ផ្ការំដួល គឺជារុក្ខជាតិ សម្រាប់សម្គាល់ អត្តញ្ញាណជាតិខ្មែរ

0
446

ដោយ៖ សេង ស៊ីដារ៉ូ

បើបាត់អត្តញ្ញាណជាតិ ដូចជាបាត់គ្រឹះដ៏រឹងម៉ាំ របស់ប្រទេសជាតិខ្មែរទាំងមូល ពីព្រោះគ្រឹះទាំងនេះ ជាអាយុជីវិត យ៉ាងសំខាន់ នៃប្រជាជាតិខ្មែរ។

ដើមផ្ការំដួល គឺជិតផុតពូជទៅហើយ មូលហេតុថា ប្រទេសកម្ពុជា សម័យបច្ចុប្បន្ន ព្រៃឈើ ត្រូវបានកាប់ បំផ្លាញស្ទើទូទាំងប្រទេស គឺដោយសារមនុស្សក្នុងសង្គមមួយចំនួន មិនបានគោរពច្បាប់ និងជនបរទេស ដែលឈ្លានពាន ចូលទឹកដីខ្មែរខុសច្បាប់ លួចកាប់បំផ្លាញ ព្រៃឈើរបស់ខ្មែរ ដើម្បីយកទៅលក់នៅក្រៅប្រទេស។

ដូច្នេះមនុស្សជំនាន់ក្រោយ និងមិនអាចស្គាល់ដើមផ្ការំដួលនេះ លុះត្រាតែមនុស្សជំនាន់ចាស់ៗ ត្រូវតែយក ចិត្តទុកដាក់ ធ្វើការអប់រំ និងពន្យល់ ដល់ក្មេងជំនាន់ក្រោយបានដឹង បានឮ ពីរុក្ខជាតិ និងសត្វ ទាំង៧យ៉ាង ដែលសម្គាស់ជាអត្តញ្ញាណជាតិនេះ ឬគួរតែរដ្ឋាភិបាល ដាក់បញ្ចូលរុក្ខជាតិ និងសត្វ ទាំងនេះ ក្នុងកម្មវិធីសិក្សា ចាប់ពីមត្តេយ្យ រហូតដល់ថា្នក់បរិញ្ញាប័ត្រ ជាដើម។
ផ្ការំដួល គឺជារុក្ខជាតិ ដែលមានមនុស្សក្នុង និងក្រៅប្រទេស តែងតែស្រឡាញ់ចូលចិត្ត យ៉ាងខ្លាំង ពីព្រោះផ្កានេះ មានក្លិនក្រអូប ស្រទន់ ប្រៀបបាននឹងសេចក្តីសេ្នហារវាងក្រមុំ និងកម្លោះ ចំណែកឯផ្លែរបស់វាវិញ មានរសជាតិផ្អែមឆ្ងាញ់ ដឹតជាប់ក្នុងអារម្មណ៍ ឬក្រអៅបេះដូង របស់មនុស្សគ្រប់រូប ដែលមានអត្ថន័យ ដូចជាការផ្តោះផ្តង សេចក្តីស្នេហា និងក៏ជាវត្ថុអនុស្សាវរីយិ៍ ដើម្បីការរំលឹកនៃស្នេហា របស់មនុស្សគ្រប់ពេលវេលា ដែលមិនអាចបំភ្លេចបានឡើយ ។


ការសម្រេចយក ផ្ការំដួល ជានិមិត្តរូប សម្រាប់ប្រជាជាតិនោះ គឺដោយសារផ្ការំដួលមានក្លិនពិដោរក្រអូប ឈ្ងុយឈ្ងប់ គួរជាទីទាក់ទាញអារម្មណ៍ របស់មហាជនទូទៅ និងផ្តល់នូវអត្ថប្រយោជន៍ យ៉ាងច្រើនផងដែរនៅក្នុងសង្គមខ្មែរ។

