ប្រវត្តិសាស្ត្រៈ ពិធីកាប់ក្របីថ្វាយអ្នកតា របស់បងប្អូនជនជាតិ ព្នង គ្រឹង ទំពូន ទាក់ទងទៅនឹងរបាំប្រជាប្រិយខ្មែរ (វាំវង់ រាំក្បាច់)

0
421

ភ្នំ្នពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

ពិធីកាប់ក្របីថ្វាយអ្នកតា របស់បងប្អូនជនជាតិ ព្នង គ្រឹង ទំពូន ដែលមានអាយុច្រើនពាន់ឆ្នាំមកហើយ ដែល​គេឃើញមានរូបចម្លាក់ នៅលើជញ្ជាំងប្រាសាទបាយ័ន ដែលកសាងឡើងក្នុង រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ (១១៨១-​១២១៨) ហើយដែលបងប្អូនយើងថែរក្សាឲ្យគង់វង្សរហូត មកដល់សព្វថ្ងៃនេះផងនោះ ក៏មាន​ទម្លាប់​​រាំជាវង់ ឬជារង្វង់មូលផងដែរ ។

លើសពីនេះទៅទៀត បងប្អូនជនជាតិ ព្រៅ ព្នង គ្រឹង ទំពូន នៅប្រកាន់ភ្ជាប់ទំនៀម “រាំវង់ភូមិថ្មី”​ ដែលភាសាជន​ជាតិនិយមថា “រាំវង់ស្រ៊ុក ហាន់ទើម” របាំរាំវង់ភូមិថ្មី គេមានទម្លាប់ធ្វើនៅក្នុងពេលប្តូរ ភូមិពីភូមចាស់​ទៅរស់នៅ​ភូមិថ្មី។ តាមធម្មតាក្នុងរយៈពេលពីបី ទៅប្រាំពីរឆ្នាំ នឹងប្តូរភូមិ ឬចាក់ចេញពីភូមិចាស់ មេកន្ទ្រាញ​និងចាស់ទុំក្នុង​ភូមិ តែងតែនាំគ្នាធ្វើពិធីផ្សងទៅតាមជំនឿ របស់ខ្លួនដើម្បីរកកន្លែងដីថ្មី ដែលមានលក្ខណៈភូមិសាស្ត្រល្អ មាន​ទឹក​គ្រប់គ្រាន់ ជាកន្លែងដែលមានអាហារ សន្តិសុខជូនញាតិមិត្ត ក្នុងស្រុកក្នុងភូមិបានល្អ។ ពេលផ្សងរើសរកដីថ្មី​បានហើយ ទើបគេនាំគ្នាធ្វើពិធីកំណត់ឆ្នាំសំរាប់រស់នៅ គឺឲ្យដឹងថា តើពួកគេអាចរស់នៅបានប៉ុន្មានឆ្នាំ នៅនឹង​ភូម​​ថ្មីនោះ? ពិធីកំណត់ឆ្នាំសំរាប់រស់នៅនេះ ប្រព្រឹត្តទៅដោយមេកន្ទ្រាញ និងចាស់ទុំភូមិ​ធ្វើពិធីផ្សងដោយយក​ប្រទាល​មកចិតទម្លាក់មកលើដីចំនួនប្រាំពីរចំណិត។ បើប្រទាលនោះក្រឡាប់ប៉ុន្មាន ចំណិននោះគេ ជឿថា គេអាចរស់នៅក្នុងភូមិថ្មីនោះ បានប៉ុណ្ណឹងឆ្នាំដែរ ពោលគឺតាមចំនួនចំណិត ប្រទាលដែលក្រឡាប់នោះ។

បើប្រទាលក្រឡាក់បី ឬប្រាំចំណិតនោះ គេអាចរស់នៅទីនោះបានបី ឬប្រាំឆ្នាំដែរ។ ហើយជំនឿនេះ​មានរហូត​តាំង​ពីបុព្វេ យូរលង់ណាស់មកហើយ រហូតដល់សព្វថ្ងៃនេះ។ ពេលធ្វើពិធីផ្សងរកដីថ្មីបានហើយ មេកន្ទ្រាញ​ក៏ប្រកាសឲ្យអ្នកស្រុកអ្នកភូមិរុះរើ ពីភូមិចាស់ ទឿនឲ្យរៀបចំផ្ទះសំបែងនៅភូមិថ្មី។ ពេលនាំគ្នាចូលទៅភូមិថ្មី​ជាដំ​បូងគេនាំគ្នាប្រារព្ធពិធី សំដែងរបាំរាំវង់ភូមិថ្មីនេះ មុនគេបង្អស់។ អ្នកស្រុកអ្នកភូមិមានស្រី មានប្រុសនាំ​​គ្នារាំជាគូ (តាមប្រពៃណីដូនតា តៗគ្នា រហូតដល់បច្ចុប្បន្ន) ដែលមានជំនឿថា នឹងនាំឲ្យគេគ្រប់ៗគ្នាបានសេចក្តីសុខចំរើន ។

