ក្រសួងអភិវឌ្ឍន៍ជនបទ ទទួលជួបភ្ញៀវមូលនិធិអន្ដរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)

0
230

ភ្នំពេញៈ

ដោយ៖ កញ្ញា ទេព សុវ៉ាត

នៅឆ្នាំ២០១៨ (IFAD) ​បានឯកភាពសម្រេចបង្កើតគម្រោងថ្មីមួយ ឈ្មោះថា (សម្បត្តិ)​ជាមួយក្រសួង​​អភិវឌ្ឍន៍ជនបទ ដើម្បីផ្សារភ្ជាប់រវាងប្រជាពលរដ្ឋ រស់នៅទីប្រជុំជន និងប្រជាពលរដ្ឋ រស់នៅតំបន់ជនបទ​ដាច់ស្រយាល។

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង លោក Nigel Brett​នាយកនិងប្រធាន​​ក្រុម​បេសកកម្មនៃមូលនិធិអន្ដរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ហៅកាត់ថា (IFAD) បានសម្រេចឯកភាព​បង្កើតគម្រោងថ្មីមួយ ឈ្មោះថា (សម្បត្តិ) ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ​ដោយផ្ដោតការយកចិត្តទុក​ដាក់​​​ទៅលើទីផ្សារកសិកម្ម និងផលិតផលជនបទ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋ​នៅ​តំបន់ដាច់ស្រយាល ឲ្យដូចប្រជាពលរដ្ឋរស់នៅទីប្រជុំជន នៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ត្រី បានលើកឡើងថា នៅចុងឆ្នាំ២០១៨ គម្រោងនឹងចាប់ផ្ដើមសិក្សា ហើយនឹងដាក់បញ្ជូន​ទៅក្រុម​ប្រឹក្សាភិបាល​​ នៃមូលនិធិអន្ដរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ពិនិត្យ និងសម្រេច។ គម្រោងនេះ​បានយក​ចិត្តទុកដាក់ទៅលើការស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ជាពិសេស គឺផ្លូវជនបទ ធ្វើអំពី​បេតុង ដើម្បីបង្កលក្ខណងាយស្រួល ​ដល់ការដឹកជញ្ជូនផលិតផល ​របស់ប្រជាពលរនៅជនបទ ពីតំបន់​ដាច់​ស្រយាល​ទៅទីផ្សារ និងទីប្រជុំជនបានទាន់ពេលវេលា។

លោក បានសម្ដែងនូវការស្វាគមន៍ និងបានជម្រាបជូនភ្ញៀវអំពីវិស័យសំខាន់ៗ​ ដែលក្រសួងអភិវឌ្ឍន៍​ជនបទ បាននឹងកំពុងអនុវត្តគឺ ការស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ក្នុងនោះមានការកែលម្អផ្លូវ​ជនបទ ពីផ្លូវក្រាលក្រួសក្រហម ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុង ដែលមាន​ភាព​ធនទៅនឹងការបម្រែបម្រួលអាកាសធាតុ ​។

ក្រសួងបានយកចិត្តទុកដាក់ទៅលើការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ធ្វើយ៉ាងណាសម្រេចឲ្យ​បាន​តាមគោលដៅអភិវឌ្ឍសហ្សវត្សរ៍ គឺនៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវ​មាន​សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យ​គ្រប់គ្រាន់​ប្រកបដោយ​និរន្ដរភាព ដែលទាំងនេះ ស្របពេលដែលក្រសួងសម្រេច អនុវត្តបានកម្មវិធី ការបញ្ឈប់ការ​បន្ទោ​បង់ពាសវាលពាសកាល បាននៅតាមបណ្ដាលស្រុកមួយចំនួនរួចហើយ។ ជាមួយនេះ​ ក្រសួង​បាន​យកចិត្តទុកដាក់ទៅលើការអភិវឌ្ឍន៍ធនធានមនុស្ស បណ្ដុះបណ្ដាលវិជ្ជាជីវៈ​ តាមរយៈការបង្កើត​មជ្ឈម​ណ្ឌលផ្សេងៗ។ ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្រេចឯកភាពគ្នាថា នឹងខិតខំបន្តកិច្ចសហប្រតិបត្តិ​ការ​នេះ តទៅទៀតក្នុងនាមជាដៃគូរ ដើម្បីឲ្យគម្រោងថ្មីនេះ ទទួលបានជោគជ័យ ស្របតាមគោលនយោបាយ​របស់រាជរដ្ឋាភិបាល៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here