ស្វែងយល់ៈ ពីប្រវត្តិផ្កា ដែលតំណាងឲ្យជាតិ របស់បណ្តាប្រទេសក្នុងតំបន់អាស៊ាន ទាំង១០

0
784

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

ផ្កាតំណាងជាតិ របស់បណ្តាប្រទេសក្នុងតំបន់អាស៊ានទាំង១០ ភាគីច្រើនសុទ្ធសឹងតែមាននៅក្នុងប្រទេស កម្ពុជា ទាំងអស់។
ផ្កាទាំងនោះ រួមមានដូចខាងក្រោម៖

១. ព្រះរាជាណាចក្រកម្ពុជា គឺតំណាងឲ្យ ផ្ការំដួល (ផ្ការំដួល)  (Mitrella Mesnyi) ជាផ្កាខ្លួនតួច​ពណ៌លឿងស្រាល មានសន្លឹកតែមួយជាន់ប៉ុណ្ណោះ។ ផ្កានេះមានក្លិនក្រអូប ជាពិសេសនៅពេលល្ងាច។ ដោយសារភាពទាក់ទាញនេះ ទើបចាស់បុរាណខ្មែរតែងប្រដូចផ្កានេះ ទៅនឹងស្រីក្រមុំ ព្រោះផ្ការំដួលមានក្លិន​ក្រអូប និងរូបរាងស្រស់ស្អាត។ ដើមរដំដួលមានកម្ពស់ពី៨ទៅ១២ម៉ែត្រ ហើយអាចរកមើលបាននៅតាមសួន​ច្បារ​​មួយចំនួន ក្នុងប្រទេសកម្ពុជា។

២. ប្រទេសវៀតណាម គឺតំណាងឲ្យ  ផ្កាឈូក (ផ្កាឈូក) (Lotus) ជាផ្កាប្រចាំជាតិរបស់ប្រទេស​វៀត​ណាម។ ផ្កាឈូក ជាផ្កានៃថ្ងៃថ្មី ដែលអាចឃើញបានស្ទើរតែនៅគ្រប់ស្រះ ​ឬស្ទឹងនៅក្នុងប្រទេ​សវៀត​ណាម។ សម្រាប់ប្រជាជនវៀតណាម ផ្កាឈូកតំណាងឲ្យភាពបរិសុទ្ធ ការប្តេជ្ញាចិត្ត និងទស្សនៈសុទិដ្ឋិនិយម សម្រាប់ពេលអនាគត។ ជាញឹកញាប់គេតែងតែឮបទចម្រៀង ឬកំណាព្យអំពីផ្កាឈូក ដែលតាក់តែងឡើង​ដោយមោទនៈភាពរបស់កវីអ្នកនិពន្ធវៀតណាម។

៣. ប្រទេសថៃ (ផ្ការាជព្រឹក្ស) ផ្ការាជព្រឹក្ស (Cassia Fistula Linn)មានពណ៌លឿង ដុះជាចង្កោម​ទម្លាក់​ពីលើមែរាជព្រឹក្ស ដ៏ខ្ពស់បង្កើតបានជាទស្សនីយភាព ដ៏ប្រណិត។ ដើមផ្កានេះ ត្រូវបានប្រជាជនថៃ និយម​ដាំលំអតាម​ដងផ្លូវ និងតាមសួនច្បារនានា។ ប្រជាពលរដ្ឋថៃចាត់ទុកពណ៌លឿងរបស់ផ្កានេះ ជាពណ៌របស់​ព្រះពុទ្ធ​​សាសនា ដែលជាសាសនារបស់រដ្ឋ។ ផ្កានេះ រីកជារៀងរាល់ឆ្នាំ ក្នុងអំឡុងខែកុម្ភៈ ដល់ខែឧសភា។

៤. ប្រទេសលាវ គឺតំណាងឲ្យ (ផ្កាចំប៉ី) ផ្កាចំប៉ី (Plumeria)​​នៅប្រទេសលាវ គេហៅផ្កានេះថា ផ្កាចំប៉ា ផ្កានេះ មិនត្រឹមតែជាផ្កាប្រចាំជាតិនោះទេ វាក៏ជារូបតំណាងរបស់ប្រទេសលាវផងដែរ។ ផ្កាចំប៉ា មាន ក្លិនក្រអូបនឹង ពណ៌ដូចជា ពណ៌ក្រហមពណ៌លឿង​ពណ៌ផ្កាឈូក និងពណ៌ផ្សេងទៀត។ សម្រាប់ប្រទេស លាវ ផ្កានេះ តំណាងឲ្យភាពស្មោះត្រង់ និងសេចក្តីរីករាយសម្បូរសប្បាយ នៅក្នុងជីវិតរបស់ពួកគេ។ ភាគច្រើនគេយកផ្កានេះ ទៅតុបតែងក្នុងពិធីផ្សេងៗ ឬក៏យកវាទៅបិទភ្ជាប់នឹងបន្លាស់អាវ ជូនដល់ភ្ញៀវក្នុង ពិធី។

៥. ប្រទេសប្រ៊ុយណេ (ផ្កាស៊ីម-ភ) ផ្កាស៊ីម-ភ (Dillenia Suffruticosa)​ ជាប្រភេទផ្កា​របស់​ឈើ​ម្យ៉ាង​​ដែលមានស្លឹកធំៗ។ ផ្កានេះ មានពណ៌លឿងឆ្អិនឆ្អៅ គេអាចឃើញរូបផ្កានេះ នៅលើក្រដាស់ប្រាក់ ១ដុល្លារ របស់ប្រ៊ុយណេ និងវត្ថុសិល្បៈផ្សេងៗ ដែលរចនាដោយវិចិត្រករប្រ៊ុយណេផងដែរ។