សម័យបុរាណ ខ្មែរយើងតែងតែធ្វើការប្រដូច ស្រ្តីក្រមុំ ទៅនឹងផ្ការំដួល គឺព្រោះថា ផ្ការំដួលមានរូបរាងស្រស់ស្អាត និងមានក្លិនពិដោរក្រអូបឈ្ងុយឈ្ងប់ គួរជាទីទាក់ទាញអារម្មណ៍ របស់មហាជនទូទៅ។ ក្រៅពីប្រដូចផ្ការំដួល ទៅនឹងនារីខ្មែរហើយនោះ ផ្ការំដួលក៏ត្រូវបានកវីនិពន្ធខ្មែរ មួយចំនួន បានធ្វើការអត្ថាធិប្បាយរៀបរាប់ពីសម្រស់ល្អគន់ និងគុណសម្បត្តិរបស់ផ្ការំដួល តាមរយៈអត្ថន័យនៃបទចម្រៀងយ៉ាងពិរោះ ផងដែរ។

នៅបុរាណកាល ខ្មែរយើងតែងតែនិយមប្រើប្រាស់ ផ្ការំដួល ធ្វើជាគ្រឿងផ្សំ ផលិតជាក្រមួនលាបមាត់ របស់នារី ដោយសារតែក្លិន របស់វា មានលក្ខណៈក្រអូបឈ្ងុយ ខុសប្លែកពីផ្កាដទៃ។ ទន្ទឹមនោះផ្ការំដួល មានគុណប្រយោជន៍ សម្រាប់ផលិតជាឱសថបុរាណ ក្នុងការកែរោគដូចជា សំបកអាចឆ្នៃធ្វើជាឱសថសម្រាប់ព្យាបាលអាការៈក្តៅខ្លួន ផ្កាអាចយកទៅធ្វើជាថ្នាំបំបាត់អាការៈវិលមុខ ខ្យល់គរ ជាឱសថជំនួយបេះដូង ជំនួយឈាម ( កេសរ របស់ផ្ការំដួល អាចផ្សំជាឱសថជំនួយកម្លាំង ជំនួយឈាម និងជួយបំបាត់អាការៈវិលមុខនិងខ្យល់គរជាដើម)។

ចំណែក ដើមផ្ការំដួលវិញ អាចធ្វើការកែច្នៃប្រើប្រាស់ ជាគ្រឿងសំណង់បន្ទាប់បន្សំ និងធ្វើជាអុសសម្រាប់ដុត មិនតែប៉ុណ្ណោះនៅរដូវផ្លែរំដួលទុំ ប្រជាជន ដែលរស់នៅក្បែរព្រៃ តែងតែបេះផ្លែរំដួលយកមកលក់នៅលើទីផ្សារ ដើម្បីដោះស្រាយជីវភាព រស់នៅប្រចាំថ្ងៃរបស់ខ្លួន ថែមទៀត។
បច្ចុប្បន្នដើមផ្ការំដួល គេអាចរកមើលបាននៅតាមសួនច្បារ មួយចំនួន ឬក្នុងព្រៃ នៃប្រទេសកម្ពុជា។ ក្រៅពីយកផ្ការំដួលនេះ តំណាង ឲ្យប្រទេសជាតិ ហើយនោះ ខាងមន្ទីរកសិកម្ម ក៏បានយកផ្កានេះ តំណាងឲ្យវិស័យកសិកម្មផងដែរ។ ដូច្នេះប្រជាជនខ្មែរគ្រប់រូប ពិសេស យុវវ័យខ្មែរទាំងអស់ ចូរចងចាំ និងធ្វើខ្លួនឲ្យមានតម្លៃដូចក្លិនក្រអូប និងស្រស់ស្អាតរបស់ផ្ការំដួល ដែលតំណាងឲ្យប្រទេស ក៏ដូចជាខ្លួនផ្ទាល់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here