ការរៀបរាប់ខាងលើនេះ បញ្ជាក់ថា របាំរាំវង់នៅប្រទេសកម្ពុជា មានតាំងពីយូរយាណាស់មកហើយ​ជារបាំ​ដែល​ជាប់​​នឹង​ពិធីប្រពៃណី… តែលុះចំណេរក្រោយមក ​ទើបក្លាយជារបាំប្រជាប្រិយ ដែលមានការនិយមចូលចិត្ត ពី​គ្រប់មជ្ឈដ្ឋាន ក្នុងសង្គមជាតិកម្ពុជាទាំងមូល ។

ហើយក្រោយមកទៀត ក្នុងពេលដែលប្រទេសជិតខាងមានសៀម និងឡាវ បានចាប់កំណើតឡើង របាំរាំវង់នេះ ក៏ដូចទម្រង់សិល្បៈឯទៀតដែរ បានហូរចុះហូរឡើង ឬក៏ជះឥទ្ធិពលឆ្លងគ្នាទៅវិញ ទៅមករវាង ខ្មែរ និងឡាវ ខ្មែរ និងសៀម ពិសេសគ្រប់តំបន់ជាយដែន និងតំបន់ដែលមានប្រជាជនខ្មែរលាវ ឬខ្មែរ សៀមរស់នៅលាយឡំគ្នា​ច្រើននោះ។

បើតាមឯកសារខ្លះៗ ដែលនៅសល់ និងតាមពត៌មាន ដែលយើងទទួលបានពីចាស់ទុំជាច្រើន បានបញ្ជាក់ថា នៅ​ប្រទេសកម្ពុជា របាំប្រជាប្រិយរាំវង់ រាំក្បាច់នេះ បានរីកចំរើនយ៉ាងខ្លាំងនៅសតវត្ស ទី២០នេះ។ ពិសេស​គឺតាំងពីពេលមានចលនា ខ្មែរឥស្សរៈ ដែលកើតមាននៅគ្រប់តំបន់ ក្នុងប្រទេស និងជីវពលនារីក្លាហានក្រោក ឡើង បណ្តេញអាណានិគមបារាំង ដើម្បីទាមទារឯករាជ្យជូនជាតិមាតុភូមិនោះមក ហើយដែលគេអាចឃើញ មានសល់នៅបទចំរៀងរាំវង់ មួយចំនួនដែលអាចជាតិកតាង ឬជាអនុស្សាវរីយ៍ នៃសម័យកាលនោះផង។ ហើយក៏ប្រហែលនៅក្នុងពេលនោះដែល ដែលឥទ្ធិពលនៃកពាក្យបរទេស ដូចជាពាក្យថា រាំ “ឡាំថូន” ឬ ឡក “ឡាំថូន” (ថូនគឺស្គរ) ត្រូវខ្មែរយកមកប្រើ ​ព្រោះពេលនោះកងទ័ពខ្មែរឥស្សរៈ​ដែលបោះទីតាំងក្នុងព្រៃជ្រៅៗ ក្នុង​តំបន់​ភ្នំដងរែក តំបន់ជ្រាវឱរ៉ាល់ ភ្នំក្រវាញ តំបន់ភាគឦសាននៃប្រទេស (ដែលអាចចងសម្ព័ន្ធជាមួយឥស្សរៈ​ឡាវ) ឬតំបន់មាត់សមុទ្រក្តី ច្រើននាំគ្នាលេងរាំវង់ ដោយប្រើស្គរដៃមួយប៉ុណ្ណោះ​។ និងចំរៀងដែលមានលក្ខណៈ​ងាយស្រួលក្នុងការកំសាន្ត ទៅតាមកាលៈទេសៈនៃការតស៊ូ និងការរស់នៅដោយយកព្រៃជ្រៅជាមូលដ្ឋាន បង្អែក ។

សូមបញ្ជាក់ថា ស្គរដៃនេះ ជាស្គរដៃវង់ភ្លេង អារក្ស ឬវង់ភ្លេងប្រពៃណី ភ្លេងការរបស់ជនជាតិខ្មែរ ដែលមាន​កំណើត​រាប់ពាន់ឆ្នាំមកហើយ ។

តាំងពីពេលស្រុកខ្មែរបានឯករាជ្យ ក្រោមព្រះរាជកិច្ចដឹកនាំ នៃព្រះករុណាព្រះបាទនរោត្តម សីហុវរ្ម័ន ៩ វិច្ឆិកា ឆ្នាំ១៩៥៣ មក ប្រទេសជាតិ និងប្រជារាស្ត្រ មានសេរីភាពគ្រប់គ្រាន់។ របាំប្រជាប្រិយរាំវង់ រាំក្បាច់ ក៏បានរីក​ចំរើន​យ៉ាងខ្លាំងក្លា ពោលគឺនៅកន្លែងខ្លះ គេរាំជាមួយស្គរដៃ​ ពេលខ្លះ​គេរាំជាមួយវង់ភ្លេងខ្មែរ ដែលមានឧបករណ៍​ស្គរ ទ្រ រនាត និងឧបករណ៍ច្រើនផ្សេងៗ ទៀតរហូតដល់ វង់តន្ត្រីសម័យយ៉ាងទំនើប ដែលយើងឃើញរហូត​ដល់សព្វថ្ងៃនេះផង៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here