ស្វែងយល់ៈ ពីរបៀបធ្វើគម្ពីរស្លឹករឹត តាំងពីបុរាណកាល

0
115

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

គម្ពីរស្លឹករឹត កើតមានឡើងតាំងពីបុរាណកាលមកម្ល៉េះ នៅប្រទេសកម្ពុជា គឺតាំងពីមានព្រះពុទ្ធសាសនា បាន​ផ្សព្វផ្សាយចូលមកដល់ប្រទេសកម្ពុជា ដំបូង គេឃើញមានគម្ពីស្លឹករឹត តាំងពីពេលនោះមក។

ក្នុងសម័យដើម ព្រះពុទ្ធវចនៈ ទាំងព្រះវិន័យ ព្រះអភិធម្ម ទាំងបាលី សម្រាយក្តី ក្បួនហោរាសាស្ត្រ តម្រា សម្រាប់ទស្សន៍ទាយក្តី និងច្បាប់ផ្សេងៗទៀត ដែលសម្រាប់គ្រប់គ្រងប្រទេស ដូចជាច្បាប់ ជ័យជេដ្ឋា ជា​ដើម​ក្តី នៅក្នុងប្រទេសកម្ពុជាសុទ្ធតែគេចារចុះក្នុងស្លឹករឹត ឬក្រាំង ទាំងអស់​ដោយគេនិយមថា ជាថាវរវត្ថុ​ជាប់​រឹងមាំតម្កាលទុកបានយូរអង្វែង។

ឯរបៀបដែលធ្វើស្លឹករឹត ឲ្យបានចាជាអក្សរ កើតមានដូចតទៅនេះ៖ មុន​ដំបូងស្វែងរកដើមស្លឹករឹត (ស្លឹករឹត ជារុក្ខជាតិព្រៃ) ដុះនៅលាយឡំជាមួយនឹងឬស្សី និងរុក្ខជាតិផ្សេងៗ ជារុក្ខជាតិមានតែដើម ធាង ស្លឹក ដុះ​ចេញ​​មកជាកំពូលប៉ុណ្ណោះ  គ្មានមែកទេ (សម្បូរជាងគេនៅខេត្តក្រចេះ)។ ការណាគេត្រូវការប្រើប្រាស់​ គេ កាប់​​យកតែកំពូលរបស់វា មកកាត់ជាបីកំណាត់។ កំណាត់ខាងគល់ គេយកទ្រនុងចេញ ហើយទ្រនុងរបស់វា យកទៅធ្វើជាខ្នួច ឬចំណងផ្សេងៗ ចំណែកស្លឹក គេយកទ្រនុងរបស់វា មកដេរភ្ជាប់ធ្វើជារនាំង សម្រាប់បាំង ឬប្រក់។ កំណាត់កណ្តាល ធ្វើជាស្លឹករឹត សម្រាប់ចារ ឬសរសេរអក្សរជាគម្ពីរ ឬក្បួនច្បាប់ផ្សេងៗ ពីព្រោះ​វាស្មើមិនរៀវ មិនងក្រាស់-ស្តើង។ កំណាត់ខាងចុង គេដេរភ្ជាប់ដោយទ្រនុងរបស់វា ធ្វើជាភ្ជល់ ចំពោះស្តឹករឹត ដែលគេយកមកចារជាអក្សរ ចារឹកជាគម្ពីរ ឬក្បួនច្បាប់ផ្សេងៗ មុនដំបូងគេត្រូវយកស្លឹករឹតទៅសក ឲ្យអស់ទ្រនុង ចៀវឲ្យស្មើ រួចយកទៅហាលថ្ងៃ ឲ្យស្ងួត ទើបយកទៅហាលសន្សើមពេលយប់ ដើម្បី​ឲ្យវាលា​ត្រង់​មកវិញ។ រួចគេធ្វើប្រដាប់សម្រាប់ចោះប្រហោង ២ លៃជា ៣ ភាគ ចម្ងាយពីគ្នា ២០សង់ទីម៉ែត្រ ចោះ​ប្រហោង ២ចម្ងាយ ពីគ្នា ដូចស្លឹករឹតដែរ យកឆ្អឹងឆ័ត្រ ១គូ សម្រួចឲ្យត្រង់ដោតនៅប្រហោងក្របខាងក្រោម រួចយកស្លឹករឹតដែលចោះប្រហោង ២ ហើយទៅចោះស៊កចំដែកស្រួចទាំង២។ លុះស៊កបានចំនួន ២០០ សន្លឹកហើយ ត្រុវយកក្របមួយទៀតទៅដាក់ពីលើស៊កអោយចំប្រហោងទាំងពីររួចបញ្ចូលទៅក្នុងផ្នោះ-ឃ្នាប។ ផ្នោះនោះ គេធ្វើឲ្យឈើមានខ្លឹមរឹង មានប្រហោងទាំងពីខាង ទំហំល្មមដាក់ស្លឹករឹតចូល បណ្តោយក៏ប្រវែងស្លឹក​រឹតដែរ។ លុះបញ្ចូលទាំងស្លឹករឹត ទាំងក្របហើយ គេរឹតដោយដែកអង្គំ ឬស្នៀតឲ្យណែនរឹងដូចឈើ រួចហើយ​ផ្តេក​ផ្នោះច្រឹកស្លឹករឹត ដែលទុកត្រឹមតែប្រវែង ៥៥សង់ទីម៉ែត្រ រួចយកដែកឈូសដ៏មុត ឈូសឲ្យស្មើបណ្តោះ​អាសន្ន ​​ទើបដោះចេញពីផ្នោះ យកខ្សែទ្រនុងរឹតមកចងបណ្តោះអាសន្ន យកទៅឆ្អើរភ្លើង ឆ្អើរល្មមហើយ​ទើបបកពង្រាយយកទៅវាយបន្ទាត់ ជា៥ ឬតាមដែលលៃលក។ របៀបវាយបន្ទាត់ មុននឹងចារ គេត្រូវ​វាយ​បន្ទាត់លើស្លឹករឹតជាមុនសិន ទើបចារទៅវាត្រង់។

