(ច្បាប់ក្រមង៉ុយ) ដែលឆ្លុះបញ្ចាំងតថភាព ពីសង្គមខ្មែរគ្រប់ជំនាន់

0
257
 ដោយ៖ សេង ស៊ីដារ៉ូ

ពាក្យប្រដៅ និងទូន្មាន គឺជាកំណាព្យ ចម្រៀង របស់អ្នកព្រះភិរម្យ អ៊ូ ហៅ ង៉ុយ ដែលបន្សល់ទុករាប់សិបឆ្នាំមកហើយ បានឆ្លុះបញ្ចាំង ឲ្យឃើញធាតុពិតប្រាកដនិយម ត្រឹមត្រូវនៅក្នុងសង្គមខ្មែរ និងបង្ហាញពីខ្សែជីវិតយ៉ាងច្បាស់ពិតៗ ដោយផ្សារភ្ជាប់ជាមួយមនុស្សគ្រប់ជំនាន់។

តាមឯកសារពុទ្ធសាសនាបណ្ឌិត្យ បោះពុម្ពផ្សារក្នុងឆ្នាំ១៩៧២ បានបង្ហាញថា ច្បាប់ក្រមង៉ុយនេះ បានបោះពុម្ពពីលើក និងចែកចេញជា បីសៀវភៅ គឺសៀវភៅទី១ មានច្បាប់ល្បើកថ្មី និងកេរកាលថ្មី ទី២ សេចក្តីរំលឹកដាស់តឿន និងទី៣ ពាក្យកាព្យប្រដៅជនប្រុសស្រី។ នៅពេលបោះពុម្ពលើកទី៦ នេះ មជ្ឈដ្ឋានអ្នកសិក្សាជាច្រើននាក់ ដែលសុំឲ្យយើងផ្តុំគ្នាយកច្បាប់នេះ មកបោះពុម្ពរួមគ្នា ជាសៀវភៅមួយក្បាល ត្បិតទុកឲ្យនៅដោយឡែកៗ ជាកូនសៀវភៅតូចៗនោះ នាំឲ្យរប៉ាតរប៉ាយ ពិបាកថែទាំ។ គោលបំណងធំរបស់យើងខ្ញុំមួយទៀត គឺការចង់រក្សាស្នាដៃដ៏មានតម្លៃ នៃលោកតា កវីភិរម្យង៉ុយ ឬក្រមង៉ុយ ព្រោះពាក្យសម្តីរបស់លោក ក្នុងនេះទាំងអស់សុទ្ធតែមានន័យទូលំទូលាយ ហើយប្រកបដោយខ្លឹមសារល្អណាស់ មិនចេះហួសសម័យកាល់នោះផង តាំងពីគ្រាដែល លោក សរសេររហូត ដល់សព្វថ្ងៃ នៅតែមានន័យត្រូវ គួរនឹងយកគតិទូន្មានខ្លួនបាន។

ក្នុងការច្រៀងក្តី ទេសនាក្តី លោក តែងលើកយកបញ្ហា បច្ចុប្បន្នភាពក្នុងពេលនោះ មកធ្វើជាប្រធានបទ ដូចជាច្រៀងៈ អំពីការប្រកបមុខរបររកស៊ីធ្វើស្រែចំការ អំពីការជ្រើសរើសគូស្រករ អំពីភាពក្រីក្រតោកយ៉ាករបស់ប្រជាជន និងមូលហេតុរបស់វា អំពីអវិជ្ជា អនក្ខរភាព របស់ប្រជាជនខ្មែរ អំពីភាពស្ពឹកស្រពន់ មិនសកម្ម ស្វាហាប់ខាងធ្វើពលកម្មដាំដុះ អំពីការបែកបាក់សាមគ្គី ឈ្លោះទាស់ទែងតែគ្នាឯង ទាំង គ្រហស្ថ ទាំងអ្នកបួស អំពីការជិះជាន់សង្កត់សង្កិនរបស់បរទេស មកលើប្រជាជនខ្មែរ អំពីការបាត់បង់ឯករាជ្យ និងអត្តភាពខ្មែរ អំពីការរិចរឹលនៃវប្បធម៌ អក្សរសាស្ត្រខ្មែរ ។ល។

