សម្ពោធដាក់ឲ្យប្រើប្រាស់ ស្រះទឹកសហគមន៍ នៅស្រុកបញាឮ ក្រោម​​ហិរញ្ញប្បទានជំនួយឥតសំណង របស់រដ្ឋាភិបាលចិន

0
197

ខេត្តកណ្ដាលៈ

ដោយ៖ ញ៉ែម សុវត្ថារ៉ូ

ស្រះសហគមន៍ ដែលមានរៀបថ្មតាមជើងទេរ ទី១៧ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លវការ រសៀល​ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងបរិវេណវត្តថ្មអណ្ដែត ភូមិចំបក់ភ្លោះ ឃុំភ្នំបាត ស្រុក ពញាឮ ខេត្តកណ្ដាល ក្រោមអធិបតីភាព លោក សួស គង់ រដ្ឋមន្រ្ដីស្ដីទីក្រសួងអភិវឌ្ឍន៍ជនបទ។

នៅខែឧសភា ឆ្នាំ២០១៧ ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនសាជីវកម្ម នុយក្លេ​អ៊ែរជាតិ របស់សាធារណរដ្ឋប្រជាមានិតចិន (CNNC) ​អនុវត្តគម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហានទី១ ក្រោម​​ហិរញ្ញប្បទានជំនួយឥតសំណងសម្រាប់ជីកអណ្ដូងទឹក ប្រភេទជ្រៅចំនួន ៨៤៦អណ្ដូង និងជីក​ស្រះ​សហគមន៍ចំនួន ៤៥ស្រះ និងស្រះសហគមន៍ ដែលមានរៀបថ្មតាមជើងទេរចំនួន ២៨ស្រះ​នៅក្នុងខេត្តគោលដៅទាំង៦ គឺ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ ត្បូងឃ្មុំ ស្វាយរៀង និងខេត្តកណ្ដាល ក្នុងនោះ ខេត្តកណ្ដាល ត្រូវជីកអណ្ដូងចំនួន ១៣០អណ្ដូង ជីកស្រះសហគមន៍ចំនួន ៨ស្រះ និងស្រះ សហគមន៍ ដែលមានរៀបថ្មតាមជើងទេរចំនួន ១ស្រះ។ សម្រាប់ការអនុវត្តគម្រោងផ្គត់ផ្គង់​ទឹក​ជន​​បទ ជំហានទី១ សម្រេចបានប្រមាណ ៩៩,៥ %ហើយ។

លោក យូ ហេ ប្រធានក្រុមទីប្រឹក្សាត្រួតពិនិត្យ គម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហានទី១ បានបញ្ជាក់ថា ស្រះទឹកដែលកំពុងប្រារព្ធពិធីសម្ពោធនាពេលនេះ មានបណ្ដោយ ៨០ម៉ែត្រ ទទឹង ៤០ម៉ែត្រ និងជំរៅ ៧ម៉ែត្រ ព្រមទាំងមានរៀបថ្មតាមជើងទេរ និងផ្នែកបាតស្រះផងដែរ។

លោក ហ្វាង ស៊ូជុន ប្រធានក្រុមហ៊ុនសាជីវកម្មនុយក្លេអ៊ែរជាតិ របស់សាធារណរដ្ឋប្រជាមានិតចិន (CNNC)បានបញ្ជាក់ថា ឆ្នាំ២០១៨ ជាខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងរដ្ឋាភិបាលចិន និង​រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយនឹងការទំនងនេះ ប្រទេសទាំងពីររក្សាបានការរីកចម្រើនប្រកបដោយ គុណភាព​និងមានកំរិត ខ្ពស់។ បន្ទាប់ពីបញ្ចប់គម្រោងជំហានទី១ រដ្ឋាភិបាលចិន តាមរយៈក្រសួងពាណិជ្ជកម្មប្រទេសចិន ទីភ្នាក់​​ងារ​សហប្រតិបត្តិការអភិវឌ្ឍន៍អន្ដរជាតិ និងការិយាល័យទីប្រឹក្សាសេដ្ឋកិច្ច ពាណិជ្ជកម្ម​​ អមស្ថាន ទូត​ចិន និងបន្តជួយដល់កម្ពុជា ដោយសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានក្រុមហ៊ុនសា​ជីវកម្ម​នុយ​ក្លេអ៊ែរជាតិ របស់សាធារណរដ្ឋប្រជាមានិតចិន (CNNC) ជាអ្នកអនុវត្តក្នុងគម្រោងផ្គត់ផ្គង់ ទឹកជនបទ ជំហានទី២ បន្តទៀត។​

លោក សួស គង់ រដ្ឋមន្រ្ដីស្ដីទីក្រសួងអភិវឌ្ឍន៍ជនបទ​ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាង​ប្រទេសទាំងពីរ ក្នុងនោះមានការយកចិត្តទុកដាក់ពីសំណាក់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះ រាជាណាចក្រកម្ពុជា នៃវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអភិវឌ្ឍន៍ជនបទ មានការរីកចម្រើន​។​ លោក​បានបន្តទៀតថា ​រដ្ឋាភិបាលចិន បានផ្ដល់ជំនួយយ៉ាងច្រើនដល់កម្ពុជា លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និង វិស័យអភិវឌ្ឍន៍ជនបទ។

លោក សួស គង់​បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល ក៏ដូចជាប្រជាជនចិន ដែលតែងតែជួយដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា បានទាន់ពេលវេលា ដោយពុំមានលក្ខខណ្ឌ​ស្មុកស្មាញ ដើម្បីរួមចំណែកស្ដារ និងអភិវឌ្ឍន៍ប្រទេស ជាពិសេស ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត នៅតំបន់​ជនបទ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here