កំណើតព្រះវិស្ណុ ឬព្រះនារាយណ៍ នៅក្នុងសាសនាព្រាហ្ម

0
646

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

ការគោរពបូជាព្រះវិស្ណុ ឬព្រះនរាយណ៍ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងវប្បធម៌ខ្មែរ តាំងពីដើមសតវត្សទី១ នៃគ.ស។ តើព្រះអាទិទេព ចម្បងនៃលទ្ធិត្រីម៌ូតិមា ប្រភពចេញពីណាមក? ចំពោះប្រវត្តិរបស់ព្រះអាទិទេព អង្គ​នេះ បានលោកស្រី ហ្គី តូ ធ្វើការពិពណ៌នាយ៉ាងក្បោះក្បាយ ក្នុងអត្ថបទមួយមានចំណងជើងថា “khmer sculpture and the Khmer Civilization” ដែលកន្លងមកប្រែ និងរៀបរៀងឡើងវិញដោយ លោក ធន់ ហ៊ីង។

ទិន្នន័យថ្មីនេះ ដែលបានមកពីការអានគម្ពី ឫគវេទ របស់ឥណ្ឌា បានឲ្យយើងដឹងថា ក្នុងវប្បធម៌ខ្មែរបុរាណ​ព្រះអាទិទេព អង្គនេះ មិនមែនជាព្រះអាទិទេពធំជាងគេបង្អស់នោះទេ ព្រោះថាទ្រង់គឺ  “ការសម្តែងចេញ​ឲ្យ​មាន​រូបរាង​នៃឋាមពលព្រះអាទិត្យ ពោលគឺ ព្រះអង្គមានកំណើតមកពីឋាមពលព្រះទិត្យ។ តាមការពណ៌នាពីព្រះអង្គ​ថា ទ្រង់ឈានតែបីជំហានវែងៗ កាត់តំបន់ទាំង៧ នៃលោកសន្និវាសនេះ ហើយព្រះអង្គទ្រង់ គ្របដណ្តប់ លើវត្ថុទាំងឡាយនឹងពន្លឺរបស់ព្រះអង្គ។ ជំហានទាំងបី ត្រូវគេវិភាគឲ្យឃើញ ជាពន្លឺបីយ៉ាង ដែលចែក​ចេញ​ជា​ភ្លើង ផ្លេកបន្ទោរ និងព្រះអាទិត្យ ឬមួយវិញទៀត គឺជាទីសម្គាល់បី នៃព្រះអាទិត្យក្នុងវេលាថ្ងៃរះ វេលាថ្ងៃកំពុង​ចែងចាំងពន្លឺ និងវេលាថ្ងៃលិច។ មានពេលខ្លះព្រះអង្គ ត្រូវចូលរួមគ្នាជាមួយនឹងព្រះឥន្ទ្រ។ គេតែងហៅ ព្រះអង្គ​ថា ជា“អ្នកគ្រប់គ្រងថែរក្សា ដែលមានភាពជោគជ័យរហូត” នេះគឺជាលក្ខណៈពិសេស ដែលបង្ហាញថា ព្រះអង្គ​មាន​មហាតេជានុភាពខាងថែរក្សា។ នៅក្នុងគម្ពីមនុ គេឃើញមានការនិយាយ ទៅដល់ព្រះវិស្ណុដែរ ក៏ប៉ុន្តែគេ​ដូចជាពុំឃើញមានការចាត់ទុកព្រះអង្គថា ជាព្រះអាទិទេព ដ៏កំពូលដូចនៅក្នុងគម្ពីរឫគវេទ នោះទេ ។