ប្រវត្តិ អ្នកព្រះភិរម្យភាសាអ៊ូ ឈ្មោះ ពេញ អ៊ុក អ៊ូ ហៅ ង៉ុយ កើតនៅ គ.ស ១៨៦៥ (ព.ស ២៤០៨) នៅភូមិ ព្រៃអណ្តូងស្វាយ ឃុំ កំបូល ស្រុក ភ្នំពេញ ខេត្ត កណ្តាល។ បិតាលោក នាម អ៊ុក ធ្វើមេឃុំ កំបូល មានគោរម្យងារ ជា«ចៅពញាធម្មរាជា»។ ចៅពញា អ៊ុក ជាប់ជាសាច់ញាតិ នឹងម្ចាស់អង្គប៉ុក។ មាតាលោកនាម អៀង ជាបុត្រីរបស់ចៅពញា ម៉ុក មេឃុំ ស្ពានថ្ម ស្រុកខេត្តជាមួយគ្នា។ មាតានិងបីតាលោក ត្រូវជាបងប្អូនជីទួតមួយនឹងគ្នា។ លោកជាកូនទី២ នៅក្នុងគ្រួសារ។ កិត្តិស័ព្ទល្បីល្បាញ ខាងសំនួនវោហាររបស់កវី អ៊ូ នេះ បានឮខ្ចរខ្ចាយទៅដល់ ព្រះមហាក្សត្រ។ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងស៊ីសុវត្ថិ បានត្រាស់ ហៅលោកឲ្យចូលគាល់ និងច្រៀងថ្វាយ។ ហ្លូងព្រះស៊ីសុវត្ថិ ពេញព្រះទ័យ នឹងថ្វីមាត់របស់លោកណាស់ ទើបអនុញ្ញាតឲ្យ លោកចូលបំរើក្នុងក្រុមភ្លេង ព្រះបរមរាជវាំង ហើយប្រទានងារជា «អ្នកព្រះភិរម្យភាសារអ៊ូ» ប៉ុន្តែដោយពេលនោះ មាននាយក្រុមវាំងម្នាក់ឈ្មោះ អ៊ូ ដែរនោះ ទើបហ្លួងព្រះស៊ីសុវត្ថិ ទ្រង់ត្រាស់ឲ្យ ហៅថា «ង៉ុយ» វិញដើម្បីកុំឲ្យច្រឡំគ្នា។ ដូច្នេះបានជា លោក មានឈ្មោះ មួយទៀតថា «ង៉ុយ» ឬ ក្រុមង៉ុយ រៀងដរាបមក ។

កិត្តិស័ព្ទរបស់ អ្នកព្រះភិរម្យភាសាអ៊ូ មិនគ្រាន់តែល្បីរន្ទឺនៅក្នុងប្រទេសនោះទេ ប៉ុន្តែបានសាយភាយទៅដល់ប្រទេសថៃ ថែមទៀត។ ដោយចង់រក្សាទុកស្នាដៃនេះ ឲ្យបានយូរអង្វែង សំរាប់មនុស្សជំនាន់ក្រោយ ពុទ្ធសាសនបណ្ឌិត បានចាត់ចែងបោះពុម្ពស្នាដៃ របស់លោក ជាបួនច្បាប់ ហើយក្រោយមកបានបោះពុំបញ្ចូលគ្នាជាមួយច្បាប់វិញ ។

