ឈ្នាងជញ្ជាត់ត្រី ជាឧបករណ៍បែបបុរាណ ប៉ុន្តែនាបច្ចុប្បន្ននេះ នៅតែមានអ្នកបន្តវេណ

0
273

ខេត្តតាកែវៈ

ដោយ៖ ហុង ចំណាប់

ឧបករណ៍នេសាទត្រី សម័យបុរាណ ដែលចាស់ៗតែងហៅថា ជាឈ្នាងជញ្ជាត់ត្រី តែនាពេលបច្ចុប្បន្ននេះ នៅតែមានអ្នកបន្តវេណ និងកំពុងពេញនិយមប្រើវា ដើម្បីធ្វើជាវត្ថុអនុស្សាវរីយ៍ ដាក់តាំងលម្អរគេហាក់ដ្ឋាន ហើយម្យ៉ាងទៀត ប្រជាកសិករយើងតែតែងប្រើប្រាស់វា ក្នុងការជញ្ជាត់យកត្រី។ ឧបករណ៍នេសាទនេះ កសិករក្នុងភូមិនរំលេចស្វាយ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ បានបង្កើតឡើងនៅសិប្បកម្មត្បាញឈ្នាងជញ្ជាត់ត្រីនេះ ជិត ៤០ឆ្នាំមកហើយ ។

អ្នកស្រី សុរិន រស់នៅក្នុងភូមិរំលេចស្វាយ បានឲ្យដឹង ឧបករណ៍នេសាទនេះ ត្បាញឡើងពីដើមឬស្សីស្រុក ដែលបានដាំជិតភូមិនោះ ក្នុងការផលិតឈ្នាងនេះ ត្រូវការវត្ថុធាតុដើមពីដើមឬស្សី និងកូនមែកឈើផ្សេងទៀត។ ដើម្បីឲ្យកើតចេញជាផលសម្រេច ឧបករណ៍ឈ្នាងជញ្ជាត់ត្រី ត្រូវប្រើពេលវេលាត្បាញ ក្នុងឈ្នាងមួយរយៈពេល ៣ថ្ងៃយ៉ាងតិច។ អ្នកស្រីសុរិន បានបន្តថា គ្រួសារគាត់ ទាំងប្តីប្រពន្ធគឺជាអ្នកត្បាញឈ្នាងនេះ ដោយផ្ទាល់តាមដែលចាស់ៗនិយមប្រើប្រាស់ក្នុងការនេសាទ ឈ្នាងនេះមានឈ្មោះច្រើន ហើយក៏មានសណ្ឋានរូបរាងខុសៗគ្នាដែរ ដូចជា ឈ្នាងត្រាំក្នុងទឹកជាប្រចាំ មានលក្ខណៈសណ្ឋានធំជាងឈ្នាងធម្មតា ឈ្នាងដងក៏ដូច្នោះដែរ ឈ្នាងក្បាលដំរី ដែលប្រជានេសាទយើងនិយមប្រើប្រាស់ជាប្រចាំ ក្នុងគ្រួសារ ហើយក្នុងភូមិរំលេចស្វាយនេះ ភាគច្រើនផលិតតែឈ្នាងក្បាលដំរីនេះឯង។

ឈ្នាងជញ្ជាត់ក្បាលដំរី ជាទម្លាប់របស់ប្រជានេសាទយើង ច្រើនទម្លាប់យកទៅជញ្ជាត់ត្រីតាមបឹង ឬអូរព្រែក ចាត់ទុកថាជាឧបករណ៍នេសាទមិនប៉ះពាល់ ដល់ការហាមឃាត់ក្នុងការធ្វើនេសាទនោះឡើយ។ ឈ្នាងជញ្ជាត់ត្រីនេះអាចជញ្ជាត់ត្រីបានដូចជា ក្តាម កំពឹស ឬកូនត្រីតូចៗប៉ុណ្ណោះ ក៏ព្រោះតែឈ្នាងនេះ មានលក្ខណៈខ្នាតតូច ហើយទទួលផលបានតិចតួច គ្រាន់តែបាន១សម្លរប៉ុណ្ណោះ។

ក្នុងភូមិរំលេចស្វាយ ឃុំឧត្តមសូរិយា ទាំងមូល ភាគច្រើន ជាអ្នកត្បាញឈ្នាងជញ្ជាត់ត្រីនេះ ដែលអាចយកទៅលក់ដុំ ឬរាយក្នុងតម្លៃឈ្នាងមួយថ្លៃ ១០០០០ រៀល ហើយលក់បានថ្លៃ តែក្នុងរដូវវស្សា ដែលជាតម្រូវការចាំបាច់ពេលមានទឹកហូរចូលបឹងព្រែក ឬក្នុងវាលស្រែជាដើម។
ហើយអ្នកភូមិរំលេចស្វាយ នៅតែរក្សាបានអត្តសញ្ញាណ ឧបករណ៍នេសាទបុរាណនេះ ដោយកសិករយើងនៅតែនិយមប្រើប្រាស់ជាប្រចាំឆ្នាំ ដោយឡែកគុណភាពឧបករណ៍ឈ្នាងជញ្ជាត់នេះ ក៏មានអាយុកាល ១ឆ្នាំដូចគ្នាដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here