ល្ខោនបាសាក់ នៅតែជាទីចំណាប់អារម្មណ៍ របស់ទស្សនិកជន ដដែល

0
101

ខេត្តត្បូងឃ្មុំៈ

ដោយ៖ ស៊ីដាណារៀប

ប្រជាជនខ្មែរយើង នៅតែមានការចំណាប់អារម្មណ៍ទៅលើសិល្បៈ អាយៃ យីកេរ ត្លុកកំប្លែង និងមានផ្ទាំង ទស្សនីយភាពល្ខោនបាសាក់ ដែលទាក់ទាញបេះដូងអ្នកទស្សនា ​ពិសេសចាស់ៗ​ ក៏នៅតែនិយមទស្សនា​ល្ខោនបាសាក់នេះ រហូតមកដល់ពេលបច្ចុប្បន្ន។

លោក អុ័ន ប៉េងគាន់ ម្ចាស់គ្រប់គ្រងល្ខោនបាសាក់ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ក្រុមសម្តែងល្ខោនបាសាក់របស់លោក មានសមាជិក ៤០នាក់ ដែលកកើតឡើង​តាំងពីឆ្នាំ២០០៤ រហូតមកដល់ឆ្នាំ២០១៤។ រូបលោក  បន្តទៀតថា​ឱកាសចេញសម្តែងក្នុង១ឆ្នាំ បាន ៦០​​ ទៅ៨០លើក មិនទៀងទាត់មិនអាចកំណត់បាន។ ក្នុងនោះចេញសម្តែង១យប់ ១លើក ទៅតាមទី​ខេត្ត​​ឆ្ងាយក្នុងតម្លៃ ២០០០ដុល្លារអាមេរិក និងក្នុងទីរួម ខេត្តជិតៗ ថ្លៃ ១២០០ដុល្លារអាមេរិក អាស្រ័យ​ទៅ​​តាម​ទីតាំងជិត ឬទីឆ្ងាយ។

លោក អុ័ន ប៉េងគាន់ បានបញ្ជាក់ទៀតថា រឿងល្ខោនបុរាណ មានអ្នកនិយមគាំទ្រច្រើនជាងគេ ចំពោះ​រឿងសម័យមិនត្រូវគាំទ្រច្រើនទេ។ បានជានិយាយដូច្នេះ ពីព្រោះពេលដែលគេជួលទៅលេង នៅខេត្តតា​កែវ មានអ្នកមីងម្នាក់និយាយថា ខ្ញុំជួលតែរឿងល្ខោនបាសាក់បុរាណ ទើបខ្ញុំជួលមកឲ្យលេង បើលេងរឿង សម័យ ខ្ញុំមិនបាចជួលពីខេត្តត្បូងឃ្មុំនោះទេ គឺខ្ញុំជួលក្នុងខេត្តតាកែវក៏បានដែរ។ រហូតមកដល់បច្ចុប្បន្ន នេះ ក្នុងស្រទាប់យុវជននិយមចូលចិត្តទស្សនាល្ខោនបាសាក់ តែចំនួន២០% ប៉ុណ្ណោះ ដោយឡែក វ័យ​ចាស់ៗ ក៏នៅតែនិយមគាំទ្រទស្សនាល្ខោនបាសាក់របស់ខ្មែរយើង ដូចពីសង្គមមុនអញ្ចឹង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here