សម្ពោធអគារសិក្សា ១ខ្នង មាន៣បន្ទប់ នៅស្រុករលាប្អៀរ​ ខេត្តកំពង់ឆ្នាំង គឺអស់ទឹកប្រាក់ ​ ៤២ ០០០ ដូល្លារអាមេរិក

0
110

ខេត្តកំពង់ឆ្នាំងៈ

ដោយ៖ ញ៉ែម សុវត្ថារ៉ូ

អគារសិក្សា ១ខ្នង មាន៣បន្ទប់ ស្ថិតនៅក្នុង សាលាបឋម​សិក្សា​ត្រពាំង​អញ្ចាញ ត្រូវបានសម្ពោធ​ដាក់ឲ្យ​សិស្សា​នុ​សិស្ស​ចូល​រៀន  កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨​ ក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុក​រលា​ប្អៀរ ខេត្តកំពង់ឆ្នាំង។ សាងសង់ដោយក្រុមហ៊ុន Fujiplan របស់ជប៉ុន គាំទ្រថវិកាដោយអង្គការ School Aid Japan ប្រមាណ ៤២ ០០០ ដូល្លារអាមេរិក។

អគារសិក្សាត្រូវបានសម្ពោធនេះ គឺ ឯកឧត្ដម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានជួយ ខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារសិក្សា ១ខ្នង មាន៣បន្ទប់នេះ។ និងព្រមទាំងបានបំពាក់គ្រឿងឥស្សរិយយស ជូនដល់ម្ចាស់ជំនួយ និងចែក​អំ​ណោយ​ដល់តាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបានអញ្ជើញ​កាត់ខ្សែ​បូរណ៌​ជានិមិត្ត​រូបបើក​ឲ្យសិស្សានុសិស្ស បានប្រើប្រាស់ និងចូលរៀនសូត្រជាផ្លូវការ។

តំណាងក្រុមហ៊ុន Fujiplan របស់ជប៉ុន និងតំណាងអង្គការ School Aid Japan បានបញ្ជាក់ថា អគារ​សិក្សា ១ខ្នង មាន៣បន្ទប់ សាងសង់ដោយក្រុមហ៊ុន Fujiplan របស់ជប៉ុន គាំទ្រថវិកាដោយអង្គការ School Aid Japan ប្រមាណ ៤២ ០០០ ដូល្លារអាមេរិក។ លោកបានបញ្ជាក់ថា អង្គការ School Aid Japan ជាអង្គការមិនមែនរដ្ឋាភិបាល ហើយកន្លងមកបានសង់អគារសិក្សាបាន ៣០អគារ ក្នុងនោះ​មាន ស្រុករលាប្អៀរចំនួន ៥អគារ បំពាក់ដោយតុសម្តាប់ឲ្យសិស្សអង្គុយរៀន ក្ដារខៀន តុសម្រាប់គ្រូជាដើម។ សម្រាប់​ឆ្នាំ​សិក្សា ២៩១៧-២០១៨ សាលាបឋមសិក្សាត្រពាំងអញ្ចាញ មានសិស្ស ១៧៨នាក់ ស្រី ១០៤ នាក់ ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៦។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជ​រដ្ឋាភិបាល ​ក្នុង​នោះស​ម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានកសាងអគារ សិក្សាជាច្រើនខ្នង នៅទូទាំងប្រទេស ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំ និងការបណ្ដុះបណ្ដាល ធន​ធានមនុស្ស។ លោក រដ្ឋមន្រ្ដី បានលើកឡើងអំពីគោល​ការណ៍​​សំខាន់ៗរបស់សម្ដេច នាយករដ្ឋមន្រ្ដី ចំនួន ៤ សំខាន់ៗ គឺ ទឹក ផ្លូវ ភ្លើង និងការអភិវឌ្ឍធនធានមនុស្សជាមូលដ្ឋាន រួមទាំងវិស័យនយោបាយ សេដ្ឋ​កិច្ច និង​វប្បធម៌​ផងដែរ។ អគារសិក្សា ១ខ្នងដែលជាជំនួយរបស់ School Aid Japan ជាការរួមចំណែក​លើក​កម្ពស់​វិស័យអប់រំ និងបានចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស នៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអង្គការ School Aid Japan និងក្រុមហ៊ុន​Fujiplan ដែលបានជួយសាងសង់អគារសិក្សា​នេះ​ឡើង​ ស្របពេលដែលសិស្សានុសិស្ស​នៅសាលាបឋម សិក្សាត្រពាំងអញ្ចាញ កំពុងមានការកើនឡើង និងខ្វះខាត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here