ឯរបៀបវាយបន្ទាត់ ដូចខាងក្រោមនេះ

គេយកឈើបន្ទះទំហំទោល ២ សង់ទីម៉ែត្រ បន្ទារ ៣សង់ទីម៉ែត្រ ឈូសឲ្យស្អាតយកមកវាយជាផ្នោះ ​រាងបួន​ជ្រុងវែង បណ្តោយវែង ៧០ សង់ទីម៉ែត្រ ទទឹងប្រវែង២០សង់ទីម៉ែត្រ ឲ្យរឹងមាំរួចអារ-ក្រិត ៦គំណុសឃ្លាត​​ពី​គ្នា​១សង់ទីម៉ែត្រ។ នៅចុងសងខាងផ្នោះត្រូវចោះប្រហោងទាំង២ខាង ឲ្យធំខាងដើមមាន៦ ខាងចុងមានតែ១ យកឬស្សីបិតឲ្យមូលស្អាត ធ្វើរបួតស៊កចូលក្នុងប្រហោងនៅចុងសងខាងផ្នោះនោះ រួចយកខ្សែអំបោះ ​ដែល​គេវេញឲ្យរឹងមាំ ឆ្មារល្មមធ្វើបន្ទាត់បាន​ នៅចុងរបួតម្ខាង ដែលមានតែ១ រួចយកចុងខ្សែម្ខាងទៀត​ទៅចង​នឹង​របួតទាំង៦ ដែលនៅចុងផ្នោះម្ខាងទៀត។ គេយករបៀបនេះ ដើម្បីងាយរឹតខ្សែទាំង៦ ឲ្យតឹងស្មើគ្នា។

បើខ្សែណាមួយធូរ គេរឹតតែរបួតដែលចងខ្សែនោះ គេដាក់ខ្សែនីមួយៗ ឲ្យចំកម្រិតដែលអារអង្កន់ជាស្នាម រួចយកធ្យូងខ្មៅមកបុក ឲ្យម៉ដ្ឋលាយជាមួយទឹកឲ្យខាប់ យកស្រកីដូងដំឲ្យទក់ជ្រលក់ទៅនឹងទឹធ្យូង រួចលាប​ខ្សែ​បន្ទាត់​ទាំង៦ កូតទៅកូតមក ឲ្យសព្វ រួចយកស្លឹករឹតទៅដាក់តម្រៀបលើក្តាស្មើ រៀបឲ្យត្រឹមលើខ្សែបន្ទាត់​ទាំងផ្នោះ ដាក់ទទឹងស្លឹករឹក ខាងដើមខាងចុងលៃទុក ៤សង់ទីម៉ែត្រវាយបន្ទាត់ ១ទុកជាខ្នាតសិន រួចហើយ​ទើប​ចាប់វាយបណ្តោយស្លឹករឹតនោះ៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here