លោក មានស្នាជាច្រើនដៃ ប៉ុន្តែគេមិនបានកត់ត្រា ព្រោះលោកតាង៉ុយ ជាកវីដែលបង្កើតស្នាដៃដោយច្រៀងផ្ទាល់មាត់។ ស្នាដៃរបស់លោក ដែលយើងរកឃើញ រហូតដល់សព្វថ្ងៃនេះ មានដូចជា ៥គឺ ១. ច្បាប់ល្បើកថ្មី «បទកាកគតិ» (ឆ្នាំ ១៩២២) ២- ច្បាប់កេរកាលថ្មី «បទព្រហ្មគីតិ» (ឆ្នាំ១៩២២) ៣-សេចក្តីរំលឹកដាស់តឿន «បទពាក្យ ៧» (ឆ្នាំ១៩៣១) ៤- ពាក្យកាព្យប្រដៅជនប្រុសស្រី «បទពាក្យ ៧» (មិនដឹងកាលបរិច្ឆេទ) អាចក្នុងឆ្នាំ១៩៣៥ ស្នាដៃទី៥ – បណ្តាំក្រមង៉ុយ «បទព្រហ្មគីតិ» (ក្នុងរវាងឆ្នាំ១៩៣៥)។ ក្រៅពីស្នាដៃខាងលើនេះ នៅមានស្នាដៃផ្សេងទៀត ដែលគេរកមិនឃើញឯកសារសរសេរ ដែលអ្នកស្រាវជ្រាវពីមុនៗ បានចាត់ទុកថា ជាស្នាដៃរបស់អ្នកនិពន្ធ ភិរម្យភាសាអ៊ូ ដែរ គឺចម្រៀងស្តីពីៈ

– ការប្រែប្រួលនៃស្រុកទេស – កត្តញ្ញូកតវេទី – ត្រៃលក្ខណ៍ – ចម្រៀងស្រី-ប្រុស….. អ្នកភិរម្យភាសាអ៊ូ មានភរិយាឈ្មោះ អ៊ិន។

លោក មានបុត្រចំនួន ៦នាក់ សុទ្ធតែប្រុស គឺៈ ១-ឈ្មោះ ដួង ២- ឈ្មោះ ចេង ៣-ឈ្មោះ ចា ៤- ឈ្មោះ ចិន ៥- ឈ្មោះ ចុង ៦-ឈ្មោះ ចេវ ក្នុងចំណោមកូនគាត់ ទាំង ៦នាក់ មានម្នាក់ដែលមានទេពកោសល្យខាងសំនួនវោហារ ប្រហាក់ប្រហែលគាត់នោះ គឺកូនទី ៥ ដែលគេនិយមហៅថាអាចារ្យ ចុង។ មានពត៌មានខ្លះទៀតថា គាត់នៅមានចៅម្នាក់ទៀត ដែលមានវោហារល្បី ខាងច្រៀងអាយ៉ៃដែរ ហើយមានរូបរាងស្គមស្តើង ដែលគេធ្លាប់ ឮឈ្មោះនាយស្លឹក។ នៅពេលច្រៀងអាយ៉ៃនាយស្លឹក តែងបង្ហាញខ្លួនគាត់ថា «ស្រុកខ្ញុំនៅឯលិចពោធិចិនតុង កូនអាចារ្យចុង ចៅអាចារ្យង៉ុយ»។ នាពេលបច្ចុប្បន្ន រដ្ឋាភិបាលបានកសាងរូបសំណាកដាក់ក្នុងបូជនីយដ្ឋានក្រមង៉ុយ ដែលមានទីតាំងមុខសណ្ឋាគារ កាំបូតយ៉ាណា រាជធានីភ្នំពេញ ដើម្បីរក្សានូវមរត៌កវប្បធម៌នេះ ឲ្យបានយូរអង្វែង ធ្វើការបោះពុម្ពសៀវភៅដែលជា ស្នាដៃរបស់លោក ឡើងវិញឲ្យបានច្រើន ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយសិក្សាស្រាវជ្រាវបន្តទៀត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here