ទិវាជាតិនៃការចង់ចាំ ២០ ឧសភា របស់យុវជនជំនាន់ក្រោយ ឲ្យចង់ចាំជាប្រវត្តិសាស្ត្រ ឃោរឃៅព្រៃ​ផ្សៃ​​របស់បនប្រល័យពូជសាសន៍ «កម្ពុជាប្រជាធិបតេយ្យ»

0
114

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

ទិវាជាតិនៃការចង់ចាំថ្ងៃ ២០ ឧសភា បានរៀបចំឡើងដោយរដ្ឋបាល​រាជធានី នៅមជ្ឍមណ្ឌលប្រល័យ ពូជសាសន៍ជើងឯក ដោយមានការចូលរួមពីសំណា​ក់​ប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សនិស្សិត។

ការចំណាប់អារម្មណ៍របស់តំណាងយុវជន និងប្រជាជនរាជធានី បានលើកបង្ហាញថា ថ្ងៃទី ២០ ឧសភា គឺជាទិវាជាតិនៃការចង់ចាំជាប្រវត្តិសាស្ត្រ ដែលរំលឹកនូវសោកនាដកម្ម ដ៏ឈឺចាប់ខ្លោច​ផ្សារ​បំផុត មិនអាចបំផ្លេចបានឡើយ នូវសម្រែកដ៏សែនសោយសោកពើតផ្សារ នៃការធ្វើ​ទារុណកម្ម​យ៉ាង​ឃោរឃៅព្រៃផ្សៃរបស់បនប្រល័យពូជសាសន៍ «កម្ពុជាប្រជាធិបតេយ្យ» មកលើប្រជាជាតិខ្មែរ​ នៅ​លើ​ទឹកដីនៃមាតុភូមិកម្ពុជា។  យើងខ្ញុំទាំងអស់គ្នា ដែលក្នុងនោះមានមួយចំនួនជាអ្នកជំនា​ន់​ក្រោយ ​កើត​ពុំទាន់ព្រឹត្ត​ការណ៍ ដ៏កាចសាហាព្រៃផ្សៃនេះទេ ក៏ប៉ុន្តែបានសិក្សានូវប្រវត្តិសាស្ត្រជាតិ និ​ង​តាម​ការ​បរិយាយរបស់លោកតា លោកយាយ លោកឪពុក អ្នកម្តាយ លោកអ៊ុំ លោកពូ អ្នកមីង ដែល​ជា​ជនរងគ្រោះក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ។

ចាប់ពីថ្ងៃទី១៧ មេសា ១៩៧៥ របបកម្ពុជាប្រជាធិបតេយ្យ បានផ្តើម​ជន្លៀសប្រជាជនពីរាជធានី​ភ្នំ​ពេញ និងពីទីក្រុង ទីប្រជុំជនតូចធំនានា នៅទូទាំងប្រទេស និងចាប់បង្ខំ ឲ្យទៅរស់នៅតាមទីជនបទ ជនបទដាច់ស្រយោល និងលុបបំបាត់កម្មសិទ្ធិ បំបាត់ទីផ្សារ បំបាត់រូបិយវត្ថុជាតិ បំបាត់វត្ថអារ៉ាម បំបាត់​​វិហារអ៊ីស្លាម ចាប់ផ្សឹកព្រះសង្ឃ បិទទ្វារមន្ទីរពេទ្យ និងសាលារៀនគ្រប់កម្រិត បំបាត់ជំនឿ​របស់​ប្រជាជន ពិសេសជំនឿសាសនារបស់គ្រប់ជនជាតិទាំងអស់ និងបង្ខំឲ្យធ្វើអ្វីៗ ខុសពីទំនៀមទម្លាប់ ព្រម​​ទាំងបង្ខិតបង្ខំឲ្យធ្វើការជាទម្ងន់ មិនថាយប់ ឬថ្ងៃ ថែមទាំងមិនឲ្យហូបចុក​គ្រប់គ្រាន់។ ​ពេលឈឺ​គ្មាន​ថ្នាំពេទ្យព្យាបាល និងរស់នៅពោរពេញ ដោយការភ័យខ្លាច មានតែភាពតក់ ស្លុត ភ័យរន្ធត់ ព្រាត់​ប្រាស់សាច់ញាតិគ្រួសារ បងប្អូន ឪពុក ម្តាយ ជីដូន ជីតា ។

ប្រជាជនរងការគម្រាមកំហែង ការបាញ់ប្រហារ និងកាប់សម្លាប់តាមគ្រប់រូបភាព គ្រប់ពេលវេលា និងជា​រៀងរាល់ថ្ងៃ ធ្វើឲ្យសង្គមជាតិទាំងមូលមានភាពច្របូលច្រប ក្រឡាប់ចាក់ ប្រជាជនយើង​រស់នៅ​ដូចសត្វធាតុ ជាទាសករដាច់ថ្លៃ និងរស់ដោយអស់ក្តីសង្ឃឹមរង់ចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ។

ឈាម និងទឹកភ្នែក របស់ប្រជាជនយើង កើតមានឡើងនៅគ្រប់ទិសទីទូទាំងប្រទេស។ គំនរ ឆ្អឹង​ក្នុង​ស្តូប និងរណ្តៅសាកសពរួមនៅទីនេះ គឺជាភ័ស្តុតាងនៃការធ្វើទារុណកម្មគ្រប់បែបយ៉ាង របស់របប​កម្ពុជាប្រជាធិបតេយ្យ មកលើប្រជាជនស្លូតត្រង់។

សោកនាដកម្មនេះ បានធ្វើឲ្យយើងខ្ញុំ នឹងសង្វេគស្រណោះដល់ជនរួមជាតិ ស្លូតត្រង់ដែលបាត់បង់​ជីវិតយ៉ាងខ្លោចផ្សារទាំងគ្នានកំហុស ។ ក្រោមការដឹកនាំរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មាតុភូមិកម្ពុជា មានសន្តិភាព ស្ថេរភាពនយោបាយ មានប្រជាធិបតេយ្យ មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ។ នេះជាការឈានចូលសករាជថ្មីប្រកបដោយពន្លឺ និងក្តីសង្ឃឹម ដែលប្រជាជន បានក្លាយជាម្ចាស់លើ​ជោគ​វាសនា ប្រទេសជាតិរបស់ខ្លួនយ៉ាងពិតប្រាកដ ។

គណបក្សប្រជាជនកម្ពុជា បានស្តារ និងកសាងប្រទេសជាតិឡើងវិញ ពីចំណុចសូន្យ ដោយ​ជម្នះឆ្លងកាត់នូវឧបសគ្គធំតូចទាំងឡាយ ដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបន្សល់ទុក។ យើងបានកសាងប្រទេសពីបាតដៃទទេ ក្នុងស្ថានភាពដែលប្រទេសជាតិ ស្ថិតក្នុងកាលៈទេសៈ មាន សន្តិភាពផង និងសង្គ្រាមផង ដោយដៃម្ខាងខិតខំស្តារ និងកសាង និងដៃម្ខាងប្រឹងទប់ស្កាត់មិនឲ្យរបប ប្រល័យពូជសាសន៍វិលមកវិញផង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here