ប្រភពនៃអក្សរសាស្ត្រខ្លះ​ ថ្លែងថា “ព្រះវិស្ណុ គឺជាព្រះអាទិទេពថ្នាក់ទីពីរ ក្នុងចំណោមអាទិទេពធំៗ ទាំងបីព្រះអង្គ ជាតំណាងនៃសត្វគុណ កឺមេត្តាធម៌ និងសេចក្តីល្អ ឬអំពើល្អ ដែលបង្ហាញចេញមកជាអនុភាព នៃការថែរក្សា ការពារជាស្វយម្ភព (គឺការកើតមានឡើងដោយឯងៗ) និងជាវិញ្ញាណ ដែលតែងតែចូលជ្រួតជ្រាប សាយភាយ​គ្រប់ទីទាំងអស់ គឺក្នុងន័យនេះដែលអ្នកធ្វើសក្ការៈចំពោះព្រះអង្គ គេតែងភ្ជាប់ព្រះអង្គទៅនឹងសារធាតុនៃទឹក ដែល​​​សាយគ្រប់ទិសទីទាំងអស់ មុនពេលការកើតនៃលោកនេះឡើង។”

ពាក់ព័ន្ធនឹងន័យរបស់ពាក្យ នារាយណ៍ យើងដឹងទៀតថា នៅក្នុងលក្ខណៈនេះ គេហៅព្រះអង្គថា “ព្រះនា​រាយណ៍” បានន័យថា “ដែលត្រាច់ចរលើទឹក” ហើយត្រូវគេតំណាង តួព្រះអង្គដោយរូបរាងជាមនុស្សដែក លក់ នៅលើពស់មួយ ឈ្មោះ សេសៈ (ឬអាទិសេសះ) អណ្តែតនៅលើទឹក។ កាលណាលោកសន្និវាស ត្រូវរលាយ ព្រះអង្គនឹងសន្មតយករូបភាពបែបនេះដែរ។ ជនទាំងឡាយ ដែលគោរពព្រះវិស្ណុ តែងតែទទួលស្គាល់ថា ព្រះអង្គគឺបុគ្គល ដ៏ឧត្តុង្គឧត្តម ខ្ពង់ខ្ពស់បំផុត ព្រោះគេជឿថាអ្វីៗទាំងអស់សុទ្ធតែកើតមកពី ព្រះអង្គ។

មានប្រភពខ្លះនិយាយថា ព្រះអង្គជាព្រះប្រជាបតិ (អ្នកបង្កើត) និងជាព្រះអទិទេព ដ៏កំពូលតែមួយព្រះអង្គគត់ ។ ក្នុងន័យនេះ ព្រះអង្គត្រូវមានលក្ខខ័ណ្ឌបី គឺទី១ លក្ខខណ្ឌជាព្រះព្រហ្មា ឬអ្នកបង្កើតលោកដ៏សកម្ម ដែលត្រូវ​តំណាង​ ដោយការសន្មតថា ព្រះអង្គប្រសូតចេញមកពីផ្កាឈូក ដែលដុះលើផ្ទិតព្រះវិស្ណុ ក្នុងពេលដែលព្រះអង្គ​កំពុងសឹងលក់ ហើយអណ្តែតលើទឹក។ ទី២ ព្រះវិស្ណុផ្ទាល់របស់ព្រះអង្គ គឺជាអ្នករក្សាការពារក្នុងរូបរាងជាអវតារ ដូចជាព្រះក្រឹស្នា។ ទី៣ សិវៈដែលមានព្រះនាមមួយទៀតថា ព្រះរុទ្រៈ គឺជាអ្នកមានអានុភាពខាងបំផ្លាញ ដែលតាមប្រភពខ្លះថា ប្រសូតចេញមកពីព្រះនលាដ (ថ្ងាស) របស់ព្រះព្រហ្ម។ អំពីការរក្សារការពារ ​និងការផ្តល់​ឲ្យមានឡើងវិញ នូវអានុភាពរបស់ព្រះវិស្ណុនោះ មានករណីស្តែងចេញឲ្យឃើញនៅ លើលោកយើងនេះ នូវរូប​រាងនានា ដែលគេតែងហៅថាអវតារ។ នៅក្នុងអវតារ របស់អាទិទេពនោះ ត្រូវមានចំណែកណាមួយ ដែលប្រកបដោយខ្លឹមសារ ជាទិទេពចូលទៅជាតំណាងរូបមនុស្ស ឬជាអធិធម្មជាតិ ហើយមានអានុភាព​ ផុត វិស័យនៃមនុស្សធម្មតា៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here