៦. ប្រទេសឥណ្ឌូនេស៊ី (ផ្កាអ័រគីដេព្រះចន្ទ) ផ្កាអ័គីដេ ព្រះចន្ទ ឬជាភាសាឥណ្ឌូនេស៊ីថា “Angrek bulan(Phalaeno-psis Amabilis)”​គឺជាផ្កាប្រចាំជាតិមួយ ក្នុងចំណោមផ្កាប្រចាំជាតិទាំង៣ របស់ឥណ្ឌូនេ​ស៊ី។ ផ្កាអ័រគីដេព្រះចន្ទគឺ ជាពូជផ្កាអ័រគីដេ​ ដែលរីកបានយូរបំផុត។ ជាធម្មតាផ្កានេះ រីក២ខែ ទៅ ៦ខែ ហើយ​ក្រោយមកក៏រោយទៅវិញ។ ដោយសារតែវាដាំដុះបានល្អ នៅក្នុងបរិយាកាស ដែលមានសំណើម ទើបគេ ឃើញផ្កានេះ នៅតំបន់ភាគខាងក្រោម របស់ឥណ្ឌូនេស៊ី ច្រើនជាងតំបន់ផ្សងទៀត​។

៧. ប្រទេសម៉ាឡេស៊ី (ផ្ការំយោល) ផ្ការំយោល (Hibiscus Rosa-Sinensis)​ ក្លាយជាផ្កាប្រចាំ​ប្រទេស​ជាតិ របស់ប្រទេសម៉ាឡេស៊ី នាឆ្នាំ១៩៦០ ស្រទាប់ទាំងប្រាំរបស់ផ្កានេះ ត្រូវបានគេប្រដូចទៅនឹង ទស្សនវិទ្យា របស់ប្រទេសម៉ាឡេស៊ី ដែលចង់ពង្រីកសាមគ្គីភាពជាតិរបស់ខ្លួន។​ ផ្ការំយោលនេះ ស្ទើនៅគ្រប់​ទីកន្លែងនៅទូទាំងប្រទេសម៉ាឡេស៊ី ។

៨. ប្រទេសភូមា (ផ្កាផាឌឹក) ផ្កាផាឌឹក (Pterocarpus Idicus)រីកបញ្ចេញក្លិនក្រអូបស្រាល ជាមួយនឹងពណ៌លឿងដូចមាស។ ជារៀងរាល់ឆ្នាំ បន្ទាប់ពីភ្លៀងកក់ខែ នាខែមេសា ផ្កានេះ នឹងរីកដើម្បីអបអរ​ពិធី​បុណ្យចូលឆ្នាំ របស់ប្រជាជនភូមាផងដែរ។ ផ្កានេះ តំណាងឲ្យកម្លាំងស្ថេរភាព យុវភាព និងសេចក្តីស្នេហា ក្រៅពីមានផ្កាដ៏ស្រស់ស្អាត ដើមផាឌឹក ក៏អាចយកទៅធ្វើជាគ្រឿងស្ហារឹមផ្សេងផងដែរ។

៩. ប្រទេសហ្វីលីពីន (ផ្កាម្លិះសាំប៉ាយហ្គីតា) ផ្កាម្លិះសាំប៉ាហ្គីតា (Arabian Jasmine)​ ទទួលស្គាល់​ជា​ផ្លូវ​ការ​ថា ជាផ្កាប្រចាំជាតិ របស់ប្រទេសហ្វីលីពីន នៅឆ្នាំ១៩៣៤។ ផ្កានេះ មានពណ៌ស និងមានរាងដូច​ជាផ្កាយ ផ្កានេះ រីកនៅពេលយប់ ចោលក្លិនក្រអូបរហូតធ្វើឲ្យប្រជាជនហ្វីលីពីន ជឿថា ផ្កានេះ ជានិមិត្តរូប ​នៃ ភាពបរិសុទ្ធ សាមញ្ញ ឥទ្ធិពល និងភាពជាមនុស្ស។ គេជឿថាផ្កាម្លិះសាំប៉ាហ្គីតា ត្រូវបាននាំមកពីតំបន់ភ្នំ​ហិម៉ា​ល័យ មកដល់ប្រទេសហ្វីលីពីន នៅអំឡុង សតវត្សទី ១៧នៃគ.ស។

១០. ប្រទេសសឹង្ហបុរី (ផ្កាអ័រគីដេ) ផ្កាអ័រគីដេ ដោយចំពោះទៅលើពូជមួយឈ្មោះ (Vanda Miss Joaquim)។ វាជាពូជបង្កាត់ ហើយក្រោយមកត្រូវបានគេដាក់ឈ្មោះតាមឈ្មោះអ្នកបង្កាត់វា។ ផ្កាអ័រគីដេ Vanda Miss Joaquim មានពណ៌ស្វាយដិត។ អ្វីដែលពិសេសនោះ គឺវាអាចរីកបានពេញមួយឆ្នាំឯណោះ។ ដោយសារតែលក្ខណៈពិសេស មិនធ្លាប់មាននេះ ទើបធ្វើឲ្យវាបានជាប់តំណាងជាផ្កាប្រចាំជាតិ របស់ប្រទេស​សឹង្ហបុរី នៅឆ្នាំ ១៩៨១៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here