាក្យមនុស្ស​និយាយ​​គ្នាថា “ក្រពើឈ្មោះនាងឱរ៉ៃធំអីប៉ុណ្ណឹង នៅចាញ់ក្រពើមួយឈ្មោះ សុពណ៌កាលី នៅអន្លង់សាលីធំជាង​នេះ​ទៅទៀត”។ នាងឱរ៉ៃ បានឮមនុស្សនិយាយគ្នាដូច្នោះ ក៏ប្រែជាក្រពើដូចដើម ហែលទៅតាមទន្លេតូច​ចម្ងាយ​ច្រើន​គីឡូម៉ែត្រ សំដៅទៅរកក្រពើសុពណ៌កាលី ដោយប្រាថ្នានឹងប្រឡងឬទ្ធិគ្នា។

លុះចេញទៅដល់មាត់ពាមផ្លាយម្រេច ក៏ប្រទះនឹងតាយាយកំពុងអុំទូកឆ្លងទន្លេធំ នាងឱរ៉ៃ គិតថា “បើខ្លួនខ្ញុំនៅ​ជាក្រពើ នឹងសុំដោយសារគេពុំបានទេ ព្រោះគេខ្លាចក្រពើណាស់។ បើដូច្នេះ ខ្ញុំត្រូវតែនិម្មិតខ្លួនជាលោកនេន ទើបសុំគេបាន” គិតហើយក៏និមិត្តខ្លួន ជាលោកនេន សុំដោយសារតាយាយបានដូចបំណងមែន នាឱរ៉ៃ ជា លោកនេន មិនបានឲ្យតា នៅកន្សៃទូកទេ ក៏បង្គាប់តាយាយឲ្យទៅអង្គុយខាងក្បាលទូក ទប់ខ្លួនឲ្យនឹង ហើយ លោកនេនក្រពើ ក៏ខំអុំទូកលឿនបន្តិចម្តងៗ។ លុះយូរៗ ​ទៅ​ទូករឹតតែលឿនទៅៗ ដោយអំណាចនាងឱរ៉ៃនិម្មិត យកកន្ទុយជួយកាយផ្សំផងនោះ ចំនួនកន្លះថ្ងៃ ទើបទៅដល់កន្លែងក្រពើ សុពណ៌កាលី។ នាងឱរ៉ៃ (លោកនេន) សួរតាយាយថា “តាឡើងត្រើយខាងណា?” តាយាយឆ្លើយប្រាប់ទៅវិញថា “តាឡើងត្រើយខាងស្តាំនេះ​បាន​ហើយ”។

លុះចូលទូកទៅដល់កំពង់ នាងឱរ៉ៃ (លោកនេន) ជួយអូសទូកតាយាយផុតពីទឹក។ តាថា “ដាក់ទូកត្រង់នឹងបាន​ហើយ” នាងឱរ៉ៃ (លោកនេន) ​ ថា “ពុំបានទេតា” ថាហើយ​ ក៏អូសទូកនោះ ទៅដាក់ចិញ្ចើមច្រាំង ចងក្រៀក​ដោយ​ច្រវ៉ាក់​ភ្ជាប់ នឹងបង្គោល ព្រោះនាងឱរ៉ៃ គិតថា នៅពេលប្រឡងឬទ្ធិគ្នានោះ រលកទឹកបោកខ្លាំងៗណាស់ ពោរដល់ចិញ្ចើមច្រាំង បើមិនចងឲ្យជាប់ទេ មុខជាអណ្តែតទូកនេះ ទៅបាត់ពុំខានឡើយ។

លុះប្រខាំគ្នាយូរទៅ ក្រពើនាងឱរ៉ៃ មានឬទ្ធិខ្លាំងជាង ក៏ខាំត្រូវពោះក្រពើសុពណ៌កាលី ធ្លាយពោះស្លាប់នៅទីនោះ ហើយក៏កើតជាភ្នំមួយហៅថា “ភ្នំសុពណ៌កាលី” តាមឈ្មោះក្រពើនោះ ដរាបមកដល់សព្វថ្ងៃនេះ។ ភ្នំនេះ ពូកែ ស័ក្តិ​សិទ្ធិណាស់ បើអ្នកណាទៅរៀនមន្តវិជ្ជា និង​បើកំពុងអង្គុយស្វាធ្យាយ នៅភ្នំនោះហើយ តែងតែមានពួក​បិសាច មកល្បងធ្វើជាដុំមាសប៉ុនដូងទុំ ឬស្រីក្រមុំមកពិតអែបស្មាសងខាង ជាដើម។

បើអ្នករៀនវិជ្ជានោះ ភ្លាប់ចំណាប់អារម្មណ៍ចង់បានរបស់នោះ មុខជាពួកនេះ វាយបំបាក់កកស្លាប់ពុំខានឡើយ ។

និយាយពីកាលមានជ័យជំនះហើយ ក្រពើនាងឱរ៉ៃនោះ ក៏ត្រឡប់មកលំនៅវិញ។ លុះនៅយូរបន្តិចទៅ ក្រពើ​នោះ កំពុងតែចម្លងលោកនេន ឆ្លងទឹកស្រាប់តែប្រះនឹងក្រពើបច្ចាមិត្ត ដទៃទៀតមកបៀតបៀន។ នាងឱរ៉ៃ គិតថា “ឥឡូវនេះ នឹងទុកលោកនេន នៅកន្លែងណា?” តែរកកន្លែងនឹងទុកគ្មាន នាងឱរ៉ៃ ក៏សម្រេចចិត្ត លេប​លោក​នេន​ចូលក្នុងពោះ ហើយប្រយុទ្ធនឹងក្រពើបច្ចាមិត្ត លុះក្រពើបច្ចាមិត្តចាញ់ក្រពើ នាងឱរ៉ៃហើយ ក្រពើបច្ចាមិត្តក៏ គេចខ្លួន​បាត់ទៅ។ លុះរួចកិច្ចប្រយុទ្ធហើយ នាងឱរ៉ៃ ក៏ខ្ជាក់លោកនេនចេញពីពោះមកវិញ ក៏ស្រាប់តែលោក នេន សុគតបាត់ទៅហើយ នាងឱរ៉ៃ កើតសេចក្តីសោកស្តាយក្រៃពន់ពេក។

ខណៈពេលនោះ ដែលពួកមហាជនកំពុងធ្វើបុណ្យសព​ និងជាកិច្ចរំលាយសព លោកនេននោះ ក្រពើនាងឱរ៉ៃ ក៏វារឡើងទៅដេកលើភ្នក់ភ្លើង ដែលកំពុងតែឆេះពេញដោយអំណាចអណ្តាតភ្លើង សន្ធោសន្ធៅ។ តេជោធាតុ ក៏ឆេះ ក្រពើនាងឱរ៉ៃនោះ ស្លាប់បាត់បង់ជីវិតទៅជាមួយនឹងលោកនេន នោះដែរ៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here